Connect with us

កម្ពុជា​-​ថៃ​ ​បាន​ឯកភាព​គ្នា​ ​បន្ត​នូវ​ភារកិច្ច​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ​និង​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន​ ​នៃ​ប្រទេស​ទាំងពីរ​

ភ្នំពេញ​៖​ ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ ​(​GBC​)​ ​កម្ពុជា​-​ថៃ​ ​លើក​ទី១៤​ ​បាន​ដំណើរការ​ទៅ​ក្រោម​វត្តមាន​សហប្រធាន​ ​សម្តេច​ពិជ័យ​សេនា​ ​ទៀ​ ​បាញ់​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ ​និង​ ​នាយ​ឧត្តមសេនីយ៍​ ​ប្រា​វីត​ ​វង្ស​សុវណ្ណ​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​ការពារប្រទេស​ថៃ​ ​នៅ​ថ្ងៃទី១៤​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​។​ ​


​ក្រោយ​បិទ​បញ្ចប់​ ​ភាគី​ទាំងពីរ​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ពី​កិច្ចការ​ព្រំដែន​ប្រទេស​ទាំងពីរ​ ​ដោយ​ក្នុង​នោះ​ ​ភាគី​ទាំងពីរ​ ​បាន​ឯកភាព​ ​បន្ត​នូវ​ភារកិច្ច​ក្នុង​ការ​ថែរក្សា​សន្តិភាព​ ​និង​ស្ថិរភាព​តាម​បណ្តោយ​ព្រំដែន​ ​នៃ​ប្រទេស​ទាំងពីរ​ ​ដោយ​ស្របតាម​គោលការណ៍​ ​និង​ ​វិធានការ​ដែល​បាន​កំណត់​ក្នុង​កំណត់ហេតុ​ព្រមព្រៀង​ ​នៃ​កិច្ចប្រជុំ​លើក​ទី១៤នេះ​ ​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​ ​។​
​សូម​បញ្ជាក់​ថា​ ​កិច្ចប្រជុំ​ ​ត្រូវ​បាន​រៀបចំឡើង​ ​ដោយយោងទៅតាម​កិច្ច​ព្រមព្រៀង​ ​នៃ​ការបង្កើត​កិច្ច​សហប្រតិបត្តិ​ការ​ព្រំដែន​រវាង​កម្ពុជា​ ​និង​ថៃ​ ​ក្នុង​គោលបំណង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ ​ដើម្បី​សន្តិភាព​ ​និង​សន្តិសុខ​តាម​តំបន់​ព្រំដែន​ ​ក៏ដូចជា​ការ​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​រវាង​កងទ័ព​ ​និង​ ​កងឯកភាព​សន្តិសុខ​ពាក់​ពន្ធ័​ដទៃទៀត​របស់​កម្ពុជា​ ​និង​ថៃ​។​


​កិច្ចប្រជុំ​ ​ក៏បាន​បញ្ជាក់​អំពី​សារៈសំខាន់​ ​នៃ​ការប្រជុំ​ ​ដែល​បាន​ផ្តល់​នូវ​ការណែនាំ​ ​និង​ទិសដៅ​ ​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង​ល្អ​ដែល​មានស្រាប់​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​មាន​សារៈ​ប្រយោជន៍​ ​រវាង​កងទ័ព​ទាំងពីរ​ ​នៅ​គ្រប់​កំរិត​ទាំងអស់​ ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ ​សម្រាប់​ជា​ការ​លើកកម្ពស់​ដល់​សន្តិភាព​ ​ស្ថិរភាព​ ​និង​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន​ ​។​ ​ជាមួយគ្នា​នេះ​ ​កិច្ចប្រជុំ​បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​ ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​តាម​បណ្តោយ​ព្រំដែន​ផង​ដែរ​ ​។​
​ក្រៅពី​នេះ​ ​ភាគី​ទាំងពីរ​ ​ក៏បាន​ពិនិត្យ​ឡើងវិញ​នូវ​លទ្ធផល​ ​នៃ​ការអនុវត្ត​ន៍​កម្មវិធី​កិច្ច​សហប្រតិបត្តិ​ការ​ផ្សេង​ៗ​ ​ដែល​ដាក់ចេញ​ដោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ ​លើក​ទី១៣​ ​កាលពី​ថ្ងៃទី២១​ ​ខែមីនា​ ​ឆ្នាំ២០១៨​ ​នៅ​ទីក្រុង​បាងកក​ ​ព្រះរាជាណាចក្រ​ថៃ​ ​ដូចជា​៖​ ​កិច្ច​សហប្រតិបត្តិ​ការ​លើ​ការ​ឆ្លងកាត់​ព្រំដែន​,​ ​បញ្ហា​ពលករ​,​ ​ការទប់ស្កាត់​ ​និង​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​,​ ​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កងទ័ព​កម្ពុជា​ ​ជាមួយ​បណ្តា​អង្គភាព​សន្តិសុខ​ថៃ​ ​ក្នុង​តំបន់​ព្រំដែន​,​ ​បញ្ជា​កសិកម្ម​,​ ​បញ្ហា​សុខភាព​សាធារណៈ​,​ ​ការអភិវឌ្ឍន៍​ជីវភាពរស់នៅ​,​ ​ការអប់រំ​,​ ​សាសនា​ ​និង​ ​វប្បធម៌​ ​។​


​សូម​បញ្ជាក់​ថា​ ​ភាគី​ថៃ​ ​បាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ ​ទូទៅ​ ​(​GBC​)​ ​កម្ពុជា​-​ថៃ​ ​លើក​ទី១៥​ ​ហើយនឹង​ធ្វើការ​ជូនដំណឹង​មក​ភាគី​កម្ពុជា​ ​អំពី​កាលបរិច្ឆេទ​ ​និង​ទីកន្លែង​នៅពេល​ក្រោយ​ ​៕​

    Loading...

    ពេញនិយម