Connect with us

ស្រុកចំនួន៣ នៃខេត្តបាត់ដំបង កំពុងប្រឈមនឹងភាពរាំងស្ងួតខ្លាំង ខណៈក្រសួងជំនាញ កំពុងចុះសង្រ្គោះបន្ទាន់

ភ្នំពេញៈ ស្រូវប្រាំងជាង ២ម៉ឺនហិកតា ក្នុងខេត្តចំនួន៩ កំពុងរងគ្រោះដោយសារគ្រោះរាំងស្ងួត ក្នុងនោះ ស្រុកចំនួន៣របស់ខេត្តបាត់ដំបង កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ។


ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា ស្រូវប្រាំងរបស់ពលរដ្ឋចំនួនជាង ២ ម៉ឺនហិកតានោះ ស្ថិតក្នុងខេត្ត ខេត្តបន្ទាយមានជ័យ សៀមរាប ស្វាយរៀង ព្រៃវែង កណ្ដាល កំពង់ធំ បាត់ដំបង កំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ។
លោក កែវ វី ក៏បានអោយដឹងផងដែរថា នៅខេត្តបាត់ដំបង កំពុងមានការប៉ះពាល់តិចតួចសម្រាប់ផលដំណាំនានា ប៉ុន្ដែនៅស្រុកចំនួន ៣ គឺ ស្រុករុក្ខគិរី មោងឫស្សី និងស្រុកគាស់ក្រឡ កំពុងមានការប៉ះពាល់ខ្លាំងចំពោះទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋ ដោយសារតំបន់ស្រុកទាំង ៣ នោះមានអាងទឹកធំមួយ ប៉ុន្ដែត្រូវបានរីងស្ងួតបាត់ទៅហើយ។
លោក កែវ វី ក៏បានបញ្ជាក់ថា ការខ្វះខាតទឹកនេះ គឺមានស្ទើរតែគ្រប់ខេត្ត ចាប់តាំងពីខែធ្នូមក ប៉ុន្ដែខេត្តខ្លះ មិនទាន់មានការខ្វះខាតទឹកខ្លាំង ដោយសារវាមានប្រភពទឹកផ្សេងៗ ដែលអាចធ្វើអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា ។
ពាក់ព័ន្ធនឹងបញ្ហានេះ នៅថ្ងៃម្សិលមិញ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់តាំងក្រុមការងារមួយក្រុមដឹកនាំដោយលោក ចាន់ យុត្ថា រដ្ឋលេខាធិការ ចុះរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីនាំទឹកពីទីតាំងផ្សេង មកផ្គត់ផ្គង់ស្រុកមោងឫស្សី ដោយត្រូវនាំទឹកពីស្រុករតនមណ្ឌល ដែលចម្ងាយប្រមាណជាង ១០០ គីឡូម៉ែត្រ ។


គួររំលឹកថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំប្រជាកសិករអោយធ្វើស្រែប្រាំង តែមួយដងប៉ុណ្ណោះ ដើម្បីរក្សាទឹកទុកប្រើប្រាស់ក្នុងអំឡុងពេលដែលកម្ពុជារងឥទ្ធិពលបាតុភូត អែលនីណូ (El Nino) ។ ឥទ្ធិពលបាតុភូតនេះ នឹងបង្កឲ្យធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា នារដូវប្រាំងនេះ (ពិសេសក្នុងខែមេសា និង ខែឧសភា) មានសភាពក្តៅហួតហែង សីតុណ្ហភាពអតិបរមា នៅពេលខ្លះអាចហក់ឡើងខ្ពស់ ៤០-៤២សង្សាសេ ។ ក្រៅពីនេះ មានភ្លៀងកក់ខែតិច មានបាតុភាពផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់កើតឡើងច្រើន ខណៈរដូវវស្សា មកដល់យឺតជាងបណ្តាឆ្នាំកន្លងទៅ ។


យោងលើស្ថានភាពអាកាសធាតុដូចជាព្យាករនេះ សម្តេចតេជោ បានធ្វើការណែនាំ ថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងឆ្នាំ ២០១៩ នេះ គឺអាចធ្វើបានតែមួយដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី២ បានទេ បើទោះបីជា ទឹកនៅតាមបណ្ដាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រូវ ។
សម្តេចតេជោ ក៏បានណែនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះរហូតដល់ពេលមានភ្លៀងធ្លាក់ជាធម្មតាឡើងវិញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម