ក្រសួងវប្បធម៌ អំពាវនាវដល់យុវជន កុំអោយប្រើប្រាស់ទិវានៃក្តីស្រឡាញ់ ដោយភ័ន្តច្រឡំ
ភ្នំពេញ ៖ ៣ថ្ងៃ មុនការចូលមកដល់នៃទិវាបុណ្យនៃក្តីស្រឡាញ់ ដែលជាវប្បធម៌បរទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវមួយ ដោយស្នើអោយយុវជន កុំអោយប្រើប្រាស់ទិវានេះ ដោយភ័ន្តច្រឡំ ប៉ះពាល់ដល់វប្បធម៌ និងប្រពៃណីដ៏ល្អរបស់ជាតិ ។
តាមសេចក្ដីអំពាវនាវ ដែលបានចេញនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ បាននិងកំពុងជ្រៀតចូលមកក្នុងសង្គមកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន បណ្តាលឲ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ ដោយភាពភ័ន្តច្រឡំ នាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិទៀតផង។
ក្រសួងវប្បធម៌ បានបន្ថែមទៀតថា ក្នុងបរិការណ៍នេះ ប្រជាជន ជាពិសេសយុវជនកម្ពុជា ត្រូវសិក្សាស្វែងយល់ឲ្យស៊ីជម្រៅចំពោះវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតា ព្រមទាំងត្រូវសិក្សាស្វែងយល់ឲ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារ និងឥទ្ធិពលនៃវប្បធម៌ ទំនៀមទម្លាប់ ពីខាងក្រៅ ដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថ និងបរិបទនៃសង្គមរបស់ខ្លួន ក្នុងគោលដៅរក្សាឲ្យបាននូវអត្ថិភាព ជាប្រជាជាតិថ្លៃថ្នូរមួយ ដែលមានវ័យចំណាស់ រាប់ពាន់ឆ្នាំ មកហើយនៅទ្វីបអាស៊ីនេះ។
ក្រសួងវប្បធម៌ បានលើកឡើងទៀតថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្តីស្រឡាញ់ប្រកបដោយភាពទូលំទូលាយ និងសន្តានចិត្តស្មោះសរ ចំពោះមនុស្សដែលនៅជុំវិញខ្លួន មានជាអាទិ៍៖ ក្រុមគ្រួសារ, ឪពុកម្តាយ, ប្ដី ប្រពន្ធ, កូន, ចៅ និងចំពោះអ្នក ដែលនៅក្នុងសង្គមជាមួយគ្នា ដូចជា៖ ជនពិការ, កុមារកំព្រា, និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម ក្រោមរូបភាព ការជួបជុំពិភាក្សាគ្នា ឬ ទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ, ការសរសេរលិខិតជូនពរ, ការជូនអំណោយផ្សេងៗ ដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌, ពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណ, បុព្វការីជន ចំពោះមនុស្សដែលខ្លួនស្រឡាញ់ និងចំពោះសង្គមជាតិ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ, អប់រំ, ពន្យល់ណែនាំ, ក្រើនរំលឹក ដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន, របស់ក្រុមគ្រួសារ, ពិសេសដើម្បីរួមចំណែកលើក កម្ពស់កិត្យានុភាពនៃសង្គមជាតិ ។
សូមរម្លឹកផងដែរថា កាលពីសប្តាហ៍មុន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញក្តីព្រួយបារម្ភ និងបានដាក់ចេញការណែនាំមួយមុនពេលនៃការចូលមកដល់ថ្ងៃទិវាបុណ្យនៃក្តីស្រឡាញ់នេះ ។
ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឲ្យផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជា តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្តីស្រឡាញ់ ។ ត្រូវពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។
ក្រៅពីនេះ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ត» ព្រមទាំង ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អាណាព្យាបាលសិស្ស ដើម្បីផ្តល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍