Connect with us

សូម​ត្រៀម​រក្សា​ទឹក​ទុក​ប្រើប្រាស់​!​ ​ចាប់ពី​ចុងខែ​មីនា​ ​សីតុណ្ហភាព​នឹង​ឡើង​ដល់​ជាង៤០​ ​អង្សា​សេ​

ភ្នំពេញ​ ​៖​ ​ប្រទេស​កម្ពុជា​ ​នឹង​កើនឡើង​កម្តៅ​ពី​ ​៣៣អង្សា​សេ​ ​នា​ពេល​បច្ចុប្បន្ន​ ​រហូតដល់​ ​៤២អង្សា​សេ​ ​ចាប់ពី​ចុងខែ​មីនា​ ​ខាងមុខនេះ​ ​ដោយសារតែ​បាតុភូត​ ​El​ ​Nino​ ​។​ ​ការ​ក្តៅ​ហួតហែង​ខ្លាំង​នោះ​ ​នឹង​មាន​រយៈពេល​ដល់ទៅ២ខែ​ ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ហើយ​រដូវវស្សា​ ​ក៏​នឹង​ចាប់ផ្តើម​ ​យឺត​ជាង​ឆ្នាំមុន​ ​។​ ​


​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ ​លោក​ ​ចាន់​ ​យុត្​ថា​ ​អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​បញ្ជាក់​ថា​ ​នៅពេល​នេះ​ប្រទេស​កម្ពុជា​ ​មាន​សីតុណ្ហភាព​អប្បបរមា​ពី​ ​២៥​ ​ទៅ​ ​២៦​ ​អង្សា​សេ​ ​និង​សីតុណ្ហភាព​អតិបរិមា​ ​ពី​ ​៣៣​ ​ទៅ​ ​៣៥​ ​អង្សា​សេ​ ​ពោល​គឺ​កំពុង​កើនឡើង​កំ​ដៅ​ក្នុង​ចន្លោះ​ពី​ ​១​ ​ទៅ​ ​២​ ​អង្សា​សេ​។​ ​និន្នាការ​នៃ​ការ​កើនឡើង​សីតុណ្ហភាព​ ​នា​ពេលនេះ​ ​គឺ​បណ្ដាលមកពី​ឥទ្ធិពល​ខ្យល់មូសុង​ឦសាន​ ​ដែល​ធ្វើឲ្យ​បរិយាកាស​នៅ​លើ​ផ្ទៃដី​គ្រប​ដណ្តប់​ដោយ​កម្រិត​សម្ពាធ​ទាប​ ​ហើយ​វា​ក៏​ជាផ្នែក​មួយ​នៃ​បាតុភូត​ ​El​ ​Nino​។​
​ដោយឡែក​ ​ចាប់ពី​ចុងខែ​មីនា​ ​ដល់​ចុងខែ​ឧសភា​ខាងមុខ​ ​សីតុណ្ហភាព​អតិបរិមា​ ​នឹង​កើនឡើង​ក្នុងរង្វង់​ ​៤០​ ​ទៅ​ ​៤២​ ​អង្សា​សេ​ ​ដែល​បង្ក​ឲ្យ​មាន​ភាពក្ដៅ​ហួតហែង​ ​និង​ស្អុះស្អាប់​ខ្លាំង​ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។​ ​ក្នុងរយៈពេល២ខែ​នោះ​ ​ភ្លៀងកក់ខែ​ស្ទើរតែ​នឹង​មិន​អាច​កើតមាន​នោះ​ទេ​ ​ហើយ​វា​ក៏​ធ្វើឲ្យ​មានដំណើរ​ប្រែប្រួល​ ​នៃ​រដូវវស្សា​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​
​អ្នកនាំពាក្យ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ក៏បាន​អំពាវនាវ​ ​ឲ្យ​ប្រជាកសិករ​ ​ត្រូវ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ ​ធ្វើ​យ៉ាងណា​កុំ​បូម​បាចទឹក​ចេញពី​ក្នុង​ស្រះ​ ​ត្រពាំង​ ​ឬ​តាម​ប្រភព​ដៃទន្លេ​ ​បឹងបួ​នានា​ ​ដើម្បី​ចាប់ត្រី​មក​បរិភោគ​តែ​ក្នុងរយៈពេល​ខ្លី​ ​ហើយ​ធ្វើឲ្យ​មាន​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុងអំឡុងពេល​ដែល​មាន​គ្រោះ​រាំងស្ងួត​ ​កំពុង​ចូល​មកដល់​។​ ​


​គួរ​រម្លឹក​ថា​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ចេញ​សារាចរណែនាំ​ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ ​កាលពី​ថ្ងៃទី​ ​១៧​ ​ខែមករា​ ​ដោយ​បាន​ធ្វើការ​ណែនាំ​ ​ថា​ ​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​នៅក្នុង​ឆ្នាំ​ ​២០១៩​ ​នេះ​ ​គឺ​អាច​ធ្វើ​បានតែ​មួយដង​ប៉ុណ្ណោះ​ ​ដោយ​មិន​អាច​ធ្វើ​ស្រូវប្រាំង​លើក​ទី២​ ​បានទេ​ ​បើ​ទោះបីជា​ ​ទឹក​នៅ​តាម​បណ្ដា​អាង​ដែល​បាន​រក្សាទុក​ ​និង​កន្លែង​មួយចំនួន​ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏ដោយ​ ​គួរគប្បី​រក្សា​ទឹក​ទាំងនោះ​ ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​និង​ការ​ដាំដំណាំ​រួមផ្សំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​ ​។​ ​
​សម្តេច​តេជោ​ ​ក៏បាន​ណែនាំ​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ​ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុកឲ្យ​បាន​ល្អ​ ​ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើ​ប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ជា​ធម្មតា​ឡើងវិញ​ ​។​ ​


​ក្រៅពី​នេះ​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ​ត្រូវ​ត្រៀមលក្ខណៈ​ជួយ​ ​ ​ ​ ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ​ដែល​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិ​នានា​ ​ដូចជា​ខ្យល់​កន្រ្តាក់​ជាដើម​ ​។​
​បើ​តាម​លោក​ ​កែវ​ ​វី​ ​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ​បាន​អោយ​ដឹង​ថា​ ​ស្រូវប្រាំង​របស់​ពលរដ្ឋ​ចំនួន​ជាង​ ​២​ ​ម៉ឺន​ហិ​ក​តា​ ​ស្ថិត​ក្នុង​ខេត្ត​ ​ខេត្ត​បន្ទាយមានជ័យ​ ​សៀមរាប​ ​ស្វាយរៀង​ ​ព្រៃវែង​ ​កណ្ដាល​ ​កំពង់ធំ​ ​បាត់ដំបង​ ​កំពង់ស្ពឺ​ ​និង​ខេត្តពោធិ៍សាត់​ ​កំពុង​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំងស្ងួត​ ​។​ ​
​លោក​ ​កែវ​ ​វី​ ​ក៏បាន​បញ្ជាក់​ថា​ ​ការ​ខ្វះខាត​ទឹក​នេះ​ ​គឺ​មាន​ស្ទើរតែ​គ្រប់​ខេត្ត​ ​ចាប់តាំងពី​ខែធ្នូ​មក​ ​ប៉ុន្ដែ​ខេត្ត​ខ្លះ​ ​មិនទាន់​មានការ​ខ្វះខាត​ទឹក​ខ្លាំង​ ​ដោយសារ​វា​មាន​ប្រភព​ទឹ​ក​ផ្សេង​ៗ​ ​ដែល​អាច​ធ្វើអន្តរាគមន៍​សង្គ្រោះ​ទាន់ពេល​វេលា​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម