Connect with us

គ្រោះថ្នាក់ណាស់! ខ្ទឹមស នាំចូលពីប្រទេសចិន ត្រូវបានរកឃើញថា មានសារធាតុគីមី បង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ

ខេត្តព្រះសីហនុ ៖ ខ្ទឹមស នាំចូលពីប្រទេសចិន រួមនឹងគ្រាប់ធញ្ញជាតិ ជាង២៥តោន ត្រូវបានដុត កម្ទេចចោល នៅថ្ងៃទី ៣១ ខែមករានេះ ក្រោយមន្រ្តីកាំកុងត្រូល រកឃើញថា ដែលមានផ្ទុកសារធាតុគីមីប្រភេទថ្នាំពុលកសិកម្ម Disulfoton សម្រាប់ការពារសត្វល្អិតបំផ្លាញដំណាំ ។
ក្នុងពិធីដុតកម្ទេច ដែលបានធ្វើឡើងនៅទីលានចាក់សំរាមខេត្តព្រះសីហនុ ស្ថិតក្នុងភូមិអូរកំបុត ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកោតសរសើរមន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ ដែលបានដកហូតខ្ទឹមសដ៏មានគ្រោះថ្នាក់ទាំងអស់ មកកំទេចចោលទាន់ពេលវេលា ព្រោះទំនិញនេះ អាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដូចជាធ្វើឱ្យអ្នកបរិភោគក្អួត រាគ ញ័រ ប្រកាច់ ប្រស្រីភ្នែករួមតូច និងពិបាកដកដង្ហើម ហើយអាចបណ្តាលឱ្យស្លាប់បាន ក្នុងករណីធ្ងន់ធ្ងរ។


លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដុតកម្ទេចទំនិញថ្ងៃនេះ គឺដើម្បីឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគូសបញ្ជាក់ថា «បញ្ហាសុវត្ថិភាព ចំណីអាហារនៅក្នុងប្រទេសកម្ពុជា គឺជាអតុល្យភាពទី១ ក្នុងចំណោមចំណុចអវិជ្ជមាន ឬអតុល្យភាពទាំង១២ ដែលត្រូវធ្វើការដោះស្រាយ»។
ទន្ទឹមគ្នានោះដែរ លោក ប៉ាន សូរស័ក្តិ ក៏បានសំណូមពរដល់មន្ត្រីសាខាកាំកុងត្រូលទាំងអស់ បន្តប្រឹងប្រែងត្រួតពិនិត្យទំនិញនៅលើទីផ្សារ និងនៅតាមហាងលក់ទំនិញនានាថែមទៀត ដើម្បីចូលរួមលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ជូនអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដោយអនុលោមតាមកម្មវិធីអភិក្រម ស្តីពី «ការគ្រប់គ្រងហានិភ័យ» ផ្អែកលើមូលដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តច្បាស់លាស់។


បើយោងតាមរបាយការណ៍ កាលពីឆ្នាំ២០១៨អគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញ និងដកហូតទំនិញខូចគុណភាព និងម្ហូបអាហារពុំមានសុវត្ថិភាព ទម្ងន់សរុបចំនួន ៦៦តោន (បន្លែ ផ្លែឈើ គ្រឿងកំប៉ុង គ្រឿងសមុទ្រ និងសាច់ស្រស់មានផ្ទុកសារធាតុគីមីហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម) យកទៅដុតកំទេចចោល ក្នុងនោះទំនិញទម្ងន់ ៥,៣តោន ត្រូវបានរឹបអូសពីមាត់ច្រកព្រំដែន និងនៅតាមទីផ្សារនៃខេត្តព្រះសីហនុ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម