តម្លៃជ័រកៅស៊ូ ហក់ឡើងនៅលើទីផ្សារអន្តរជាតិ ខណៈនៅកម្ពុជា មិនសូវមានកៅស៊ូសម្រាប់ចៀរជ័រលក់
ភ្នំពេញ៖ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកវិនិយោគលើដំណាំកៅស៊ូ នៅកម្ពុជា បានអោយដឹងថា តម្លៃជ័រកៅស៊ូ បានហក់ឡើងបន្ថិចហើយនៅលើទីផ្សារអន្តរជាតិ ប៉ុន្តែសម្រាប់ កម្ពុជា រដូវនេះ មិនសូវមានកៅស៊ូសម្រាប់ចៀរជ័រលក់នោះទេ ។
បើតាមឧកញ៉ា លឹម ហេង នៅទីផ្សារប្រទេសម៉ាឡេស៊ី តម្លៃជ័រកៅស៊ូ បានឡើងដល់ប្រមាណជាង ១៦០០ដុល្លា ក្នុងមួយតោន ខណៈនៅកម្ពុជា លក់បានត្រឹម តែតម្លៃជាង ១៤០០ ដុល្លា ក្នុងមួយតោន ។
ឧកញ៉ា លឹម ហេង ក៏រំពឹងផងដែរថា តម្លៃកៅស៊ូ អាចនឹងបន្តឡើងថែមទៀត នាពេលខាងមុខ ប៉ុន្តែ វាក៏អាចប្រែប្រួលទៅតាមតម្លៃប្រេង នៅលើទីផ្សារអន្តរជាតិផងដែរ ។
បើតាមសារព័ត៌មាន Vietnam News បានឲ្យដឹងថា តម្លៃជ័រកៅស៊ូពិភពលោក បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក ។ ស្រដៀងគ្នានេះដែរ សារព័ត៌មាន Bloomberg ក៏បានបង្ហាញថា តម្លៃជ័រកៅស៊ូ បានកើនឡើង ៩.៤% តាំងពីចុងឆ្នាំ២០១៨ មក ។
អង្គការជាច្រើន ក៏បានឲ្យដឹងដែរថា កំណើនតម្រូវការក្នុងឆ្នាំ២០១៩ នេះនឹងបង្កើនតម្លៃកៅស៊ូកាន់តែខ្លាំងឡើងទៀត ។ ជាមួយគ្នានេះផងដែរ សមាគមន៍ប្រទេសផលិតជ័រកៅស៊ូធម្មជាតិ (ANRPC) បានឲ្យដឹងមកថា ទិន្នផលជ័រកៅស៊ូធម្មជាតិជុំវិញពិភពលោក នឹងកើនឡើង ៥.៨% បើធៀបឆ្នាំមុន មកស្មើ ១៤.៦៩ លានតោនក្នុងឆ្នាំ២០១៩ ខណៈដែលតម្រូវការ នឹងកើនឡើង ៣.៦% មកស្មើ ១៤.៧៣ លានតោនផងដែរ ។
តាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានអោយដឹងថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូ ជាង២១ម៉ឺនតោន ទទួលបានចំណូលជិត ៣០០លានដុល្លារអាមេរិក ។
របាយការណ៍ បានបញ្ជាក់ថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូ សរុបចំនួន ២១៧,៥០០តោន បានកើនឡើងចំនួន២៨,៦៦៧តោន ស្មើនឹង១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ ។ សម្រាប់តម្លៃជ័រកៅស៊ូ ជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨កន្លងទៅនេះ មានតម្លៃ១,៣១៩ដុល្លារក្នុង១តោន តម្លៃនេះ បានធ្លាក់ចុះ២៦២ដុល្លារក្នុង១តោន ស្មើនឹង១៧ភាគរយ។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៦៨២ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា បានកើនឡើងចំនួន៤,៨១២ហិកតា ។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍