Connect with us

ធុរជនផ្នែកវិស័យកសិកម្មនៅកម្ពុជា សាទរចំពោះប្រកាសពីការព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូល

ភ្នំពេញ ៖ តំណាងធុរជនផ្នែកវិស័យកសិកម្មនៅកម្ពុជា បានសម្តែងការសាទរចំពោះក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលបានសម្រេចចេញសេចក្តីប្រកាស ស្តីពីការព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់សហគ្រាសប្រកបអាជីវកម្ម ក្នុងវិស័យកសិកម្ម ។
ថ្លែងប្រាប់ MYTV Plus នៅថ្ងៃទី៣១ ខែមករានេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការសម្រេចនេះ គឺជាការលើកទឹកចិត្តដល់អ្នកប្រកបរបរ លើវិស័យកសិកម្មនៅកម្ពុជា ព្រោះផលិតផលកសិកម្ម ដែលត្រូវព្យួរទុកការបង់ប្រាក់រំដោះពន្ធនេះ គឺសុទ្ធសឹងជាផលិតផលចម្បង ដែលកម្ពុជានាំចេញទៅលក់នៅក្រៅប្រទេស ។
ឧកញ៉ា លឹម ហេង បញ្ជាក់ថា ការសម្រេចនេះ ជាការជំរុញលើកទឹកចិត្តបន្ថែមទៀតអោយអ្នកវិនិយោគទាំងក្នុងស្រុក និងមកពីបរទេស មានទឹកចិត្តក្នុងការបន្តការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ក្នុងរយៈពេលវែងថែមទៀត ។
សូមបញ្ជាក់ថា បើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការសម្រេចចេញសេចក្តីប្រកាសនេះ គឺ ដើម្បីជំរុញ និងគាំទ្រដល់ផលិតកម្ម និងការនាំចេញផលិតផលកសិកម្ម ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
នៅក្នុងសេចក្តីប្រកាសនោះ បានឱ្យដឹងទៀតថា ផលិតផលកសិកម្ម ដែលអាចប្រកាសព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់ខ្លួនបាន មានដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ។ សម្រាប់ការអនុគ្រោះព្យួរទុកជាបណ្តោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែនេះ មានរយៈពេល៥ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០១៩នេះតទៅ ៕

    Loading...

    ពេញនិយម