Connect with us

នគរបាល និងរថយន្តពន្លត់អគ្គិភ័យ នឹងត្រូវដាក់ពង្រាយនៅទីតាំងចំនួន៨ អំឡុងពេលបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ បានត្រៀមដាក់កម្លាំង និងរថយន្តពន្លត់អគ្គិភ័យ សម្រាប់ចេញអន្តរាគមន៍ អំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន ដែលនឹងចូលមកដល់ក្នុងរយៈពេល ៤ថ្ងៃទៀត។


លោក ព្រំ យ៉ន ប្រធានអង្គភាពនគរបាលបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានឲ្យដឹងថា លោក បានត្រៀមកម្លាំងជាច្រើននាក់ ដោយបានដាក់ពង្រាយនៅតាមគោលដៅចំនួន៨ ក្នុងរាជធានីភ្នំពេញ ដោយក្នុង១គោលដៅ មានរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដើម្បីត្រៀមចាំអន្តរាគមន៍ ប្រសិនបើមានគ្រោះអគ្គិភ័យ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្នុងអំឡុងពេលចូលឆ្នាំចិន។លោក បញ្ជាក់ថា នៅក្នុងអំឡុងខែមករា ឆ្នាំ២០១៩នេះ គ្រោះអគ្គិភ័យបានកើតឡើងនៅក្នុងរាជធានីភ្នំពេញទាំងតូចទាំងធំ មានចំនួន១០ករណី ហើយខណៈកាលពីឆ្នាំ២០១៨កន្លងទៅ គ្រោះអគ្គិភ័យបានកើតឡើង នៅក្នុងរាជធានីភ្នំពេញសរុបចំនួន៩៦ករណី។


កាលពីថ្ងៃម្សិលមិញ សាលារាជធានីភ្នំពេញ ក៏បានចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកពលរដ្ឋ ដែលនឹងត្រូវប្រារព្ធពិធីតាមប្រពៃណីចិន ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ។ ទន្ទឹមគ្នានេះ ការដុតក្រដាសសែន ត្រូវប្រើធុងដែក ឬ ឆ្នាំងដី ដើម្បីដុត ដោយហាមដាច់ខាតមិនឱ្យដុត លើចិញ្ចើមផ្លូវ ឬ ទ្រូងផ្លូវសាធារណៈ។
សូមបញ្ជាក់ថា ពិធីសែនចូលឆ្នាំប្រពៃណីចិន នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយពិធីចូលឆ្នាំចិន នឹងចាប់ផ្តើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ។ ជារៀងរាល់ឆ្នាំ នៅរាជធានី ភ្នំពេញ តែងតែសង្កេតឃើញមានការរៀបចំពិធីតាមប្រពៃណីចិនជាច្រើន សម្រាប់អ្នកដែលជាប់ ខ្សែរស្រឡាយចិន ។ ជាមួយគ្នានេះ អគ្គិភ័យឆាបឆេះផ្ទះសម្បែង តែងតែកើតមានឡើងក្នុងអំឡុងនៃពិធីបុណ្យនេះ ដោយសារពលរដ្ឋមួយចំនួន មានការធ្វេសប្រហេស ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម