Connect with us

ហេតុអ្វី បានជាពលរដ្ឋខ្មែកាត់ចិន សម្រុកទៅជាវអំពៅខ្មៅ នៅព្រះវិហារចិនក្រុងតាខ្មៅ យ៉ាងច្រើនបែបនេះ?

កណ្តាល៖ ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន នៅថ្ងៃទី ១ នៃឆ្នាំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ បាននាំគ្នាទៅជាវអំពៅខ្មីនៅព្រះវិហារអ្នកតា នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសុំក្តីសុខសប្បាយទៅតាមជំនឿរបស់ខ្លួន ។
គេឃើញមានអំពៅខ្មៅ និងដើមទទឹមរាប់ពាន់ដើម ព្រមទាំងផ្លែឈើសំរាប់សែនជាច្រើន ត្រូវបានគេយកមកដាក់លក់ នៅលើដងផ្លូវ ខាងមុខវិហារលោកតាចិន ។ បើទោះបីជាមានការដាក់លក់ច្រើនបែបនេះក្ដី ក៏តម្លៃនៅតែថ្លៃដដែល ព្រោះតែអ្នកទៅទិញ មានយ៉ាងច្រើនកុះករ ក្នុងនោះ អំពៅខ្មៅមួយដើម តម្លៃ៨ពាន់ ទៅ ១ម៉ឺនរៀល ចំណែកមែកដើមទទឹមមានផ្លែផ្កា មួយបាច់តម្លៃ ៧ពាន់ ទៅ១ម៉ឺនរៀល ។

ទាក់ទិនប្រវត្តិដើមអំពៅខ្មៅនេះ ត្រូវបានគេដំណាលតៗគ្នាថា ៖ កាលពីព្រេងនាយ មានគ្រួសារមួយ ថ្ងៃចូលឆ្នាំចិន បានយកនំចំណីផ្លែឈើទៅសែន នៅរោងលោកតាចិន នៅឆ្ងាយពីផ្ទះ ។ ពេលសែនរួចហើយ រៀបត្រឡប់មកផ្ទះវិញ បានទិញអំពៅខ្មៅនៅរោងលោកតា យកមកផ្ញើកូនដែលនៅផ្ទះ ។ ពេលត្រឡប់មកដល់ផ្ទះ ស្រាប់តែភ្លើងកំពុងឆេះផ្ទះគាត់យ៉ាងសន្ធោសន្ធៅ ។ ពីនាក់ប្ដីប្រពន្ធភ័យស្លន់ស្លោ បានកាច់មែកឈើវាយពន្លត់ភ្លើង ក៏មិនរលត់ ។ ពេលនោះបុរស ជាប្ដីបានយកដើមអំពៅខ្មៅ ដែលទិញពីរោងលោកតា មកវាយភ្លើងដែលកំពុងឆេះខ្លាំងនោះ ក៏រលត់យ៉ាងលឿនអស់ទៅ ។

ចាប់ពីពេលនោះមក ជនជាតិចិន មានជំនឿតៗគ្នាមកថា ដើមអំពៅខ្មៅ យកមកពីរោងលោកតាចិន ទៅសែននៅផ្ទះ គឺ បានត្រជាក់ត្រជុំ បណ្ដេញគ្រោះអាក្រក់ចង្រៃ និងនាំសេចក្តីសុខសប្បាយមកក្នុងក្រុមគ្រួសារ រកទទួលទានមានបានផងដែរ។
សូមជម្រាបថា អ្នកតាចិននៅក្រុងតាខ្មៅ ឈ្មោះប៉ោសែ ហៅលោកតាធំ ហើយជាលោកតាចិនដែលធំជាងគេ ក្នុងស្រុកខ្មែរ ដែលរោងលោកតានេះ មានទីតាំងក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខាងលិចជាប់ផ្លូវជាតិលេខ២១អា ។ ដោយសារ លោតាធំជាងគេ ទើបមានអ្នកជាប់សែស្រឡាយចិនច្រើននាក់ មកពីគ្រប់ទិសទី មកអុជធូបបន់ស្រន់ សុំសេចក្ដីសុខ រកទទួលទៀនមានបាន ៕
អត្ថបទ៖ គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម