មេបញ្ជាការកងទ័ពជើងគោក ប្រាប់កងទ័ពអោយការពារសុខសន្តិភាព និងស្ថេរភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ
កំពង់ស្ពឺ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក បានប្រាប់ទៅកងទ័ពថា គោលដៅធំរបស់កងទ័ព ត្រូវការពារសុខសន្តិភាព ការពារស្ថិរភាព ដើម្បីសេចក្តីសុខប្រជាពលរដ្ឋ និងសម្រាប់ខ្មែរតែមួយ។ ទន្ទឹមគ្នានេះ ត្រូវប្រឆាំងជនណាដែលញុះញង់ទាញប្រយោជន៍ ដើម្បីបម្រើនយោបាយណាមួយ ដែលអាចឲ្យបែកបាក់ផ្ទៃក្នុង និងប៉ុនប៉ងបំផ្លាញសុខសន្តិភាព សេចក្តីសុខប្រជាពលរដ្ឋ។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងការសម្តែងលំហាត់សំយោគអន្តរាវុធ បញ្ចប់វគ្គរបស់និស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៧ នៅវិទ្យាស្ថានទ័ពជើងគោក (ថ្លុកតាសេក) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាថ្ងៃសុក្រទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
លោកឧត្តមសេនីយ៍ បានចូលរួមអបអរសាទរចំពោះលទ្ធផលរបស់និស្សិតនាយទាហានទាំងអស់ និងសូមអបអរសាទរផងដែរចំពោះយោធាចារ្យ គណ:គ្រប់គ្រងវគ្គ គណៈគ្រប់គ្រងសាលា និងបុគ្គលិកគ្រប់ថ្នាក់ទាំងអស់ ដែលបានបណ្ដុះបណ្ដាលធនធានសម្រាប់កងទ័ពកម្ពុជា ។
លោកឧត្តមសេនីយ៍ បានលើកឡើងថា សមត្ថភាពទាំងអស់នេះ គឺជាសមត្ថភាពមូលដ្ឋានគ្រឹះ ដើម្បីចែករំលែក និងបំពេញបន្ថែមនៅពេលដែលចេញទៅអនុវត្តការងារ។ នេះគឺជាគោលការណ៍សំខាន់ណាស់សម្រាប់ការបណ្ដុះបណ្ដាលកងទ័ព ប្រកបដោយមោទនភាព។
នៅក្នុងឱកាសនេះ លោក ក៏សូមថ្លែងអំណរគុណរដ្ឋាភិបាល និងកងទ័ពប្រជាជនចិន ដែលជានិច្ចកាលតែងតែជួយបណ្ដុះបណ្ដាល កសាងហេដ្ឋាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្តល់លទ្ធភាពឲ្យនិស្សិតនាយទាហាន បានចេញទៅបំប៉នបន្ថែមនៅប្រទេសចិនតាមជំនាញរបស់ខ្លួន និងសូមបន្តការជួយការងារនេះតទៅទៀត ដោយសង្ឃឹមថាភាគីចិន ជួយកាន់តែច្រើន។
លោកបានបន្តថា ការកសាងសមត្ថភាពនេះ គឺជាការងារចាំបាច់សំខាន់សម្រាប់កងទ័ព ដើម្បីបង្កើនភាពក្លាហាន និងភាពម្ចាស់ការ ក្នុងការការពារទឹកដី ។ ការកសាងកម្លាំងធនធានដើម្បីពង្រឹងវិស័យការពារជាតិ ធានាសម្រាប់កម្លាំងបន្តវេនដែលជាកម្លាំងចាំបាច់ក្នុងការដឹកនាំ និង ជាឆ្អឹងខ្នងនៅក្នុងវិស័យការពារជាតិ។
លោកមេបញ្ជាការកងទ័ពជើងគោក ក៏ផ្តាំឲ្យនិស្សិតនាយទាហាន ខិតខំតស៊ូ ប្រឹងប្រែង អត់ធ្មត់បន្តទៀតដើម្បីភាពជោគជ័យទាំងក្នុងសាលា និងនៅពេល អនាគត។ នេះគឺជាមោទនភាពណាស់ ដែលមាននាយទាហាន ប្រកបដោយសមត្ថភាព និងការប្រកួតប្រជែង មានឆន្ទ: និងកាន់តែមានតម្លៃសម្រាប់កងទ័ព។
សូមបញ្ជាក់ថា លំហាត់សំយោគអន្តរាវុធរបស់និស្សិតនាយទាហានទ័ពជើងគោក ជំនាន់ទី៧ មានចំនួន ២០៧នាក់ រួមមាន ជំនាញកាំភ្លើងធំ គីមីសាស្ត្រ ការពារអាកាស រថគ្រោះ បញ្ជូនសារ វិស្វកម្ម និងជំនាញយុទ្ធវិធី ថ្នាក់កងអនុសេធំថ្មើរជើង និងការពារទីតាំងរឹងមាំ ។
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍