Connect with us

រដ្ឋមន្រ្តី​ ​ស្នើ​អោយ​មានការ​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​ជំនាញ​ឲ្យបាន​ច្រើន​ ​ស្របតាម​តម្រូវការ​ទីផ្សារ​ការងារ​

ភ្នំពេញ​៖​ ​លោក​បណ្ឌិត​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​នៅ​ថ្ងៃទី​ ​១៤​ ​ខែកុម្ភៈ​នេះ​ ​បាន​ជំរុញ​អោយ​មានការ​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​ជំនាញ​ឲ្យបាន​ច្រើន​ ​ព្រោះ​ ​ថា​បច្ចុប្បន្ន​នេះ​ ​តម្រូវការ​ទៅលើ​កម្លាំង​ពលកម្ម​ជំនាញ​ ​ពិតជា​មាន​តម្រូវការ​ខ្ពស់​ ​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ការវិវត្តន៍​របស់​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី​ ​៤.0​ ​។​


​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជំនាន់​ទី១​ ​និង​ទី២​ ​និង​ថ្នាក់​បរិញ្ញាបត្រ​រង​ជំនាន់​ទី៣​ ​និង​ទី៤​ ​សរុប​ចំនួន​ ​ប្រមាណ​ជាង៦០៥នាក់​ ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​ ​លោក​ ​អ៊ិ​ត​ ​សំ​ហេង​ ​បាន​លើកឡើង​ថា​ ​គ្រាន់តែ​នៅក្នុង​វិស័យ​សំណង់​មួយ​ ​មាន​តម្រូវការ​វិស្វករ​ ​អ្នកជំនាញ​ ​និង​កម្មករ​ជំនាញ​គ្រប់​ផ្នែក​យ៉ាងច្រើន​ ​។​ ​
​លោក​ ​រដ្ឋមន្រ្តី​ ​បាន​អះអាង​ថា​ ​ផែ្អ​ក​តាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​ ​តាមរយៈ​ការធានា​ ​ថែរក្សា​ឲ្យបាន​នូវ​សុខ​សន្តិភាព​ ​និង​ស្ថេរ​ភាព​នយោបាយ​ ​គឺជា​គន្លឹះ​ដ៏​រឹងមាំ​ ​ដើម្បី​អាច​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​គោ​លន​យោ​យ​នានា​ ​ជាពិសេស​ការ​ប្រែក្លាយ​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ២០៣០​ ​និង​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ ​នា​ឆ្នាំ២០៥០​ ​។​ ​


​លោក​ ​រដ្ឋមន្រ្តី​ ​ក៏បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​កម្ពុជា​ ​អាច​ធ្វើ​បាន​ ​ផ្អែកលើ​បទ​ពិសោធ​ន៏​ថ្នាក់ដឹកនាំ​ដ៏​គួរ​ឱ្យ​ជឿជាក់​ ​ដែល​ទោះ​ក្នុង​ស្ថានភាព​ណាក៏ដោយ​ ​ក៏​កម្ពុជា​ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ ​ក្នុង​ការ​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ធានា​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ ​និង​ភាព​ទាក់ទាញ​វិនិយោគ​ ​ធានា​នូវ​ឱកាស​ការងារ​ ​ឱកាស​សិក្សា​រៀនសូត្រ​ចំណេះដឹង​ ​វិជ្ជាជីវៈ​ ​ដើម្បីអនាគត​ដ៏​ល្អ​ត្រកាល​នៃ​ប្រជាជន​ ​។​
​បើ​តាម​របាយការណ៍​របស់​លោក​ ​គា​ ​បូរ៉ា​ត​ ​នាយក​វិទ្យាស្ថាន​អភិវឌ្ឍន៍​និស្សិត​ ​បាន​ឲ្យដឹង​ថា​ ​ចាប់តាំងពី​ពេល​កកើត​ដំបូង​នៅ​ឆ្នាំ២០០៧​ ​មកដល់​បច្ចុប្បន្ន​ ​វិទ្យាស្ថាន​ ​បាន​ប្រឹងប្រែង​ពង្រឹង​ ​និង​ពង្រីក​វិសាលភាព​ ​នៃ​ការ​បណ្តុះបណ្តាល​របស់​ខ្លួន​ ​តាំងពី​កម្រិតសិក្សា​រយៈពេល​ ​៣​-​៤​ ​ខែ​,​ ​កម្រិតមធ្យម​ ​រហូតដល់​កម្រិត​ឧត្តម​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​នៃ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​៕​

    Loading...

    ពេញនិយម