Connect with us

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ពលរដ្ឋ គាំទ្រ និងចូលរួមជំរឿនទូទៅ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៣ ខែមីនាខាងមុខនេះ

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវតាមរយៈសារលិខិតមួយដល់ជនរួមជាតិ គាំទ្រ និងចូលរួមការធ្វើជំរឿនទូទៅប្រជាជនកម្ពុជា ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។ សម្តេច បានស្នើរដល់ពលរដ្ឋ ត្រូវចូលរួមផ្ដល់ព័ត៌មានតាមសំណួរ សម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងស្មោះត្រង់ ជូនមន្ដ្រីធ្វើជំរឿនប្រជាជន ។

តាមរយៈសារអំពាវនាវដែលបានផ្សព្វផ្សាយ នៅថ្ងៃទី០៥ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនប្រជាជនកម្ពុជានេះ នឹងអាចឲ្យយើងបានទិន្នន័យប្រជាសាស្ត្រពិតប្រាកដរបស់ប្រទេស និងជួយឲ្យរដ្ឋាភិបាល អាចរៀបចំតាក់តែង គោលនយោបាយបានត្រឹមត្រូវ ព្រមទាំងការអនុវត្តកម្មវិធីផ្សេងៗ ឲ្យទទួលបានតុល្យភាពនៃការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា ជំរឿនប្រជាជន គឺជាប្រភពតែមួយគត់ ដែលអាចផ្តល់ទិន្នន័យពេញលេញ អំពីចំនួនប្រជាជន និងចរិតលក្ខណៈប្រជាជន នៅក្នុងប្រទេស ។ ជំរឿនប្រជាជន គឺអនុវត្តលើវិសាលភាពពេញផ្ទៃប្រទេស ដែលអាចផ្តល់ព័ត៌មានអំពីប្រជាជន ក្នុងមូលដ្ឋាន រហូតដល់មូលដ្ឋានថ្នាក់ទាបបំផុត ដែលជាតម្រូវការ មិនអាចមានប្រភពទិន្នន័យណាមកជំនួសបាន។

សម្ដេចបានគូសបញ្ជាក់ថា ទិន្នន័យជំរឿន នឹងផ្តល់ជាសូចនាករ តាមដាន ត្រួតពិនិត្យ ការសម្រេចបានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃរបៀបវារៈ ឆ្នាំ២០១៦-២០៣០ ដោយមិនទុកចោលអ្នកណាម្នាក់ឡើយ។
សូមបញ្ជាក់ថា ជំរឿនទូទៅប្រជាជននៅកម្ពុជា ដែលនឹងចាប់ផ្តើមពីថ្ងៃទី០៣ ខែមិនា ខាងមុខនេះ គឺជាជំរឿនលើកទី១ ដែលប្រើប្រាស់ថវិកាជាតិ បន្ទាប់ពីប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ មានចំណូលមធ្យមកំរិតទាប។ នេះជាជំរឿនលើកទីបី បន្ទាប់ពីជំរឿនលើកទីពីរ នៅឆ្នាំ២០០៨ គឺរយៈពេលដប់មួយឆ្នាំគត់ ស្របតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់នូវកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ត្រូវចូលរួមសហការក្នុងការធ្វើជំរឿន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម