Connect with us

ក្រុមខ្មាន់កាំភ្លើងដែលបាញ់រះ មកលើមន្ត្រីឧទ្យានុរក្ស គឺជាជនល្មើសចូលបាញ់សត្វព្រៃខុសច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ក្រុមខ្មាន់កាំភ្លើងដែលបើកការបាញ់ប្រហារ មកលើក្រុមមន្ត្រីឧទ្យានុរក្ស ចំនួន៦នាក់ នាថ្ងៃម្សិលមិញនេះ គឺ ជាជនល្មើស ដែលចូលបាញ់សត្វព្រៃដោយខុសច្បាប់ ។
ថ្លែងប្រាប់ MYTV Plus នៅថ្ងៃទី ៣០ ខែមករានេះ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងសមត្ថកិច្ច កសាងសំណុំរឿងទៅតុលាការ ដើម្បីបើកការស៊ើបអង្កេត ស្វែងរកមុខអ្នកប្រព្រឹត្តមកផ្តន្ទាទោសតាមច្បាប់ ព្រោះនេះ ជាបទល្មើសធ្ងន់ធ្ងរ ប្រព្រឹត្តមកលើមន្ត្រីបម្រើការងារក្នុងការ ការពារ និងអភិរក្សធនធានធម្មជាតិ ។
គួររំលឹកថា ក្រុមមន្ត្រីឧទ្យានុរក្ស ចំនួន៦នាក់ ត្រូវបានខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ ខណៈដែលកំពុងល្បាតព្រៃ ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
បើតាមលោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ករណីនេះ បានកើតឡើង គ្រាដែលក្រុមមន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងនគរបាល យោធា និងមន្ត្រីការពារសត្វព្រៃ សរុបមានគ្នា ៦នាក់ បានចេញល្បាត តាំងពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងដែនជម្រកសត្វព្រៃស្រែពក លុះដល់ចំណុចអូររ៉ូវេ ក៏ប្រទះឃើញជំរុំមួយកន្លែង ប៉ុន្តែមិនឃើញមានមនុស្សស្នាក់នៅទេ ។ ដោយមានការសង្ស័យ ក្រុមមន្ត្រីជំនាញ បានពង្រាយគ្នាចាំឃ្លាំមើលត្រង់ទីតាំងនោះ រហូតដល់វេលាទៀបភ្លឺ ថ្ងៃទី២៩ ស្រាប់តែឃើញម៉ូតូ១គ្រឿង ជិះសំដៅមកជំរុំមួយនេះ និងដឹកប៉ាវមួយ ដែលសង្ស័យមានលាក់ទុកសត្វព្រៃ ។
ក្នុងនោះ ក្រុមមន្ត្រី បានចេញមកឃាត់ម៉ូតូ ប៉ុន្តែមិនទាន់បានឃាត់ផង ក៏មានស្នូកាំភ្លើងបាញ់ស្រោចពីលើមាត់ច្រាំងអូររ៉ូវេ សន្ធប់មកក្រុមមន្ត្រីឧទ្យានុរក្ស និងមានការបាញ់តបតគ្នាមួយប្រ៉ាវបានបណ្ដាលឲ្យឧទ្យានុរក្សម្នាក់រងរបួសចំភ្លៅ ធ្លាយមកគូទ ។
ជនរងគ្រោះឈ្មោះ ចេង ចាន់ធី ជាមន្ត្រីឧទ្យានុក្សប្រចាំដែនជម្រកសត្វព្រៃស្រែពក ហើយមកទល់ពេលនេះ មន្ត្រីដែលរងរបួស បានរួចផុតជីវិតហើយ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម