Connect with us

តំបន់​ខ្លះ​នៃ​កម្ពុជា​ ​នឹង​មាន​ភ្លៀង​ធ្លាក់​តិចតួច​ ​ខណៈ​តំបន់​ផ្សេងទៀត​ ​កម្តៅ​នឹង​បន្ត​កើនឡើង​

ភ្នំពេញ​ ​៖​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃទី១៨​ ​ខែកុម្ភៈ​នេះ​ ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត​ ​ដែល​ស្ថិតនៅ​តំបន់​វាលទំនាប​ ​ភាគ​កណ្តាល​ ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ ​និង​តំបន់​មាត់សមុទ្រ​ ​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​បន្តិចបន្តួច​។​ ​
​ជាមួយនឹង​ការ​ធ្លាក់​ភ្លៀង​នេះ​ដែរ​ ​ក្រសួងធនធានទឹក​ ​បាន​អំពាវនាវ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចំពោះ​បាតុភូត​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ ​ដែល​អាច​នឹង​កើតមាន​នៅពេល​មេឃ​រក​កល​ភ្លៀង​។​ ​
​ដោយឡែក​ ​ក្រសួងធនធានទឹក​ ​និងឧតុនិយម​ ​ក៏បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ ​អាកាសធាតុ​ប្រចាំ​សប្តាហ៍​ ​ដោយ​បាន​បញ្ជាក់​ថា​ ​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា​ ​កម្រិត​សម្ពាធ​ទាប​ ​(​លើ​ផ្ទៃដី​)​ ​បាន​និង​កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា​ ​ហើយ​ ​ខ្យល់មូសុង​ឦសាន​ ​ក៏បាន​ចុះ​ខ្សោយ​។​
​លក្ខណៈ​បែបនេះ​ ​នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​នៅ​កម្ពុជា​ ​បន្ត​កើនឡើង​បន្តិច​បន្ថែម​ទៀត​ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ ​ក្នុង​នោះ​មាន​ ​៖​ ​សីតុណ្ហភាព​អតិបរមា​ ​ស្ថិត​ក្នុងរង្វង់​ ​៣៥​-​៣៦​°​C​ ​និង​ ​សីតុណ្ហភាព​អប្បបរមា​ ​ស្ថិត​ក្នុងរង្វង់​ ​២៥​-​២៦​°​C​ ​។​ ​សម្រាប់​ខេត្តមណ្ឌលគិរី​ ​និង​ខេត្តរតនគិរី​ ​សីតុណ្ហភាព​អតិបរមា​ ​ស្ថិត​ក្នុងរង្វង់​ ​៣០​-​៣២​°​C​ ​និង​ ​សីតុណ្ហភាព​អប្បបរមា​ ​ស្ថិត​ក្នុងរង្វង់​ ​២០​-​២២​°​C​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម