Connect with us

អាជ្ញាធរជាតិ ដាក់ចេញផែនការ៩ចំណុច ដើម្បីប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសតំបន់ភូមិភាគឦសាន

ខេត្តស្ទឹងត្រែង ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញផែនការ៩ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសតំបន់ភូមិភាគឦសាន ។


ថ្លែងក្នុងពិធីបិទបញ្ចប់ការត្រួតពិនិត្យគ្រឿងញៀនទិសឦសាន និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅថ្ងៃទី៣០ ខែមករានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសង្គមមួយដ៏ស្មុគស្មាញ ដែលមិនអាចធ្វើការដោះស្រាយ ដោយពឹងផ្អែកតែលើសមត្ថកិច្ចណាមួយ ឬ អាជ្ញាធរនៅថ្នាក់ណាមួយបានឡើយ ។ ការដោះស្រាយបញ្ហាគ្រឿងញឿន ត្រូវតែមានការចូលរួមពីគ្រប់សមាសភាពសង្គម ដោយចាប់ផ្តើមពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារ សហគមន៍ និងអង្គភាព ដោយមានយន្តការច្បាស់លាស់នៅក្នុងមូលដ្ឋាន និង ធ្វើការងារជាពហុវិស័យ ។
ដើម្បីលើកកម្ពស់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងអាណត្តីទី៦ នៃរាជរដ្ឋាភិបាល កាន់តែមានប្រសិទ្ធភាព ប្រធានអាជ្ញាធរជាតិ បានដាក់ចេញនូវការណែនាំ ចំនួន៩ចំណុច ដែលរួមមាន៖

  1. ខេត្តនីមួយៗ ត្រូវរៀបចំឱ្យមានផែនការប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀន និងដាក់ឱ្យអនុវត្តជាប្រចាំពីថ្នាក់ខេត្ត ដល់ភូមិ-ឃុំ/ សង្កាត់ ។ ផែនការនេះ ត្រូវមានខ្លឹមសារ និងសកម្មភាពឆ្លើយតបជាពហុវិស័យ ស្របតាមយុទ្ធសាស្រ្តទាំង៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
  2. ខេត្តនីមួយៗ ត្រូវរៀបចំយន្តការ និងរចនាសម្ព័ន្ធប្រយុទ្ធប្រឆាំងគ្រឿងញៀន ច្បាស់លាស់ចាប់ពីថ្នាក់ខេត្ត ក្រុង/ស្រុក សង្កាត់/ឃុំ ( មូលដ្ឋាន ) ឱ្យស្របតាមខ្លឹមសារបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
  3. ខេត្តនីមួយៗ ត្រូវរៀបចំ និងពង្រឹងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ឱ្យមានលទ្ធភាព និងសមត្ថភាពអាចទទួលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនដោយផ្អែកលើសហគមន៍ ។ ខេត្ត ក៏ត្រូវរៀបចំយន្តការគាំទ្រ ចំពោះដំណើរការព្យាបាលនេះផងដែរ ។
  4. អង្គភាពអនុវត្តច្បាប់ ត្រូវធ្វើការពង្រឹងប្រសិទ្ធភាពស៊ើបអង្កេត ភាពស្មោះត្រង់វិជ្ជាជីវៈដល់មន្រ្តីអនុវត្តច្បាប់គ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ព្រោះកិច្ចការនេះ ជាកត្តាចំបងក្នុងកិច្ចប្រតិបត្តិការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀន។
  5. គ្មានកិច្ចសហការល្អរវាងកម្លាំងក្នុងសង្គម ឬកម្លាំងនៅមូលដ្ឋាន គឺគ្មានជោគជ័យ ឬ គ្រាន់តែជាជោគជ័យបណ្តោះអាន្ន ។ ហេតុនេះ ត្រូវពង្រីក និងកៀងគរឱ្យមានការចូលរួមនូវកម្លាំងសរុប មធ្យោបាយសរុប នៅក្នុងមូលដ្ឋាន ទាំងសង្គមស៊ីវិល ទាំងប្រជាពលរដ្ឋ ទាំងដៃគូ គឺចូលរួមជាធ្លុងមួយ រាល់ការអនុវត្តផែនការប្រតិបត្តិនៅថ្នាក់( ស្រុក/ក្រុង ឃុំ/សង្កាត់ និង ភូមិ) ។
  6. ខេត្តជាប់ព្រំដែនទាំងអស់ ត្រូវចាប់ផ្តើមជ្រើសរើសភូមិ ឃុំ/សង្កាត់ ជាប់ព្រំដែន រៀបចំធ្វើជាភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន ។ កិច្ចការនេះ ជាមួយព្រះរាជាណាចក្រថៃ គឺត្រូវបានប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ឯកភាពគ្នាជាគោលការណ៍រួចហើយ ។ ដោយឡែក ជាមួយឡាវ សម្តេចក្រឡាហោម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសន្តិសុខសារធារណៈឡាវ ក៏បានព្រមព្រៀងគ្នាផងដែរ ។ ជាមួយនេះ ត្រូវរៀបចំការងារថ្នាក់ខេត្ត ក្រុង/ស្រុក ដើម្បីជួយការងារ និងគាំទ្រដល់ភូមិ ឃុំ/សង្កាត់ គោលដៅនានា។
  7. អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយខេត្តក្នុងការពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិទាំងអស់ទាំង សម្រាប់ការអនុវត្តខ្លឹមសារបទបញ្ញាលេខ ០១ បប ចុះថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល និងការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន សម្រាប់គ្រប់ខេត្តជាប់ព្រំដែន ។
  8. ខេត្ត ក្រុង ស្រុក ត្រូវរៀបចំក្រុមការងារមួយ ជួយគាំទ្រដល់ដំណើរការអនុវត្តភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ។
  9. អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវជួយសម្របសម្រួល និងផ្តល់នូវសម្ភារ ផ្សព្វផ្សាយ អប់រំ ក្នុងជំហានដំបូងនៃការចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិ និងផែនការ ភូមិ-ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន ។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអោយដឹងថា ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ ជាខេត្តដែលពួកឧក្រិដ្ឋជនគ្រឿងញៀន បាននាំឆ្លងកាត់ញឹកញាប់ចូលមកកម្ពុជា នូវប្រភេទគ្រឿងញៀនមេតំហ្វេតាមីន(Ice-Wy) កេតាមីន ហេរ៉ូអ៊ីន និង កញ្ឆាក្រៀម ដោយកម្ពុជា បានបើកប្រតិបត្តិបង្រ្កាបបានជាច្រើនករណី ៕

    Loading...

    ពេញនិយម