Connect with us

អ្នកជំនាញ អះអាងថា តម្រូវការផ្ទះនៅតែមានច្រើន ជាពិសេស សម្រាប់រាជធានីភ្នំពេញ

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ជឿថា វិស័យអចលនទ្រព្យផ្នែកផ្ទះសម្បែងនៅតែមានតម្រូវការខ្ពស់នៅប្រទេសកម្ពុជា ក្នុងរយៈពេលវែង ដោយសារចំនួនផ្ទះ និងចំនួនគ្រួសារ ក៏ដូចជាចំនួនប្រជាជននៅមានគម្លាតគ្នានៅឡើយ ។ ជាមួយគ្នានេះ និន្នាការរបស់ប្រជាពលរដ្ឋ ជាពិសេស យុវវ័យ ហាក់មានទំនោរឯករាជ្យ ចង់ទទួលបានការរស់នៅដាច់ដោយឡែកពីឪពុកម្តាយ ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានអះអាងថា បច្ចុប្បន្ននេះ គេសង្កេតឃើញថា មានគ្រួសារជាច្រើន បានរស់នៅជុំគ្នា តាំងពីជីដូនជីតា ឪពុកម្តាយ និង កូនៗ។ ប៉ុន្តែនៅថ្ងៃខាងមុខ វប្បធម៌នេះ ទំនងជាមានការផ្លាស់ប្តូរ ដែលនាំទៅដល់តម្រូវការផ្ទះសម្បែងសម្រាប់រស់នៅដាច់ដោយឡែកៗពីគ្នា ។

លោក ច្រឹក សុខនីម បានអះអាងថា ចំនួនប្រជាពលរដ្ឋ និង ចំនួនផ្ទះដែលមានស្រាប់ និង ការអភិវឌ្ឍលំនៅដ្ឋានថ្មីៗ នៅទីក្រុងភ្នំពេញ មិនទាន់ឆ្លើយតបគ្រប់គ្រាន់ដល់តម្រូវការនោះទេ។ ដូចនេះ តម្រូវការអភិវឌ្ឍន៍លំនៅដ្ឋាន នៅតែមានបន្ត។
បើតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានបង្ហាញថា វិស័យសំណង់រាជធានីភ្នំពេញទទួលបានការអភិវឌ្ឍន៍ច្រើន ក្នុងឆ្នាំ ២០១៨ ធៀបនឹងឆ្នាំ ២០១៧ ដោយផ្តោតលើទុនវិនិយោគ និង ទំហំផ្ទៃដីដែលបានសាងសង់។

របាយការណ៍ដដែលបានបង្ហាញថា ចំនួនគម្រោងសាងសង់ ក្នុងឆ្នាំ ២០១៨ មានចំនួន ១០២៥គម្រោង ដោយទំហំទឹកប្រាក់វិនិយោគវិញមានចំនួនជាង ២៤០០លានដុល្លារ ក្នុងឆ្នាំ២០១៨ ខណៈកាលពីឆ្នាំ ២០១៧ ទំហំទឹកប្រាក់វិនិយោគមានត្រឹមតែជាង ១៨០០លានដុល្លារប៉ុណ្ណោះ។

និន្នការរបស់ប្រជាជនកម្ពុជា ក៏ហាក់ងាកមករកការស្នាក់នៅបែបខុនដូខ្លះៗ នាំឲ្យការវិនិយោគផ្នែកអគារខុនដូ បានរីកលួតលាស់ជាបន្តបន្ទាប់ ទាំងខ្នាតតូច ខ្នាតមធ្យម និង ខ្នាតធំ។ រហូតមកដល់ចុងឆ្នាំ២០១៨ អគារដែលមានកម្ពស់ចាប់ពី ៥ជាន់ឡើង ដល់ ៤០ជាន់ឡើង មានចំនួន ១១០០អាគារ នៅរាជធានីភ្នំពេញ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម