Connect with us

រយៈពេល៥ឆ្នាំចុងក្រោយ ពន្ធដារ សម្រេចបាននូវកំណើនចំណូលពន្ធ ក្នុងរង្វង់២០% ក្នុង១ឆ្នាំ

ភ្នំពេញ ៖ ពេញមួយឆ្នាំ២០១៨កន្លងទៅ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលពន្ធ-អាករ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) បានចំនួន ៨,៧៩១.៤០ ប៊ីលានរៀល (ប្រមាណ ២,១៩៧.៨៥ លានដុល្លារអាមេរិក) ស្មើ ១១៤.២៧% បើប្រៀបធៀបរយៈពេលដូចគ្នា នៃឆ្នាំ២០១៧ បានកើន១៣.៣៧% ។


ថ្លែងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី ២៩ ខែមករា លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ជារួមសរុប ក្នុងរយៈពេល៥ចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ សម្រេចបាននូវកំណើនចំណូលពន្ធ ក្នុងរង្វង់ប្រមាណ ២០% ក្នុងមួយឆ្នាំ ក្នុងនោះឆ្នាំ២០១៤ បានចំនួន៤២៦៧ ប៊ីលានរៀល (១,០៦៧លានដុល្លារ), ឆ្នាំ២០១៥ បាន៥,២១០ ប៊ីលានរៀល (១,៣០២លានដុល្លារ), ឆ្នាំ២០១៦ បាន៦,០១០.៤៨ប៊ីលានរៀល (១,៥០២.៦២លានដុល្លារ), ឆ្នាំ២០១៧ បាន៧,៩០៦.៥២ប៊ីលានរៀល (១,៩៧៦.៦៤លានដុល្លារ) និងឆ្នាំ២០១៨ បាន៨,៧៩១.៤០ប៊ីលានរៀល (២,១៩៧.៨៥លានដុល្លារ) ។
សម្រាប់ឆ្នាំ២០១៩នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធ និងឈានទៅសម្រេច ឲ្យបានលើសផែនការ ឲ្យបានជាអតិបរិមានោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រអគ្គនាយកដ្ឋានពន្ធដារ បន្តបេសកកម្មរបស់ខ្លួន និងផ្តល់អនុសាសន៍ណែនាំ លើវិធានការ និងទិសដៅ ត្រូវអនុវត្តបន្ត រួមមាន៖

  1. បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដោយសិក្សារៀបចំ ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដើម្បីបង្កើតឲ្យមានមជ្ឈមណ្ឌលរក្សាទិន្នន័យរួម (Big Data) របស់អគ្គនាយកដ្ឋានពន្ធដារ។
  2. រៀបចំធ្វើបច្ចុប្បន្នភាព និងសិក្សារៀបចំបន្ថែមនូវបទប្បញ្ញត្តិស្ដីពន្ធដារ សម្រាប់គំាទ្រដល់ការគ្រប់គ្រងប្រមូលចំណូលពន្ធ។
  3. សហការជាមួយអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣។
  4. ពង្រឹងការអនុវត្តយន្តការនៃការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករ លើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ។
  5. បន្តខិតខំកែលម្អការគ្រប់គ្រងប្រមូលបំណុលពន្ធ។
  6. ពង្រឹងការយកចិត្តទុកដាក់រៀបចំនីតិវិធីក្នុងការធ្វើសវនកម្ម។
  7. បន្តកែទម្រង់ធនធានមនុស្ស តាមរយៈការពង្រឹងការគ្រប់គ្រងវាយតម្លៃក្នុងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស។
  8. បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យទាំងអស់នៅរាជធានីភ្នំពេញ និងនៅតាមតំបន់ដែលជាកម្មវត្ថុនៃពន្ធលើអចលនទ្រព្យ។
  9. បន្តលើកកម្ពស់និងបញ្ជ្រាបវប្បធម៌ពន្ធដារនិងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ។

គួរបញ្ជាក់ផងដែរថា បន្តពីយុទ្ធសាស្ត្រកៀរគរចំណូល ២០១៤-២០១៨ អគ្គនាយកដ្ឋានពន្ធដារ កំពុងរៀបចំនូវយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ដែលមានគោលបំណងជាយុទ្ធសាស្រ្ត ០៣ រួមមាន៖ គោលបំណងទី១. បង្កើនអនុលោមភាពតាមច្បាប់ដោយស្ម័គ្រចិត្ត និងកាត់បន្ថយជាអតិបរមានូវបន្ទុកអ្នកជាប់ពន្ធ ដោយផ្តល់សេវាប្រកបដោយគុណភាព, គោលបំណងទី២. ធានាថាអ្នកជាប់ពន្ធបានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ ប្រកបដោយភាពម៉ឺងម៉ាត់ និងស្មើភាព, និង គោលបំណងទី៣. អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយពង្រឹងស្ថាប័ន៕

    Loading...

    ពេញនិយម