Connect with us

ដឹងទេ ក្រោយពេលរំសាយ តើបុគ្គលិកភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» នឹងទៅទីណា?

ភ្នំពេញ ៖ ទីបំផុត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការរំសាយសហគ្រាសសាធារណៈភ្នាក់ងារកម្ពុជានាវាចរ ហៅថា «កាំសាប» ។
បើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា នៅថ្ងៃទី៥ ខែកុម្ភៈ បានញ្ជាក់ថា ត្រូវបានបញ្ចប់បេសកកម្ម និងរំសាយសហគ្រាសសាធារណៈដែលមានលក្ខណៈជាក្រុមហ៊ុនរដ្ឋ ឈ្មោះ ភ្នាក់ងារកម្ពុជានាវាចរ ហៅថា កាំសាប ដែលបង្កើតឡើងតាមអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៩៩ ស្ដីពីការបង្កើតសហគ្រាសភ្នាក់ងារកម្ពុជានាវាចរ កាំសាប ដែលចាប់អនុវត្តន៍ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩តទៅ ។
ជាមួយគ្នានេះ អនុក្រឹត្យ ក៏បានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្របសម្រួលផ្ទេរក្របខណ្ឌនិយោជក និង និយោជិត របស់កាំសាប តាមលទ្ធភាព និងតម្រូវការជាក់ស្ដែង ចូលទៅក្នុងក្របខណ្ឌមន្រ្តីរាជការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ឬ កំពង់ផែស្វយ័តភ្នំពេញ ឬ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ប្រធានអគ្គនាយកកាំសាប

ដោយឡែក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឋានៈជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងជាអាណាព្យាបាលហិរញ្ញវត្ថុ ត្រូវសម្របសម្រួលជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីធ្វើការផ្ទេរទ្រព្យសម្បត្តិរបស់កាំសាប អចលនវត្ថុ ចលនវត្ថុ រតនវត្ថុ និងកាតព្វកិច្ចហិរញ្ញវត្ថុដទៃទៀតរួមទាំងបំណុលត្រូវទារ និងបំណុលត្រូវសងតាមនីតិវិធីជាធរមាន ។
កាលពីចុងខែមករា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា ការលុបចោលស្ថាប័នកាំសាប ធ្វើឲ្យកម្ពុជា បាត់ចំណូលតែ ៥០ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ ។ ប៉ុន្ដែការលុបនេះ ដើម្បីការរស់រាន និង ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ ភាពសម្រួលពាណិជ្ជកម្ម ខណៈដែលបច្ចុប្បន្ន បច្ចេកវិទ្យាកាន់តែទំនើប នាវាបរទេស អាចធ្វើការទាក់ទងដោយផ្ទាល់មកកំពង់ផែតែម្ដង ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម