ស្នាក់ការកាំកុងត្រូលនៅតាមច្រកទ្វារព្រំដែននានា នៅទូទាំងប្រទេស ត្រូវបានរើចេញ
ភ្នំពេញ៖ ស្នាក់ការកាំកុងត្រូលនៅតាមច្រកទ្វារព្រំដែននានា នៅទូទាំងប្រទេស ត្រូវបានទម្លាក់ស្លាក និងរើចេញ ដើម្បីអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ។
បើតាមមន្រ្តីកាំកុងត្រូល បានបញ្ជាក់អោយដឹងថា ការទម្លាក់ស្លាក និងរើស្នាក់ការចេញពីច្រកទ្វារព្រំដែននេះ បានធ្វើឡើងព្រមគ្នា នៅទូទាំងប្រទេសនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៩ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការកែសម្រួលស្ថាប័នមានសមត្ថកិច្ច ត្រួតពិនិត្យទំនិញនាំចេញ-នាំចូលដើម្បីសម្រួលពាណិជ្ជកម្ម និងពង្រឹងភាពប្រកួតប្រជែងកម្ពុជា ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ នេះតទៅ។
អនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់តួនាទី និងភារកិច្ចត្រួតពិនិត្យទំនិញនាំចេញ-នាំចូល របស់អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ (កាំកុងត្រល) នៃក្រសួងពាណិជ្ជកម្ម ពីច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ។
អនុក្រឹត្យនេះ ក៏បានបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័នតែមួយគត់មានសមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន និងច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស ទីកន្លែងសន្និធិគយបណ្តោះអាសន្ន និងទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលផ្សេងទៀត ។
ទោះយ៉ាងណា អនុក្រឹត្យ ក៏បានលើកឡើងផងដែរថា ក្នុងករណីចាំបាច់ដែលត្រូវការជំនាញឯកទេស ជាក់លាក់ក្នុងការត្រួតពិនិត្យ ស្របតាមគោលការណ៍គ្រប់គ្រងហានិភ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាចស្នើសុំកិច្ចសហការពីស្ថាប័នឯកទេសផ្សេងទៀត ក្នុងការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ស្របតាមការកំណត់នៃលិខិតបទដ្ឋានជាធរមាន។
សូមបញ្ជាក់ថា ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ក្រុមធុរជន ដែលកំពុងតែប្រកបរបររកស៊ីនៅកម្ពុជា ដោយចាត់ទុកថា បានជួយសំរួលដល់ការធ្វើធុរកិច្ច និងកាត់បន្ថយការចំណាយ រួមទាំងពេលវេលាផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍