ផ្ទាំងស្លាកឈ្មោះប្រាសាទចំនួន ១១៨ផ្ទាំង នឹងត្រូវលើកដាក់តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ
ខេត្តសៀមរាប ៖ ដើម្បីលើកកម្ពស់តំបន់រមណីយដ្ឋានអង្គរ និងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការ ICC-Angkor អាជ្ញាធរជាតិអប្សរា កំពុងឆ្លាក់ផ្ទាំងឈ្មោះប្រាសាទដែលមានទាំងអក្សរខ្មែរ និងអក្សរអង់គ្លេស ធ្វើពីថ្មភក់ប្រមាណ១១៨ផ្ទាំង ហើយគ្រោងនឹងលើកដាក់តាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរនាពេល ឆាប់ៗខាងមុខនេះ ។
ផ្ទាំងស្លាកឈ្មោះប្រាសាទនេះ នឹងបង្ហាញជូននូវព័ត៌មានសំខាន់ៗ មួយចំនួនពាក់ព័ន្ធនឹងប្រាសាទ ដូចជា ឈ្មោះប្រាសាទ, អាយុកាលសាងសង់ប្រាសាទ, ទិសច្រកចូល, ប្រាសាទ និងអមដោយស្លាកសញ្ញា (Logo) ចំនួន៤ គឺ ស្លាកសញ្ញាអាជ្ញាធរជាតិអប្សរានៅចំកណ្តាលខាងលើឈ្មោះប្រាសាទ និង ស្លាកសញ្ញា៣ផ្សេងទៀតដែលនៅខាងក្រោម គឺ ស្លាកសញ្ញាយូណេស្កូ ស្លាកសញ្ញាបេតិកភណ្ឌពិភពលោក និងស្លាកសញ្ញាអនុសញ្ញាក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារសម្បត្តិវប្បធម៌ ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ ។
ផ្ទាំងស្លាកសញ្ញាឈ្មោះប្រាសាទនេះ មាន៣ទំហំផ្សេងគ្នា ដោយគិតទៅតាមទីតាំងជាក់ស្តែង នៃច្រកចូលប្រាសាទដែលដំឡើងបាន គឺទំហំធំចំនួន១៦ផ្ទាំង កម្ពស់១.៥០០មីល្លីម៉ែត្រគុណនឹង៩១៤មីល្លីម៉ែត្រ កម្រាស់៤៦៤មីល្លីម៉ែត្រ។ ទំហំមធ្យមចំនួន៥២ផ្ទាំង កម្ពស់១,២០០មីល្លីម៉ែត្រxបណ្ដោយ៧៣១មីល្លីម៉ែត្រxកម្រាស់៣៧១មីល្លីម៉ែត្រ ។ ទំហំតូចចំនួន ៥០ផ្ទាំងកម្ពស់១,០០០មីល្លីម៉ែត្រxបណ្ដោយ៦១៣មីល្លីម៉ែត្រxកម្រាស់៣១១មីល្លីម៉ែត្រ ។
តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរា លោកសុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបញ្ជាក់ថា មកដល់ពេលនេះផ្ទាំងស្លាកឈ្មោះរបស់ប្រាសាទដែលបានធ្វើរួចរាល់ហើយ មានចំនួនប្រហែល២៥%នៃ ចំនួនផ្ទាំងសរុប ខណៈដែលផ្ទាំងខ្លះទៀតកំពុងស្ថិតនៅក្នុងការឆ្លាក់អក្សរ លាបពណ៌បេតិកភណ្ឌ (ពណ៌ឈាមជ្រូក) និងខ្លះទៀតកំពុងឆ្លាក់ក្បាច់លម្អ ។
អាជ្ញាធរជាតិអប្សរា សង្ឃឹមថា ផ្ទាំងស្លាកនេះ នឹងជួយផ្ដល់ភាពងាយស្រួល និងបទពិសោធន៍ល្អសម្រាប់ភ្ញៀវទេសចរ ក្នុងការទស្សនាតំបន់អង្គរ ឆ្លើយតបតាមតម្រូវការចាំបាច់របស់ភ្ញៀវទេសចរ, លើកតម្លៃប្រាសាទនិងកិត្យានុភាពជាតិ និងទទួលបាននូវព័ត៌មានមួយចំនួន ដែលធ្វើឲ្យដំណើរកម្សាន្ត កាន់តែមានភាពងាយស្រួល និងច្បាស់លាស់បន្ថែមទៀត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍