Connect with us

តោះមកស្វែងយល់ ប្រវត្តិសិល្បៈលោតម៉ុងសាយ! ម៉េចបាន ជនជាតិចិន និយមពេលចូលឆ្នាំថ្មី?

ភ្នំពេញ ៖ ទន្ទឹមនឹងការញាប់ដៃញាប់ជើង រកទិញម្ហូប ជ្រួកខ្វៃ ឬ ទាខ្វៃ មកសែនព្រេននោះ ប្រពៃណីមួយទៀតដែលគេតែងតែឃើញមិនដែលខាននោះ គឺការលោតម៉ុងសាយនៅតាមផ្ទះ ក្រុមហ៊ុន ស្ថាប័ន និងកន្លែងបើកអាជីវកម្មផ្សេង ។ ការធ្វើពិធីលោតម៉ុងសាយ គឺជាប្រពៃណីមួយដែលប្រជាជនចិនជឿថា នឹងនាំរាសីជោគជ័យសំណាងល្អ និងបណ្តេញឧបទ្រពចង្រៃ ហើយនាំមកនូវលាភសំណាងក្នុងឆ្នាំថ្មី ។
តើម៉ុងសាយជាអ្វី? ហេតុអ្វីបានជាប្រជាជនចិន និយមការលោត ម៉ុងសាយ?

ម៉ុងសាយ ជាក្រុមរបាំប្រពៃណីចិនរួមសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃជារូបតោ (Lion Dance) ហក់លោត ធ្វើត្រាប់តាមកាយវិការសត្វសាហាវពិតៗ កំដរដោយអ្នកវាយស្គរលាន់ទ្រហឹងអឺងអាប់ ឲ្យស៊ីទៅនឹងចង្វាក់នៃការលោតផ្លោះរបស់តោ ។ របាំនេះ មានគោលបំណងបណ្ដេញ ឬ កម្ចាត់ភាវៈអាក្រក់ ឧបទ្រពចង្រៃផងទាំងពួង ដើម្បីនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារម្ចាស់ផង ។
ម៉ុងសាយ ជាទូទៅត្រូវបានសម្តែងឡើងនៅក្នុងពេលបុណ្យចូលឆ្នាំចិន និង ពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនមួយចំនួនទៀត។ ការរាំឡកម៉ុងសាយ ក៏អាចធ្វើឡើងសម្រាប់ឱកាសពិសេសដូចជាការបើកសម្ពោធហាងថ្មី ការប្រារព្ធពិធីបុណ្យពិសេសណាមួយក្នុងពិធីមង្គលការ ឬ ក្នុងពេលដែលទទួលភ្ញៀវកិត្តិយសណាម្នាក់ក៏បាន ។

ការរាំម៉ុងសាយ គឺជាញឹកញាប់ត្រូវបានគេច្រឡំនឹងរបាំនាគ (Dragon Dance) ។ អ្វីដែលជាការងាយស្រួលសម្គាល់ពីការរាំម៉ុងសាយ (Lion Dance) គឺ ថាជាទូទៅការរាំម៉ុងសាយ ត្រូវការមនុស្សតែពីរនាក់ទេផ្ទុយពីរបាំនាគ ដែលគេត្រូវការមនុស្សច្រើន។ ម្យ៉ាងរាំម៉ុងសាយ គេមិនងាយឃើញមុខអ្នករាំទេ ព្រោះគ្របជិតដោយសម្លៀកបំពាក់តោ ខណៈដែលរបាំនាគ គឺអាចមើលឃើញអ្នករាំច្បាស់ ព្រោះនាគគេគ្រាន់តែកាន់នឹងបង្គោលប៉ុណ្ណោះ។
ការលោតម៉ុងសាយ ឬ របាំតោមានពីរទម្រង់ធំៗ តោភាគខាងជើង និងតោភាគខាងត្បូង។ ទាំងពីរ ទម្រង់នេះ គឺធម្មតាត្រូវបានគេរកឃើញនៅប្រទេសចិន ប៉ុន្តែនៅជុំវិញពិភពលោកជាពិសេសនៅអាស៊ីអាគ្នេយ៍តោភាគខាងត្បូង មានភាពលេចធ្លោជាង ដោយសារតែវាបានសាយភាយតាមរយៈសហគមន៍ជនជាតិដើមចិន (Chinese diaspora communities) ដែលភាគច្រើនមានប្រវត្តិដើមជាជនជាតិចិនភាគខាងត្បូង ។ ការរាំម៉ុងសាយ ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសជប៉ុនកូរ៉េ ទីបេ និង វៀតណាមផងដែរ ។

តាមប្រពៃណីជំនឿរបស់ជនជាតិចិន តោ គឺតំណាងឲ្យភាពក្លាហាន ស្ថិរភាពនិងឧត្តមភាព។ ម៉ុងសាយ ត្រូវបានគេយកមកសម្តែងដើម្បីបណ្តេញខ្មោចព្រាយបិសាចដោយសារតែគេជឿថា ពួកអសុរកាយទាំងនោះ ខា្លចសំឡេងឮ ។ ភ្លេង គឺប្រគុំតាមការធ្វើចលនារបស់សត្វតោ ស្គរធ្វើតាមតោឈិង និង គងធ្វើតាមអ្នកលេងស្គរ។ ការរាំម៉ុងសាយ គឺជាការរួមបញ្ចូលសិល្បៈប្រវត្តិសាស្ត្រនិងក្បាច់គុនកុងហ្វូ ។ ជាទូទៅអ្នករាំម៉ុងសាយ គឺជាអ្នកហាត់កុងហ្វូ ហើយការរាំលោតម៉ុងសាយនេះមានមនុស្សប្រហែលជា ១០ នាក់។
ការហក់លោតម៉ុងសាយ គឺគេសម្តែងនៅក្នុងអំឡុងពេលពីរបីថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំចិន។ ម៉ុងសាយមួយ គេត្រូវការឲ្យមានអ្នករាំចំនួនពីរនាក់ ម្នាក់គឺនៅក្បាលតោ និង ម្នាក់ទៀតនៅកន្ទុយតោ។
រូបរាងរបស់តោ និងពណ៌រោម ក៏មានអត្ថន័យរបស់វាដែរ។ ទ្រឹស្តីគ្រឿងផ្សំ ចំនួនប្រាំពណ៌ តំណាងនិមិត្តសញ្ញាទាំងប្រាំបី និង ពណ៌ គឺសុទ្ធតែទាក់ទងនឹងហុងស៊ុយដែលជាមូលដ្ឋានសម្រាប់បកប្រែពីពណ៌របស់តោ ។ ជាប្រពៃណី វាប្រហែលជាមានការបកប្រែខុសគ្នាដោយអាស្រ័យលើការជះឥទ្ធិពលពីរឿងនិទានតំណាលតៗគ្នា៕

ប្រភព ៖ ឈួរ សុបញ្ញា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម