Connect with us

តោះ​មក​យល់ដឹង​វិធានការ​មួយចំនួន​ ​សម្រាប់​ការ​បើកបរ​ក្នុង​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​

ភ្នំពេញ​ ​៖​ ​ដោយសារតែ​អាកាសធាតុ​នៅ​កម្ពុជា​ ​កំពុង​មានការ​កើនឡើង​កម្តៅ​ជាបន្តបន្ទាប់​ ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ផ្ញើរ​សារ​រំលឹក​ដល់​អ្នកបើកបរ​រថយន្ត​ ​នូវ​ប្រការ​យល់ដឹង​មួយចំនួន​ ​ដែល​គួរតែ​អនុវត្ត​ដើម្បី​សុវត្ថិភាព​ ​។​ ​
​យោង​តាម​បណ្តាញ​ទំនាក់ទំនង​ផ្លូវការ​របស់ក្រ​សួង​ ​បាន​លើកឡើង​ថា​ ​ប្រសិនបើ​ក​បរ​នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​គួរ​ពិនិត្យ​កំ​ដៅ​របស់​កៅស៊ូ​កង់​ ​ក្នុងរយៈពេល​ ​២​ ​ម៉ោង​ ​ឬ​ ​១៦០​ ​គីឡូម៉ែត្រ​ម្ដង​ ​។​ ​សម្ពាធ​កង់​ ​កើនឡើង​ទៅតាម​សីតុណ្ហភាព​ ​តែ​មិន​ត្រូវ​បន្ធូរ​ទេ​ ​ព្រោះ​នៅពេល​សីតុណ្ហភាព​ត្រជាក់​ ​សម្ពាធ​នឹង​ចុះ​មកវិញ​ ​ប៉ុន្តែ​ ​បើ​ស្ទាប​សំបក​កៅស៊ូ​កង់​ក្តៅ​ ​ត្រូវ​ឈប់​រថយន្ត​ ​ទុក​អោយ​កៅស៊ូ​កង់​ ​ត្រជាក់​ធម្មតា​វិញ​ ​ប្រសិនបើ​មិន​ដូច្នោះ​ទេ​ ​អាច​ផ្ទុះ​ ​ឬ​ ​ក៏​ឆេះ​ ​។​ ​
​ក្រសួង​ ​ក៏បាន​ណែនាំ​អោយ​ពិនិត្យ​ប្រេងម៉ាស៊ីន​អោយ​បាន​គ្រប់គ្រាន់​ ​ព្រោះ​ប្រេងម៉ាស៊ីន​ ​ក្រៅពី​ការ​រំអិល​ ​អាច​ជួយ​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ ​។​ ​ជាមួយ​នេះ​ ​ត្រូវ​ពិនិត្យ​កម្រិត​ទឹក​ ​ហើយ​នៅពេល​បើកបរ​ត្រូវ​ពិនិត្យមើល​នាឡិកា​កំ​ដៅ​ទឹក​ ​បើ​នាឡិកា​កំ​ដៅ​ទឹកឡើង​លើស​ធម្មតា​ ​អាច​ធ្វើអោយ​ម៉ាស៊ីន​ខូច​ ​ឬ​ ​អាច​ឆេះ​ ​ដូច្នេះ​ត្រូវ​បញ្ឈប់​ការ​បើកបរ​ជាបន្ទាន់​ ​។​ ​


​ក្រៅពី​នេះ​ ​ត្រូវ​ពិនិត្យមើល​ខ្សែពាន​ ​ប្រសិនបើ​ខ្សែពាន​ធូរ​ ​មិន​អាច​បូមទឹក​បានទេ​ ​អាច​ធ្វើឲ្យ​កំ​ដៅ​កើនឡើង​ ​ហើយក៏​ ​ត្រូវ​ពិនិត្យ​ខ្សែពាន​នូវ​ភាព​សឹក​ ​និង​ភាព​ប្រេះស្រាំ​ផង​ដែរ​ ​។​ ​ទន្ទឹម​នេះ​ ​ពេល​បើកបរ​ ​ត្រូវ​មើល​កន្លែង​ដែល​ចាក់កៅស៊ូ​ធ្វើ​ផ្លូវ​រលាយ​ហូរ​នៅ​លើ​ផ្ទៃដី​ ​ព្រោះ​វា​អាច​ធ្វើឲ្យ​រថយន្ត​រអិល​ ​។​ ​
​ក្រសួងសាធារណការ​ ​ក៏បាន​អំពាវនាវ​ដល់​អ្នកបើកបរ​ ​បើកបរ​ក្នុង​ល្បឿន​សម​ល្មម​ ​ពីព្រោះ​ការ​បើកបរ​ល្បឿន​លឿន​ធ្វើឲ្យ​ម៉ាស៊ីន​ ​និង​ ​កង់​រថយន្ត​កាន់តែ​ក្តៅ​ ​។​
​បើ​យោង​តាម​ការ​ព្យាករ​អាកាសធាតុ​ ​បាន​បង្ហាញថា​ ​កម្រិត​សម្ពាធ​ទាប​ ​(​លើ​ផ្ទៃដី​)​ ​បាន​និង​កំពុង​គ្រប​ដណ្តប់​លើ​កម្ពុជា​ ​ហើយ​ខ្យល់មូសុង​ឦសាន​ ​ក៏បាន​ចុះ​ខ្សោយ​ ​ដែល​លក្ខណៈ​បែបនេះ​ ​នឹង​បង្ក​ឲ្យ​សីតុណ្ហភាព​នៅ​កម្ពុជា​ ​បន្ត​កើនឡើង​បន្ថែម​ទៀត​ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ ​ក្នុង​នោះ​ ​សីតុណ្ហភាព​អតិបរមា​ ​ស្ថិត​ក្នុងរង្វង់​ ​៣៥​-​៣៦​°​C​ ​និង​ ​សីតុណ្ហភាព​អប្បបរមា​ ​ស្ថិត​ក្នុងរង្វង់​ ​២៥​-​២៦​°​C​ ​៕​

    Loading...

    ពេញនិយម