ដោយសារជំងឺអេដស៍ កម្ពុជា បានចំណាយថវិកាអស់ប្រមាណ ៨០០លានដុល្លារ ក្នុងរយៈពេល២៨ឆ្នាំមកនេះ
ភ្នំពេញ ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអោយដឹងថា កម្ពុជា ស្ថិតក្នុងចំណោមប្រទេសចំនួន៧ លើពិភពលោក ដែលទទួលបានជោគជ័យខ្លាំងក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនោះ រយៈពេលជាង២៨ឆ្នាំ កន្លងទៅនេះ ថវិកាចំណាយ ក្នុងការឆ្លើយតបនឹងជំងឺអេដស៍មានប្រមាណ ៨០០លានដុល្លារអាមេរិក។
លោក ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ លើកឡើងនៅក្នុងសន្និ សីទពានរង្វាន់ព្រះអង្គម្ចាស់ម៉ាហ៊ីដុល ឆ្នាំ២០១៩ កាលពីសប្តាហ៍មុននេះថា កម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ក្នុងចំណោមប្រទេស ៧ នៅលើសកលលោក ដែលបានជោគជ័យជាងគេក្នុងការសម្រេចបាន គោលដៅ ៩០-៩០-៩០ នៅឆ្នាំ ២០១៧ ក្នុងនោះ រួមមាន ប្រទេសបុតស្វាណា កម្ពុជា ដាណឺម៉ាក អ៊ីស្លង់ សឹង្ហបុរី ស៊ុយអ៊ែត និង អង់គ្លេស ។
លោក ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គោលដៅ ៩០-៩០-៩០ មានន័យថា ៩០%នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពជំងឺអេដស៍របស់ខ្លួន, ៩០%នៃអ្នកដឹងពីស្ថានភាពជបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩០% នៃអ្នកបានទទួលការព្យាបាល មានបន្ទុកមេរោគអេដស៍ទាបបំផុតនៅក្នុងឈាម ។
ជាមួយគ្នានេះ កម្ពុជា បានប្តេជ្ញាបញ្ចប់ការចម្លងមេរោគអេដស៍នៅឆ្នាំ ២០២៥ គឺមុនការប្តេជ្ញាចិត្តរបស់ពិភពលោក រយៈពេល៥ឆ្នាំ ។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ដែលជំនួយពីប្រភពខាងក្រៅបន្តធ្លាក់ចុះ ការផ្តល់ហិរញ្ញវត្ថុពីថវិកាជាតិបាន និងកំពុងបង្កើន ។
ទោះជាយ៉ាងនេះក្តី លោក ទេសរដ្ឋមន្ត្រី អៀង មូលី បានទទួលស្គាល់ថា អាជ្ញាធរ មានការលំ បាកក្នុងការស្វែងរកអ្នកជំងឺអេដស៍ ១ម៉ឺននាក់ ដែលបាត់ មិនបានចូលក្នុងប្រព័ន្ធព្យាបាល ព្រមជាមួយថវិកាសម្រាប់ប្រព័ន្ធសុខាភិបាល មានភាពរាយប៉ាយ មិនមានការផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិល រួមទាំងការគំរាមកំហែងពីជំងឺមិនឆ្លងផងដែរ ។
ប៉ុន្តែ លោក ទេសរដ្ឋមន្រ្តី មានការជឿជាក់ក្នុងការឈានទៅលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ ដោយកម្ពុជា មាននូវ ឆន្ទៈនយោបាយដ៏មោះមុត និងសមត្ថភាពបច្ចេកទេស ខណៈសេដ្ឋកិច្ចបន្តនូវកំណើន ដែលមាននូវលំហថវិកា ហើយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺជាជើងឯកក្នុងការធ្វើចលនាប្រភពធនធាន ។ ទន្ទឹមនឹងនេះ លោក ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ បានប្តេជ្ញាធ្វើឱ្យសម្រេចនូវការផ្តល់សេវាសុខាភិបាលជាសកល តាមរយៈគម្រោងគាំពារសង្គមផងដែរ ។
សូមបញ្ជាក់ថា គោលនយោបាយគាំពារសង្គម ឆ្នាំ២០១៦-២០២៦ គឺជាចក្ខុវិស័យរយៈពេលវែងដែលរាជជរដ្ឋាភិបាល បង្កើតឡើង ដើម្បីឱ្យមានប្រព័ន្ធមួយដែលមានប្រសិទ្ធភាព និរន្តរភាព និងជាឧបករណ៍ក្នុងការកាត់បន្ថយភាពក្រីក្រ ភាពងាយរងគ្រោះ និង វិសមភាព។
យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសហប្រជាជាតិ មានមនុស្សជាង ៣៦លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅជុំវិញពិភពលោក។ ជារៀងរាល់ឆ្នាំ មានមនុស្សប្រមាណ ១លាន ៨សែននាក់ បានឆ្លងមេរោគអេដស៍ និង ៩សែន ៤ម៉ឺននាក់ បានស្លាប់ដោយសារជំងឺអេដស៍ ខណៈអ្នកជំងឺរាប់លាននាក់ក្នុងពេលបច្ចុប្បន្ន កំពុងទទួលការសង្គ្រោះជីវិតដោយឱសថប្រឆាំងមេរោគអេដស៍ ហើយក៏នៅមានមនុស្សរាប់លាននាក់ទៀត កំពុងត្រូវការការថែទាំសុខភាពរបស់ពួកគេបែបនេះដូចគ្នាដែរ ។
កាលពីឆ្នាំ ២០១៧ កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧២០០០នាក់ ក្នុងនោះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណជាង ៨០ភាគរយ បានទទួលការថែទាំសុខភាព និងការព្យាបាល បានត្រឹមត្រូវ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍