តើគ្រូបង្វឹកក្រុមបាល់ទាត់ U22 កម្ពុជា និង U22 ម៉ាឡេស៊ី និយាយអ្វីខ្លះ មុនការប្រកួតនៅល្ងាចនេះ?
ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំ កម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈនេះ នឹងបើកការប្រកួតពានរង្វាន់ AFF U22 Championship 2019 ក្នុងនាមជាម្ចាស់ផ្ទះ ដែលត្រូវជួបជាមួយក្រុម U22 ម៉ាឡេស៊ី នាវេលាម៉ោង ៦៖៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
សម្រាប់ពានរង្វាន់ AFF U22 Championship 2019 ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះពេលនេះ ក្រុម U22 កម្ពុជា គឺស្ថិតក្នុងពូល B ជាមួយក្រុមខ្លាំង ៣ក្រុមទៀត រួមមានក្រុម U22 ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ។ មុនការប្រកួតរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងម៉ាឡេស៊ីចាប់ផ្ដើម ក៏មានប្រកួតបើកឆាកពូល B ១ប្រកួតដែរ រវាងក្រុម U22 មីយ៉ាន់ម៉ា ប៉ះក្រុមឥណ្ឌូនេស៊ី នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក Felix គ្រូបង្វឹកក្រុម U22 កម្ពុជា បានចាត់ទុកការប្រកួតជាមួយក្រុមម៉ាឡេស៊ី គឺជាការប្រកួតដ៏សំខាន់ ព្រោះជាប្រកួតបើកឆាក ដែលក្រុមនីមួយៗ សុទ្ធតែត្រូវការ ៣ពិន្ទុដូចគ្នា ។
លោក Felix Dalmas បានទទូលស្គាល់ថា កាលពីមុនកម្រិតលេងក្រុមកម្ពុជា មានគម្លាតពីក្រុមម៉ាឡេស៊ី តែការខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនមកដល់ពេលនេះ បានធ្វើឲ្យក្រុមកម្ពុជា មានភាពរីកចម្រើនដែលប្រកៀកនឹងក្រុមម៉ាឡេស៊ីដែរ ។ ដូចនេះ ការជួបគ្នាលើកនេះ កម្ពុជា អាចនឹងលេងបានល្អ ហើយនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ។
ដោយឡែក គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ ឆ្នាំលោក Ong Kim Swee ហាក់មានការចាប់អារម្មណ៍ទៅលើភាពរីកចម្រើននៃវិស័យបាល់ទាត់នៅកម្ពុជា ហើយលោកបានគិតថា ការជួបក្រុមម្ចាស់ផ្ទះកម្ពុជា ក្នុងការប្រកួតបើកឆាកពានរង្វាន់ AFF U22 LG Cup 2019 នាល្ងាចនេះ វាមិនមែនជារឿងងាយស្រួលសម្រាប់ក្រុមរបស់លោកនោះទេ ។
ទោះយ៉ាងណាក៏ដោយ គ្រូបង្វឹកជនជាតិម៉ាឡេស៊ី លោក Ong Kim Swee ដែលបានដឹកនាំក្រុមជម្រើសជាតិម៉ាឡេស៊ី យកឈ្នះក្រុមកម្ពុជា ៣-២ ក្នុងការប្រកួត AFF Championship 2016 រូបនេះ រំពឹងថា ក្រុមរបស់លោក នឹងទទួលបានលទ្ធផលល្អតាមការរំពឹងទុក ។
គួររំលឹកថា សម្រាប់ការជួបគ្នា ២ លើកចុងក្រោយកាលពីឆ្នាំ ២០១៨ កន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣-១ ក្នុងការប្រកួតមិត្តភាព និងបានបន្តចាញ់ ១-០ ក្នុងការប្រកួតផ្លូវការ ពានរង្វាន់ AFF Championship 2018 ។ ក្នុងនោះ កីឡាករវ័យក្មេងរបស់ម៉ាឡេស៊ីមួយចំនួន ដែលបានចូលរួមកាលនោះ ក៏មានវត្តមាននៅក្នុងក្រុម U22- ម៉ាឡេស៊ីលើកនេះផងដែរ គឺដូចគ្នាទៅនឹងក្រុម U22 កម្ពុជាផងដែរ ។
សូមកុំភ្លេចចូលរួមគំាទ្រក្រុមបាល់ទាត់ U22 របស់កម្ពុជានៅល្ងាចនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករវ័យក្មេងរបស់យើង និង កុំភ្លេចតាមដានទស្សនាការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ MyTV និងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ៕
- អត្ថបទទាក់ទង :
- AFF U22 Championship 2019
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍