Connect with us

អាកាសយានដ្ឋានខេត្តព្រះសីហនុ មានសក្តានុពលអភិវឌ្ឍន៍ខ្លាំងជាងអាកាសយានដ្ឋានផ្សេងទៀត ដោយសារ…….

ភ្នំពេញ ៖ មន្ត្រីអាកាសចរណ៍ស៊ីវិល បានអះអាងថា អាកាសយានដ្ឋានខេត្តព្រះសីហនុ(កងកេង) ដែលជាអាកាសយានដ្ឋានទទួលបានការអភិវឌ្ឍន៍ និងដាក់ឲ្យដំណើរការក្រោយគេ ប៉ុន្តែមានសក្តានុពលខ្លាំងជាងគេ ក្នុងចំណោមអាកាសយានដ្ឋានដែលមាននៅកម្ពុជា តាមប៉ូលសេដ្ឋកិច្ចសំខាន់ៗ ។

ថ្នាក់ដឹកនំាអាកាសចរណ៍ស៊ីវិល ដែលស្នើសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ផ្អែកតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ឆ្នេរ និងការផ្សាភ្ជាប់ពាណិជ្ជកម្មកម្ពុជាទៅក្នុងតំបន់ និង ពិភពលោក ខេត្តព្រះសីហនុដែលជាប៉ូលអភិវឌ្ឍន៍មួយក្នុងចំណោមប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងបី ដែលបានដាក់ចេញ គឺមានសក្តានុពលអភិវឌ្ឍខ្លាំងជាងគេ ។

មន្ត្រីអាកាសចរណ៍ស៊ីវិលរូបនោះ បានបន្តថា តាមរយៈការអភិវឌ្ឍន៍ថ្មីៗចុងក្រោយនេះ វាបានបង្ហាញកាន់តែច្បាស់ថា ខេត្តព្រះសីហនុ បានឆ្លើយតបចំពោះយុទ្ធសាស្រ្តដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងពេលកន្លងមក។
មន្ត្រីអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ៖ «យើងមើលទៅក្នុងថ្ងៃអនាគត យើងឃើញហើយ ប៉ូលខេត្តព្រះសីហនុ ជាប៉ូលធំបំផុតក្នុងការអភិវឌ្ឍន៍វិស័យអាកាសចរណ៍នៅកម្ពុជា។ ប៉ូលខេត្តព្រះសីហនុមានសក្តានុពលសំខាន់បួន គឺ ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និង ការវិស្ស័យនិស្សរណកម្ម (ការបូមប្រេង)។ កាលណាបើមានសក្តានុពលទាំងនេះ មនុស្ស នឹងទៅកាន់ទីនោះសម្រាប់ការប្រកបមុខរបរ ធ្វើជំនួញ និង ធ្វើការងារ ។ ស្របជាមួយនេះ អាកាសចរណ៍ ក៏រីកចម្រើនតាមនោះដែរ ទាំងការធ្វើដំណើរឆ្លងកាត់ និង ការដឹកជញ្ជូនទំនិញ។ ចឹងទេ ក្នុងរយៈពេលមធ្យមនិងវែងខាងមុខ ព្រលានយន្តហោះខេត្តព្រះសីហនុ មានសក្តានុពលខ្លាំង»។

ក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគអាកាសយានដ្ឋានទាំងបីរបស់កម្ពុជា ធ្លាប់បានបង្ហាញពីគម្រោងពង្រីកផ្លូវរត់យន្តហោះបន្ថែមប្រវែង ៨០០ម៉ែត្រ ទៀត ទៅលើផ្លូវបច្ចុប្បន្ន ។ ក្រោយពង្រីក ផ្លូវរត់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នឹងក្លាយជាផ្លូវរត់ ៣,៣ គីឡូម៉ែត្រ ដែលនឹងអាចទទួលការចុះចតរបស់យន្តហោះធំៗបាន ។

ការពង្រីកនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង នៃចំនួនជើងយន្តហោះដែលចូលមកកាន់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន និងនាពេលអនាគត។
រាជរដ្ឋាភិបាល បានដាក់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥ – ២០២៥ ជាគោលនយោបាយមួយ ដែលនឹងរុញកម្ពុជាទៅកាន់កម្រិតថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម