Connect with us

អាជ្ញាធរខេត្តប៉ៃលិន ថា ការដំាដុះដំណាំកសិកម្ម បានកើនឡើង តែរងគ្រោះដោយសត្វល្អិតបំផ្លាញខ្លះ

ខេត្តប៉ៃលិន ៖ បើយោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តប៉ៃលិន បានអោយដឹងថា ក្នុងឆ្នាំ២០១៨ ផ្ទៃដីដាំដុះ ដំណាំកសិកម្ម ទូទាំងខេត្តប៉ៃលិន មានចំនួន ៨២ ៧៣២ហិកតា ដែលមានទិន្នផលជាមធ្យមជាង ៣តោន ក្នុង១ហិកតា ។ របាយការណ៍នេះ ត្រូវបានជម្រាបជូនប្រតិភូគណៈកម្មការជំនាញរដ្ឋសភា ដឹកនាំដោយលោក ជា វ៉ាន់ដេត ប្រធាន គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ដែលបានចុះសិក្សាស្វែងយល់ការងារ នៅក្នុងខេត្តប៉ៃលិន ។

លោក ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន បានអោយដឹងថា ប្រជាកសិករខេត្តប៉ៃលិន បានដាំដុះដំណាំកសិកម្មជាច្រើនមុខ រួមមានការធ្វើស្រូវរដូវប្រាំង រដូវវស្សា ដំណាំពោត ដំឡូងមី ដំណាំហូបផ្លែ មៀនតាង៉ែន ស្វាយ និងកៅស៊ូជាដើម។ ការដំាដុះនៅឆ្នាំ២០១៨ កន្លងមកនេះ បើធៀបឆ្នាំ២០១៧ មានការកើនឡើងចំនួន ៤,៥%។ ទោះយ៉ាងណាដំណាំកសិកម្មនៅក្នុងខេត្តប៉ៃលិន ក៏ជួបបញ្ហាប្រឈមមួយចំនួន ដែលមានដូចជាការបំផ្លាញដោយសត្វល្អិត និង ការប្រែប្រួលតម្លៃតាមមាត់ឈ្មួញជាដើម។


លោក ជា វ៉ាន់ដេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានានៅក្នុងខេត្តប៉ៃលិន ហើយក្នុងនាមជាប្រធានគណៈកម្មការ ដែលទទួលបន្ទុកវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទនោះ លោក នឹងពាំនាំផលលំបាកដែលមាននៅក្នុងខេត្តប៉ៃលិននេះ ទៅជម្រាបជូនសម្តេចប្រធានរដ្ឋសភា ដើម្បីស្នើសូមរាជរដ្ឋាភិបាលដោះស្រាយតាមលទ្ធភាពជាក់ស្តែង ។
ប្រតិភូរដ្ឋសភា ក៏បានចុះពិនិត្យមើលសត្តឃាតដ្ឋាន កសិដ្ឋានចិញ្ចឹមជ្រូក និងបានចុះពិនិត្យសិក្សាស្វែងយល់តំបន់បេតិកភណ្ឌ័វប្បធម៌ធម្មជាតិ ភ្នំយ៉ាត រួមទាំងបានចុះពិនិត្យផ្លូវលំ នៅភូមិកេះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ៕

    Loading...

    ពេញនិយម