ប្រទេសឆែក បានជួយដល់ពលរដ្ឋកម្ពុជា ជាង ១សែន ២ម៉ឺននាក់ ដើម្បីធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ
ភ្នំពេញ ៖ នៅឆ្នាំ ២០១៨កន្លងទៅនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានផ្តល់មូលនិធិដល់គម្រោងចំនួនបី ដែលស្ថិតក្រោមកម្មវិធីជំនួយមនុស្សធម៌នៅកម្ពុជា ។ ចំណុចសំខាន់នៃគម្រោងដែលបានគាំទ្រ គឺដើម្បីលើកកម្ពស់ឲ្យប្រជាពលរដ្ឋកម្ពុជា មានការត្រៀមខ្លួនទុកមុនចំពោះគ្រោះមហន្តរាយធម្មជាតិ និង ដើម្បីពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងជាមុន នៅក្នុងប្រទេស។
សាធារណរដ្ឋឆែក គឺជាដៃគូអភិវឌ្ឍន៍ដ៏យូរអង្វែងមួយសម្រាប់ប្រទេសកម្ពុជា ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះសមិទ្ធិផលនៃការអភិវឌ្ឍន៍គម្រោង ត្រូវបានគំរាមកំហែងដោយគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់ ឬ គ្រោះរាំងស្ងួត ក្នុងប្រទេសកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានអាំងតង់ស៊ីតេ មិនធ្លាប់មានពីមុនមក ។
ផ្អែកលើបញ្ហានេះ ក្រសួងការបរទេសឆែក បានបង្កើតកម្មវិធីមនុស្សធម៌ថ្មីមួយឡើង ក្នុងគោលបំណងគាំទ្រលើភាពធន់ទៅនឹងគ្រោះមហន្តរាយនៅក្នុងប្រទេសអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់សាធារណរដ្ឋឆែក ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាទិភាពទាំងនោះ។
ក្នុងឆ្នាំ២០១៨ កម្មវិធីថ្មីនេះ បានជួយបង្កើនសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ដោយគ្រោះមហន្តរាយធម្មជាតិដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១២២,០០០ នាក់ ។ គម្រោងចំនួនបី ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជាដោយអង្គការក្រៅរដ្ឋាភិបាលឆែក ដូចជា អង្គការភីន, អង្គការការីតាសនៃសាធារណៈរដ្ឋឆែក, និងអង្គការ Diaconia (មជ្ឈមណ្ឌលសង្គ្រោះ និងអភិវឌ្ឍន៍) ។
គម្រោងនីមួយៗ ត្រូវបានផ្តោតលើការកាត់បន្ថយហានិភ័យផ្សេងៗនៃគ្រោះមហន្តរាយធម្មជាតិតាមរយៈវិធីសាស្រ្តច្នៃប្រឌិត រួមមានក្រុមគោលដៅ និងដំណោះស្រាយបច្ចេកទេសផ្សេងៗ។
គម្រោង ”ការកសាងភាពធន់ និងការត្រៀមខ្លូនទុកជាមុនសម្រាប់ទប់ទល់ទៅនឹងបញ្ហាគ្រោះមហន្តរាយនៅក្នុងសហគមន៍នៅក្នុងខេត្តកំពង់ឆ្នាំង” ត្រូវបានអនុវត្តន៏ដោយអង្គការការីតាស សាធារណៈរដ្ឋឆែក ក្នុងគោលបំណងពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនដែលមានស្រាប់នៅតាមតំបន់ជនបទ ជាពិសេសនៅសាលាបឋមសិក្សា និងភូមិដែលនៅជាប់គ្នានៅក្នុងខេត្តកំពង់ឆ្នាំង។ សិស្សសាលា, ឪពុកម្តាយ និងគ្រូបង្រៀនរបស់ពួកគេ ត្រូវបានផ្តល់នូវការបណ្តុះបណ្តាលពិសេសៗ ដើម្បីរៀនពីរបៀបរស់នៅពេលទឹកជន់ភ្លាមៗ និងយល់ដឹងពីទីកន្លែងដែលមានសុវត្ថិភាពនៅជុំវិញសាលារៀន និងភូមិនានា ។ ទន្ទឹមនឹងនេះ កុមារបានរៀនពីរបៀបត្រៀមរៀបចំសម្រាប់គ្រោះរាំងស្ងួត និងវិធីរក្សាទឹកទុក។
ទាំងនេះ ត្រូវបានអមដោយសកម្មភាពនៃការដាំបន្លែ ឬ ការដាំដើមឈើនៅសាលារៀនដែលបានជួយឲ្យកុមារមានការយល់ដឹងកាន់តែប្រសើរឡើងអំពីបរិស្ថាន, សារៈសំខាន់នៃការដាំដុះនិងរក្សាទឹកនៅក្រោមដី ។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវសមាសភាគមួយ ដែលគាំទ្រដល់បរិស្ថានប្រកបដោយសុវត្ថិភាពនិងអនាម័យនៅក្នុងសាលារៀន។
ម៉្យាងវិញទៀត នៅក្នុងគម្រោងរបស់អង្គការភីន ដែលហៅថា ”ការកាត់បន្ថយគ្រោះមហន្តរាយនិងការប្រកាសឲ្យដឹងជាមុន” បានជ្រើសរើសវិធីសាស្ត្របច្ចេកទេសបន្ថែមទៀតស្របតាមសកម្មភាពរយៈពេលវែងរបស់ខ្លួន ក្នុងការពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនក្នុងករណីទឹកជំនន់ ។ ដំណោះស្រាយ បានរួមបញ្ចូលប្រព័ន្ធរង្វាស់ទឹកពិសេស ដើម្បីផ្ញើសារប្រកាសទៅកាន់ប្រជាជនក្នុងតំបន់ ។
គម្រោងនេះ មិនត្រឹមតែផ្តោតលើតំបន់ទីប្រជុំជនប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តោតលើសហគមន៍ដែលប្រឈមនឹងគ្រោះទឹកជំនន់ភ្លាមៗនៅតាមជនបទ ជាពិសេសនៅខេត្តក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងឧត្តរមានជ័យ។
គម្រោងរបស់អង្គការ Diaconia «ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ» បានផ្តោតជាពិសេសលើកសិករកម្ពុជាខ្នាតតូច នៅខេត្តពោធិ៍សាត់ ដែលងាយរងគ្រោះពីគ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុ ។ ចំពោះអ្នកដែលរស់នៅក្នុងតុល្យភាពទន់ខ្សោយជាមួយធម្មជាតិ ភាព បម្រែបម្រួលអាកាសធាតុខ្លាំង អាចបណ្តាលឱ្យបាត់បង់ប្រាក់ចំណូល និងការធ្លាក់ចូលក្នុងភាពក្រីក្រ។ នៅក្នុងផ្នែកសំខាន់នៃគម្រោងរបស់អង្គការ Diaconia នេះ ផ្តោតលើការបណ្តុះបណ្តាលកសិករក្នុងការធ្វើកសិកម្មប្រកបដោយនិរន្តរភាព និងគ្រោះមហន្តរាយ និងស្វែងរកដំណោះស្រាយបច្ចេកទេសដើម្បីប្រមូល និងរក្សាទឹកភ្លៀងទុកក្នុងគោលបំណងកសិកម្ម និងប្រព័ន្ធធារាសាស្រ្ត។
ការពង្រឹងភាពធន់ និងការត្រៀមរៀបចំទុកមុនសម្រាប់គ្រោះមហន្តរាយ គឺមានសារៈសំខាន់សម្រាប់សុវត្ថិភាពអ្នករស់នៅក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសនាពេលអនាគតផងដែរ ។ ការត្រៀមខ្លួនទុកមុន និងប្រព័ន្ធប្រកាសឲ្យដឹងមុន គឺជាគោលដៅចម្បងនៃកម្មវិធីជំនួយមនុស្សធម៌របស់សាធារណរដ្ឋឆែកនៅកម្ពុជា ដែលអាចបង្ការ និងជួយដល់សង្គមកាត់បន្ថយនូវការខូចខាត និងឱ្យមានការប្រើប្រាស់ធនធានហិរញ្ញវត្ថុក្នុងការគាំទ្រដល់កិច្ចការអភិវឌ្ឍន៍លើវិស័យដទៃទៀតដែលមានសារៈសំខាន់សម្រាប់ការរំពឹងទុកនៃប្រទេស ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍