Connect with us

បារាំង សន្យាបន្តជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាពិសេសគឺ ដំណាំកៅស៊ូ និងស្រូវ

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានអះអាងថា នឹងខិតខំធ្វើយ៉ាងណាជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើន សមស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការអះអាងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រី អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារំាងប្រចាំនៅកម្ពុជា។
ក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាប្រធានបទសំខាន់ៗ រួមមាន ការអភិវឌ្ឍវិស័យកៅស៊ូគ្រួសារ និង ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋរចនាសម្ព័ន្ធគាំទ្រដល់វិស័យស្រូវ អង្កកម្ពុជា ។

ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ការលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្ម ការកែច្នៃ ការវេចខ្ចប់ ការធានាគុណភាព សុវត្ថិភាព អនាម័យ និងភូតគាមអនាម័យ (SPS) ឆ្លើយតបតាមនិយាមក្នុងតំបន់ និង នៅលើពិភពលោក ។
ក្រៅពីនេះ ក៏មានការលើកឡើង ពីការលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីកសិកម្មឱ្យមាននិរន្តរភាព និង វិធានការការពារ និងទប់ស្កាត់ជំងឺគ្រុនជ្រូកអាហ្វ្រិច (African Swine Fever)។
លោកស្រី ឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណាប់អារម្មណ៍ទាក់ទងនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសការរីកចម្រើនលើវិស័យកសិកម្ម ដែលបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ កែលម្អកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
លោកស្រី បានបន្តថា ជំនួបនាពេលនេះ គឺជាឱកាសនៃការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ល្អៗ និង ធ្វើការសិក្សា លើកទិសដៅបន្តអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ហើយ លោកស្រី នឹងខិតខំផ្តល់កិច្ចសហការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ក្នុងឳកាសនោះ លោក រដ្ឋមន្ត្រី វេង សាខុន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម ។ ជំនួយឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសរបស់រដ្ឋាភិបាលបារាំង បានចូលរួមចំណែកធ្វើឱ្យវិស័យកសិកម្មមានការរីកចម្រើន គួរឱ្យមោទនភាព ហើយ លោក រដ្ឋមន្រ្តីសង្ឃឹមថារដ្ឋាភិបាលបារាំង នឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត ជាពិសេសដល់វិស័យកៅស៊ូគ្រួសារឱ្យកាន់តែមានការរីកចម្រើន សមស្របតាមនិន្នាការរីកចម្រើនផ្នែកសេដ្ឋកិច្ច កំណើនប្រជាជន និងការប្រកួតប្រជែងទីផ្សារ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម