Connect with us

ពិតជាគួរអោយស្តាយ កម្ពុជា មានតំបន់អេកូទេសចរណ៍សម្បូរបែប តែទាក់ទាញភ្ញៀវទេសចរបានតិចតួចបំផុត

ភ្នំពេញ ៖ ប្រទេសកម្ពុជា នៅតែពឹងផ្អែកខ្លាំងទៅលើគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រប្រាសាទអង្គរវត្ត រាជធានីភ្នំពេញ និងតំបន់ឆ្នេរ ខណៈតំបន់អេកូទេសចរណ៍ ទាក់ទាញបានភ្ញៀវទេសចរ ក្នុងកម្រិតតិចតួចបំផុត។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញថា ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរបរទេសប្រមាណ ៦,២លាននាក់ នៅឆ្នាំ ២០១៨កន្លងទៅនេះ បានកើនឡើងជាង ១១ភាគរយ បើធៀបកាលពីឆ្នាំ ២០១៧ ។ ក្នុងនោះ រាជធានីភ្នំពេញ គឺជាគោលដៅទេសចរ ធំជាងគេ ដោយទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ២,៩៧លាននាក់ ស្មើនឹង ៤៨ភាគរយ បន្ទាប់មក គឺ ខេត្តសៀមរាប ប្រមាណ ២,២៩លាននាក់ ស្មើនឹង ៣៧ភាគរយ តំបន់ឆ្នេរប្រមាណ ៨៦ម៉ឺននាក់ ស្មើនឹង ១៤ភាគរយ និង តំបន់អេកូទេសចរណ៍ប្រមាណ ៦ម៉ឺន ២ពាន់នាក់ ស្មើនឹង ១ភាគ រយ នៃចំនួនភ្ញៀវសរុប។

ការសិក្សាមួយរបស់ធនាគារពិភពលោក បង្ហាញថា កម្ពុជា ត្រូវធ្វើពិពិធកម្មគោលដៅទេសចរ ណ៍ ដោយផ្តោតលើអេកូទេសចរណ៍ ភាគច្រើននៅភាគខាងជើង និង ភាគឦសាននៃប្រទេស ដោយមានការដាក់ឲ្យដំណើរការឧទ្យានផ្សងព្រេងសត្វព្រៃ និងសកម្មភាពដើរកំសាន្តថ្មើរជើង នានា។ បន្ទាប់មក ប្រទេសកម្ពុជា អាចបង្កើតយុទ្ធសាស្ត្រដើម្បីបំពេញតាមតម្រូវការផ្នែកទាំងនោះ។
ផ្នែកទីផ្សារសក្តានុពល រួមមាន ទេសចរណ៍ធម្មជាតិ ជាពិសេស គឺឧទ្យានផ្សងព្រេងសត្វព្រៃ និងការដើរកំសាន្តថ្មើរជើង ដោយសារ កម្ពុជាមានផ្ទៃដីធំទូលាយដែលគ្របដណ្តប់ដោយឧទ្យា នជាតិ និង តំបន់បម្រុងទុកដែលមានជីវចម្រុះច្រើន ។

កំណើនភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេសកម្ពុជា ត្រូវបានរុញច្រានដោយ ភ្ញៀវទេសចរចិន មានប្រមាណ ១,៩លាននាក់ ដោយកើនឡើងដល់ទៅ ៧១ភាគរយ ឈរនៅលំដាប់ថ្នាក់លេខ១ ខណៈដែលភ្ញៀវវៀតណាមថយចុះ ៥ភាគរយ និងឡាវថយចុះ ១៩ភាគរយ ឈរនៅលំដាប់ថ្នាក់ ២និងលេខ ៣ ។ ចំណែកភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប បានថយចុះ ៦ភាគរយ, ភ្ញៀវទេសចរមកពីសហរដ្ឋអាមេរិក ថយចុះ ៣ភាគរយ និងភ្ញៀវទេសចរមកពីតំបន់អូសេអានី ថយចុះប្រមាណ ៨ភាគរយ។
កាលពីខែសីហា ឆ្នាំ ២០១៨កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន B.M. Nature Safari Co. LtD., បានចុះអនុស្សរណៈយោគយល់គ្នារស្តីពី «ការសិក្សារៀបចំបង្កើតសួន Safari ដើម្បីអភិរក្សសត្វព្រៃនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹប» ។

ក្រុមហ៊ុនជប៉ុន B.M. Nature Safari Co. LtD. មានបទពិសោធន៍ក្នុងការបង្កើតសួនសត្វសាហ្វារីជាង ១០០ប្រទេសមកហើយ ពិសេសនៅតំបន់អាហ្រ្វិក ហើយអ្នកដែលទទួលផលច្រើនពីការអភិរក្សសត្វព្រៃទាំងនេះ គឺ ប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។
ក្រសួងទេសចរណ៍ បានព្យាករថា ចំនួនភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជា នឹងកើនដល់ចំនួន១៥លាននាក់ នៅឆ្នាំ២០៣០ខាងមុខនេះ ដោយផ្តល់ប្រាក់ចំណូលដល់កម្ពុជាចំនួន ១ម៉ឺនលានដុល្លារ និងបង្កើតការងារបានរហូតដល់ទៅ ២លាននាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម