Connect with us

មើលទៅសាមញ្ញ តែឈុតតំណាងជាតិរបស់បវរកញ្ញា ហង្ស សុរិយាន់ បង្កប់នូវអត្ថន័យមិនធម្មតា

នៅថ្ងៃស្អែកវេលាម៉ោង៩ព្រឹក កញ្ញា ហង្ស សុរិយាន់ នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនដើម្បីតំណាងអោយប្រទេសកម្ពុជាក្នុងកម្មវិធី Miss Global។ ពេលនេះ MYTV Plus នឹងបង្ហាញជូនប្រិយមិត្តនូវឈុតតំណាងជាតិដែលសុរិយាន់ នឹងនាំយកទៅបង្ហាញនៅលើឆាកអន្តរជាតិ។

ឈុតតំណាងជាតិមួយនេះមានឈ្មោះថាឈុត «នាងនាគ» ដែលគេនិយមប្រើក្នុងពិធីមង្គលការខ្មែរ។ មូលហេតុដែលអ្នកដឹកនាំកម្មវិធី និងកញ្ញាសុរិយាន់សម្រេចចិត្តជ្រើសរើសយកឈុតមួយនេះ គឺដោយសារតែឈុតនេះមានទំនាក់ទំនងជាមួយនឹងប្រវត្តិសាស្ត្រ ព្រមទាំងទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីបុរាណកាលមក។

នាងនាគ គឺជាបុត្រីស្ដេចភុជង្គនាគដែលបានរៀបអភិសេកជាមួយព្រះថោងនៅលើកោះគោកធ្លក ហើយបន្ទាប់ពីរៀបអភិសេករួចព្រះថោងក៏បានតោងស្បៃនាងនាគត្រលប់ទៅក្នុងសមុទ្រ ដែលវាបានក្លាយជាទំនៀមទម្លាប់ដ៏មានសារៈសំខាន់ក្នុងពិធីមង្គលការរបស់ខ្មែរដែលយើងតែងតែហៅថាព្រះថោងតោងស្បៃនាងនាគ។ លើសពីនេះទៅទៀតថ្ងៃមង្គលការ គឺជាថ្ងៃដ៏ធំបំផុតក្នុងជីវិតរបស់មនុស្សស្រីម្នាក់ៗ ដែលកញ្ញា សុរិយាន់ ចង់បង្ហាញទៅកាន់ពិភពលោកអោយបានឃើញទាំងរចនាបថសំលៀកបំពាក់បុរាណខ្មែរ ជាមួយប្រពៃណីដ៏ផូរផង់របស់ខ្មែរទៀតផង។

យោងតាមអ្នកគ្រប់គ្រងសម្អាងការឈ្មោះ «ហង្ស» បានប្រាប់មកកាន់ MYTV Plus ថាឈុតនេះមានលក្ខណៈពិសេសខុសពីឈុតធម្មតា ដោយសារតែឈុតមួយនេះធ្វើឡើងដោយប្រើដៃសុទ្ធសាធ ដោយបានសម្រិតសម្រាំងយកក្រណាត់ដែលមានលក្ខណៈខ្មែរពិតៗ ទាំងពណ៌ និងគ្រឿងតុបតែងលម្អសុទ្ធសឹងតែប្លែក លាយលំជាមួយម៉ូតសក់អប្សរា ដែលធ្វើអោយកញ្ញា សុរិយាន់ ស្រស់ស្អាតបែបនារីខ្មែរ។ គួរបញ្ជាក់ផងដែរថា កញ្ញា ហង្ស សុរិយាន់ ក៏នឹងពាំនាំឈុតផ្សេងៗមួយចំនួនទៀតដើម្បីត្រៀមនឹងបង្ហាញលើឆាកអន្តរជាតិផងដែរ៕


ដោយ៖ ណារ៉ូត

Loading...

ពេញនិយម