Connect with us

បុណ្យគំរប់៧ថ្ងៃ កញ្ញា ខេមរៈ ស្រីពៅ មានការចូលរួមពីសំណាក់សិល្បករ សិល្បការនី ជាច្រើននាក់

ភ្នំពេញ ៖ ពិធីបុណ្យ៧ថ្ងៃ សពតារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានកំពុងប្រព្រឹត្តទៅនៅ គេហដ្ឋានរបស់លោកខេមរៈ សិរីមន្ត ដែលជាបងប្រុសបង្កើត នៅជិតវត្តសំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សម្រាប់ពិធីបុណ្យ៧ថ្ងៃ នាថ្ងៃនេះ គេសង្កេតឃើញមានវត្តមានសិល្បករ សិល្បការនី ជាច្រើនរូប បានមកចូលរួម ដើម្បីជួយរំលែកទុក្ខលោក ខេមរៈ សិរីមន្ត រួមនឹងក្រុមគ្រួសារលោក ក្នុងនោះ ក៏ ឃើញមានវត្តមាន តារាកំប្លែងជើងចាស់ នាយកុយ ដែលទើបជួបគ្រោះថ្នាក់ចរាចរណ៍ បានមកចូលរួមផងដែរ ។
ក្រៅពីនេះ គេក៏សង្កេតឃើញមានការចូលរួមពីលោក ព្រាប សុវតិ្ថ, លោក ប៉ែន ចំរ៉ុង, កញ្ញា បេប៊ី, កញ្ញា សួស ហ្សូរីកា, កញ្ញា ឱក សុគន្ធកញ្ញា និងតារាជាច្រើនដួងទៀត ។ ទន្ទឹមនេះ ក៏មានតារាសម្តែង និងតារាចម្រៀងជាច្រើនទៀត បានបង្ហោះរូបភាព និងសរសេរសារ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងសូមអោយដួងព្រលឹងកញ្ញា ខេមរៈ ស្រីពៅ បានទៅកាន់សុគតិភព។
គួររំលឹកថា កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព ក្នុងអាយុ២៨ឆ្នាំ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា កាលពីថ្ងៃទី២៥ ខែមករា ដោយជម្ងឺសួត និង ក្រលៀន ៕


អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម