Connect with us

គ.ជ.ប អំពាវនាវគ្រប់គណបក្សនយោបាយទាំងអស់ ត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយទាំងអស់ ត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីប្រកាសផ្សាយការចាប់ផ្តើមដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា” អាណត្តិទី៣ ក្រោមវត្តមានលោក នុត សុខុម អនុប្រធាន គ.ជ.ប នៅថ្ងៃទី៣០ ខែមករា ។
លោក នុត សុខុម បានមានប្រសាសន៍ថា ដើម្បីធានាឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទទួលបានជោគជ័យ គ.ជ.ប គណបក្សនយោបាយ អាជ្ញាធរពាក់ព័ន្ធ និង គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទី និង ភារកិច្ចរៀងខ្លួនគ្រប់ដំណាក់កាលនៃការបោះឆ្នោត ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យ គ.ជ.ប បានបង្ហាញពីដំណាក់កាលសំខាន់ៗ នៃការបោះឆ្នោត រួមមាន ៖

  1. ដំណាក់កាលចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោត ៖ យោងតាមប្រតិទិនរបស់ គ.ជ.ប គឺចាប់ផ្តើមពីថ្ងៃទី០៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែង ដែលមានសមាជិកសរុបចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស ។ ការចុះឈ្មោះត្រូវអនុវត្តតាមរបៀបស្រង់ ឈ្មោះនៅតាមឃុំ សង្កាត់ និងបញ្ជូនតាមឋានានុក្រមមក គ.ជ.ប ។
  2. ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ៖ គឺមានរយៈពេលតែ ៥ ថ្ងៃ ប៉ុណ្ណោះ ចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ។ គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ ។
  3. ដំណាក់កាលឃោសនាបោះឆ្នោត ៖ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ មានរយៈពេល ៨ថ្ងៃ គឺត្រូវបានកាត់បន្ថយ ដែលកាលពីអាណត្តិទី១ និងអាណត្តិទី២ ការឃោសនាបោះឆ្នោតមានរយៈពេល ១៥ថ្ងៃ ។
  4. ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត រួមនឹងការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត ។

សូមរំលឹកថា តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមលេខ ៧៧ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ៕

    Loading...

    ពេញនិយម