Connect with us

កម្ពុជា​ ​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​ថ្មី​ ​ស្តី​ពី​ការ​វិនិយោគ​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​

ភ្នំពេញ​ ​៖​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​)​ ​បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​ ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​ស្ថាប័ន​ទាំងអស់​នេះ​ ​ធ្វើជា​មូលដ្ឋាន​ក្នុង​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ថ្មី​ ​ស្តី​ពី​វិនិយោគ​ ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ ​និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ​។​
​កិច្ចប្រជុំ​នេះ​ ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​និង​អ្នកឧកញ៉ា​ ​គិត​ ​ម៉េ​ង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​រួម​ជាមួយ​ធុរជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​អ្នកជំនាញ​ប្រមាណ​ ​៧០រូប​ផ្សេងទៀត​។​
​សូម​រំលឹក​ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​បង្កើត​ច្បាប់​វិនិយោគ​ដំបូង​នៅ​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី១​ ​ឆ្នាំ១៩៩៣​ ​ដែល​បាន​អនុម័ត​ ​និង​ដាក់ឲ្យ​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​ ​១៩៩៤មក​ ​ហើយដែល​បន្ទាប់មក​ ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​ឆ្នាំ​ ​២០០៣​ ​ឲ្យ​ស្រប​ទៅ​ ​តាម​ការវិវត្តន៍​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​របស់​កម្ពុជា​នា​ពេលនោះ​ ​។​
​ក្នុង​កិច្ចប្រជុំ​នោះ​ ​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​លើកឡើង​ថា​ ​ច្បាប់​វិនិយោគ​មួយ​ដែល​មាន​ភាព​ទាក់ទាញ​ ​គ្រប់ជ្រុងជ្រោយ​ ​និង​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់​ ​គឺជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​ ​ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋ​ភិបាល​ ​មាន​ភាព​ចាំបាច់ក្នុង​ការពិនិត្យ​ឡើងវិញ​នូវ​ក្របខណ្ឌ​គតិយុត្តិ​ ​និង​រៀបចំ​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​ ​ដើម្បីឲ្យ​សមស្រប​ទៅ​នឹង​ស្ថានភាព​តំបន់​ ​ក៏ដូចជា​ឆ្លើយតបទៅនឹង​តម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា​ ​បើ​ទោះបីជា​ច្បាប់​ស្តី​ពី​វិនិយោគ​បច្ចុប្បន្ន​ ​មាន​លក្ខណៈ​បើកទូលាយ​ជាង​ច្បាប់​របស់​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ក៏ដោយ​ ​។​


​លោក​ ​សុខ​ ​ចិន្តា​សោភា​ ​បាន​បញ្ជាក់​ថា​ ​ការចូលរួម​របស់​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​ ​គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការពិភាក្សា​ផ្តល់​ធាតុ​ចូល​ ​និង​មតិយោបល់​ ​សម្រាប់​ការរៀបចំ​តាក់តែង​ច្បាប់​ថ្មី​មួយ​នេះ​ ​។​
​គួរ​រំលឹក​ថា​ ​កន្លងមក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​ធ្វើការ​សិក្សា​ ​និង​ទទួល​បាន​នូវ​ធាតុ​ចូល​មួយចំនួន​ពី​អង្គការ​ ​JICA​ ​របស់​ជប៉ុន​,​ ​របាយការណ៍​ការពិនិត្យ​ឡើងវិញ​នូវ​គោលនយោបាយ​ស្តី​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ ​ការ​អភិវឌ្ឍ​ ​និង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ ​(​IFC​)​ ​អំពី​បទពិសោធន៍​ ​និង​ឧត្តមា​នុ​វត្ត​នៃ​ការរៀបចំ​ច្បាប់​វិនិយោគ​របស់​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​។​
​តំណាង​វិស័យ​ឯកជន​ ​ដៃគូ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​និង​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ច្បាប់​ ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ ​បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​ ​និង​ផ្តល់​ធាតុ​ចូល​បឋម​មួយចំនួន​ ​ព្រមទាំង​បាន​សន្យា​ផ្ញើ​មតិយោបល់​ ​និង​ធាតុ​ចូល​បន្ថែម​ទៀត​ ​មក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម