Connect with us

សម្តេច​តេជោ​ ​អោយ​ស្ថាប័ន​ពាក់ព័ន្ធ​ខិតខំ​រក​វិធី​កាត់បន្ថយ​ថ្លៃដើម​នៃ​ការ​ដាំដុះ​ស្រូវ​ ​និង​ការផលិត​អង្ករ​

កណ្តាល ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជម្រុញអោយស្ថាប័នពាក់ព័ន្ធ ខិតខំរកវិធីកាត់បន្ថយថ្លៃដើមនៃការដាំដុះស្រូវ និងការផលិតអង្ករ ដើម្បីអោយកម្ពុជា មានលទ្ធភាពប្រកួតប្រជែងតម្លៃជាមួយប្រទេសនាំចេញអង្ករដទៃទៀត ជាពិសេស គឺប្រទេសថៃ និង វៀតណាម ។

ការជម្រុញនេះ បានធ្វើឡើងខណៈពេលដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៣៤ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំនេះ កម្ពុជាសល់ស្រូវរហូតដល់ ៦លានតោន ខណៈ គោលដៅនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំ មិនទាន់សម្រេចនៅឡើយទេ ព្រោះតែមានដៃគូដ៏ខ្លាំងក្លា ដូចជា វៀតណាម និងថៃជាដើម ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល កំពុងប្រឹងប្រែងដាក់ចេញគោលនយោបាយផ្សេងៗ ដើម្បីកាត់បន្ថយការថ្លៃដើមនៃការដាំដុះរបស់កសិករ និង ការផលិតអង្ករ ឲ្យនៅកម្រិតទៀប ។ ក្នុងនោះ រាជរដ្ឋាភិបាល ក៏បាននឹងខិតខំតភ្ជាប់អគ្គិសនីទៅកាន់តំបន់មានប្រភពទឹក ដើម្បីជួយឲ្យកសិករប្រើអគ្គីសនីទាំងនោះ សម្រាប់បូមទឹក ជំនួសឲ្យការប្រើម៉ាស៊ីន ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យផលិតជីនៅក្នុងស្រុកផងដែរ ដើម្បីធ្វើឲ្យជីមានតម្លៃថោក​ជួយសម្រួលដល់ការដាំដុះ មានតម្លៃកាន់តែទាប ។ សម្តេចតេជោ បានថ្លែងថា មានតែការធ្វើឲ្យតម្លៃដើមផលិតមានកម្រិតទាប ទើបកម្ពុជា មានលទ្ធភាពប្រកួតប្រជែងតម្លៃជាមួយប្រទេសនាំចេញអង្ករដទៃទៀត ។

សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធប្រឹងប្រែងរក្សាទីផ្សារដែលមាន និងរកទីផ្សារថ្មី សម្រាប់អង្កររបស់កម្ពុជា ខណៈអង្ករកម្ពុជា មានកេរ្តិ៍ឈ្មោះ ជាអង្ករល្អ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ មកវិនិយោគទាំងក្នុងវិស័យកសិកម្ម និង ឧស្សាហកម្មជាដើម ដើម្បីបង្កើតផលិតផលឲ្យកាន់តែច្រើនសម្រាប់នាំចេញ និង បង្កើតការងារជូនប្រជាពលរដ្ឋ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅក្រសួងកសិកកម្ម ឲ្យណែនាំដល់ប្រជាពលរដ្ឋ កុំឲ្យធ្វើសកម្មភាពដំាដុះឈូឆរទៅតាមតម្លៃនៅលើទីផ្សារ ដោយបានឧទាហរណ៍ថា ពេលឃើញកៅស៊ូឡើងថ្លៃ នាំគ្នាដាំកៅស៊ូ ហើយពេលឃើញស្វាយចន្ទីឡើងថ្លៃ ស្រាប់តែនាំគ្នាកាប់ដើមកៅស៊ូចោល នាំគ្នាដាំស្វាយចន្ទីវិញ ។

បើតាម​របាយ​ការណ៍​ពី​ក្រសួង​កសិកម្ម ​បាន​​បង្ហាញ​ថា ​កម្ពុជា​បាន​នាំចេញ​អង្ករ​ ៦២៦ ​២២​៥ ​តោន ​កាល​ពី​ឆ្នាំ ​២០១៨​ គឺបានធ្លាក់​ចុះ​ ១,៥ ​ភាគរយ​បើ​ធៀប​នឹង​ ៦៣៥ ៦៧៩ តោន ​កាល​ពី​ឆ្នាំ ​២០១៧​ ។​ តួលេខ​​ បាន​បង្ហាញ​ទិសដៅ​សំខាន់​ៗ នៃការនាំចេញ ​គឺ​ សហភាព​អឺរ៉ុប​ (EU) ​មាន​ចំនួន​សរុប ​២៦៩ ​១២៧ ​តោន​ ឬ ​៤៣ ភាគរយ​នៃ​ចំណែក​ទីផ្សារ​នាំចេញ​សរុប​ ខណៈ​ប្រទេស ​ចិន ​ឈរ​លំដាប់​ទី​២ ដែល​​មាន​ចំនួន ​១៧០ ១​៥៤ ​តោន ​។​

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ត្រូវ​បាន​មើល​​ឃើញ​ថា មាន​ការ​ប្រែប្រួល​បន្តិច​បន្តួច ​ក្នុង​អំឡុង​រយៈ​​​ពេល​ ​៣​ឆ្នាំ​ចុង​ក្រោយ ​គិត​ត្រឹម​ឆ្នាំ ​២០១៨ ​ខណៈ​​វិស័យ​នេះ​​ពេល​នេះ​ហាក់​ដូច​ជា​ចូល​ទៅ​​ក្នុង​បញ្ហា​ប្រឈម​​បន្ថែម​​ទៀត ​ដែល​​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ ត្រូវ​ធ្វើ​ការ​កាន់​តែ​ខ្លាំង​ ដើម្បី​រក្សា​វិស័យ​នេះ​​ឲ្យ​មាន​ស្ថានភាព​កាន់​តែ​ប្រសើរ​។ បញ្ហា​ប្រឈម​នោះ គឺ ​ទីផ្សារ​សហភាព​អឺរ៉ុប ​​ខណៈ​​ដែល​គណកម្មាធិការអឺរ៉ុប ទើប​បាន​សម្រេច​​យក​ពន្ធ​នាំចូល​លើ​អង្ករ​កម្ពុជា​ ដែល​​​បាន​បន្ថែម​លើ​បញ្ហា​ដែល​មាន​ស្រាប់​ដូច​ជា ​តម្លៃ​ផលិតកម្ម​​ខ្ពស់ ​និង​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​នៅ​ក្នុង​វិស័យ​នេះ​ជា​ដើម​។​

ទោះយ៉ាងណា អ្នកជំនាញ ​បាន​ឲ្យ​ដឹង​ថា ទំហំ​ការ​នាំចេញ​អង្ករកម្ពុជា ​នៅ​ឆ្នាំ​២០១៩នេះ នឹង​រក្សា​ចំនួន​ស្រដៀង​គ្នា​នឹង​ឆ្នាំ​២០១៨ ដោយ​សារ​​កម្ពុជា ​ទទួល​បាន​កូតា​ថ្មី​បន្ថែ​ម​ពីប្រទេស​​ចិន និងប្រទេស​វៀត​ណាម ​៕​​

    Loading...

    ពេញនិយម