វិនិយោគិន៣ប្រទេស រួមគ្នាបោះទុន ៧០លានដុល្លារ បង្កើតអាងចិញ្ចឹមត្រី និងជម្រកអភិរក្សសត្វជិតផុតពូជ នៅខេត្តសៀមរាប
សៀមរាប ៖ ក្រុមហ៊ុន Angkor Wildlife and Aquarium Co.Ltd ក្រោមគម្រោងក្រុមហ៊ុនសហកម្មសិទ្ធិ ដោយមានភាគហ៊ុនវិនិយោគិនខ្មែរ សហអាមេរិក និងជប៉ុន បានរួមសហការគ្នា បោះទុន វិនិយោគក្នុងតម្លៃទឹកប្រាក់ ៧០លានដុល្លារ សាងសង់ជលវប្បដ្ឋាន (អាងចិញ្ចឹមត្រី) ត្រីទឹកសាប និងទឹកប្រៃ ព្រមទាំងជម្រកអភិរក្សសត្វព្រៃដ៏កម្រ និងជិតផុតអស់ពីភពផែនដី នៅលើផ្ទៃដីប្រមាណ ១០០ហិកតា នៅខេត្តសៀមរាប ។
ថ្លែងក្នុងជំនួបជាមួយនឹងអភិបាលខេត្តសៀមរាប ដើម្បីស្វែងរកការគាំទ្របន្ថែមលើគម្រោងវិនិយោគរបស់ខ្លួន លោក Roger Reynolds ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor Wildlife and Aquarium Co.Ltd បានអះអាងថា គម្រោងវិនិយោគនេះ នឹងធ្វើនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លោក បានបញ្ជាក់ថា គម្រោងនេះ ត្រូវចែកចេញជាបីដំណាក់កាល ហើយក្នុងដំណាក់កាលទី១នេះ ប្រើប្រាស់ថវិកា ២០លានដុល្លារ ដែលនឹងគ្រោងបើកការដ្ឋាន ក្នុងខែមីនា ឆ្នាំ២០១៩នេះ ហើយគ្រោងនឹងបើកឲ្យដំណើរការនៅចុងឆ្នាំ២០២០ ។ ក្នុងគម្រោងនៃដំណាក់ការទី១នេះ ក៏ជាការត្រៀមធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបន្តស្នាក់នៅខេត្តសៀមរាប ។
លោកបន្តទៀតថា គម្រោងនេះ គឺមិនត្រឹមតែធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវការអប់រំដល់ភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ អំពីបរិស្ថាន និងការអភិរក្សប្រភពធនធានធម្មជាតិ តាមរយៈការបង្ហាញនូវរូបភាពឯកសារអំពីប្រភេទមច្ឆាក្នុងទឹកដ៏កម្រ ដល់សិស្ស និសិ្សត និង ប្រជាពលរដ្ឋ សំខាន់ភ្ញៀវទេសចរបរទេស បានទស្សនា សិក្សាស្វែងយល់ អំពីធនធានធម្មជាតិនៅកម្ពុជា ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា នេះជាសមិទ្ធិផលថ្មីមួយរបស់ខេត្តសៀមរាប ដែលបានទន្ទឹងរង់ចាំជាយូមកហើយ ចំពោះការបង្កើតឲ្យមានមជ្ឈមណ្ឌលជលវប្បដ្ឋាន ត្រីទឹកសាប និងទឹកប្រៃ ព្រមទាំងជម្រកអភិរក្សសត្វ ក្នុងការបម្រើនូវសេចក្តីតម្រូវការរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងការបង្កើននូវការស្នាក់នៅក្នុងក្រុងសៀមរាបបានយូរថ្ងៃផងដែរ។
លោក អភិបាលខេត្ត ក៏បានធ្វើការណែនាំឲ្យក្រុមហ៊ុន ធ្វើកិច្ចសហការជាមួយបណ្តាមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ហើយកត្តាសំខាន់នោះ គឺដាក់ពាក្យសុំច្បាប់សាងសង់ឲ្យបានត្រឹមត្រូវជាមុន ព្រមទាំងធ្វើការត្រួតពិនិត្យឡើងវិញនូវទីតាំងរបស់គម្រោង អំពីទីទួលបុរាណដ្ឋាន ជៀសវាងក្នុងពេលកំពុងដំណើរការសាងសង់ មានការរំខាន ធ្វើឲ្យមានការយឺតយ៉ាវដល់គម្រោងនេះ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍