គម្រោងបំពាក់អ៊ីនធឺណិតអត់ខ្សែ និងមិនគិតថ្លៃ កំពុងរង់ចាំការសម្រេចពីអាជ្ញាធរជាតិអប្សរា
សៀមរាប ៖ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់សំណើទៅកាន់អាជ្ញាធរ ជាតិអប្សរា ដើម្បីសុំបំពាក់អ៊ីនធឺណិតអត់ខ្សែ និងមិនគិតថ្លៃ សម្រាប់ឲ្យភ្ញៀវទេសចរប្រើប្រាស់នៅតំបន់អង្គរ ប៉ុន្តែមិនទាន់មានការសម្រេចនៅឡើយនោះទេ ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែមករា ឆ្នាំ២០១៩ បានចូលរួមក្នុងកិច្ចប្រជុំនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីពិភាក្សាអំពីគម្រោងបំពាក់ប្រព័ន្ធអ៊ីនធឺណិតគឥតខ្សែ បច្ចេកវិទ្យាជំនាន់ទី ៥ (5G WiFi) ក្នុងបំណងបម្រើសេវាអ៊ិនធឺណិតល្បឿនលឿន និងសេវាកម្ម Online ផ្សេងទៀត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរ ។
តាមគេហទំព័រក្រសួងប្រៃសណ៍យ៍ និងទូរគមនាគមន៍ លោក រដ្ឋមន្រ្ដី ត្រាំ អ៊ីវតឹក បានលើកឡើងថា គម្រោងប្រព័ន្ធអ៊ីនធឺណិតឥតខ្សែ បច្ចេកវិទ្យាជំនាន់ទី ៥ (5G WiFi) នេះ គឺជាផ្នែកមួយនៃការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីជំរុញការផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលនឹងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរឡើង ។
ទាក់ទិននឹងសំណើនេះ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា អាជ្ញាធរជាតិ កំពុងសិក្សាពីអត្ថប្រយោជន៍ និងផលប៉ះពាល់ជុំវិញសំណើរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ ។
ដោយឡែក លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានចាត់ទុកគម្រោងនេះ ថា ជាការល្អប្រសើរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលជាផ្នែកមួយដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា ឲ្យរឹតតែលឿនជាងមុន ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍