អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ស្នើបង្កើតតំបន់ស្វយ័តសេដ្ឋកិច្ចពិសេស ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិត
ភ្នំពេញ ៖ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមួយរូប បានស្នើប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គួរបង្កើតតំបន់រដ្ឋបាលពិសេស ឬ តំបន់ស្វយ័តសេដ្ឋកិច្ចពិសេសចំនួន ៣តំបន់ ដែលលោកជឿជាក់ថា នឹងអាចជួយសម្រួលបានយ៉ាងច្រើនដល់ការលំបាករបស់វិនិយោគិននៅកម្ពុជា ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គម ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម និងជាវិនិយោគិនមួយរូបផងនោះ បានលើកឡើងថា ដើម្បីទាក់ទាញអ្នកវិនិយោគ និង កាត់បន្ថយថ្លៃដើម នៃការផលិត លោក សូមចូលរួមជាធាតុចូលមួយចំនួន ដែលក្នុងនោះ រដ្ឋាភិបាល គួរតែបង្កើតតំបន់រដ្ឋបាលពិសេស ឬ ក៏តំបន់ស្វយ័តសេដ្ឋកិច្ចពិសេស ចំនួន៣តំបន់ ជាបឋម ។
បើតាមឧកញ៉ា លឹម ហេង តំបន់ចំនួន៣ ដែលគួរបង្កើតនោះ រួមមាន ទី១ នៅខេត្តព្រះសីហនុ កំពត និងកោះកុង, ទី២ តាមព្រំដែនកម្ពុជា-វៀតណាម ដែលរួមមាន ខេត្តស្វាយរៀង ព្រៃវែង និង ខេត្តត្បូងឃ្មុំ, និងទី៣ តាមព្រំដែនកម្ពុជា-ថៃ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យ ។ ចំពោះខេត្តដទៃទៀត គួរតែបង្កើនការអនុម័តទំហំទឹកប្រាក់នៃការវិនិយោគ អោយធំជាង ២លានដុល្លារ ដែលមានអនុគណកម្មការវិនិយោគខេត្តស្រាប់ ហៅថា (CDC ខេត្ត) ។
ឧកញ៉ា លឹម ហេង បានអះអាងថា ផលប្រយោជន៍ដែលអាចទទួលបានពីការបង្កើតតំបន់ពិសេស ទាំង៣នេះ មានដូចជា ៖
- អ្នកវិនិយោគទាំងចាស់ទាំងថ្មី ទាំងក្នុងស្រុក និងមកពីបរទេស ងាយស្រួលទទួលបាន នូវរាល់សេវាបែបបទរដ្ឋបាលនៅក្បែររោងចក្រ-សហគ្រាស ដែលត្រូវស្នើសុំបង្កើតថ្មី និង ការនាំចេញនាំចូលនូវរាល់ផលិតផលដែលផលិតបាន ។
- កាត់បន្ថយថ្លៃដើម តាមរយៈការដឹកជញ្ជូនដែលមានតម្លៃថ្លៃទ្វេដងនាពេលកន្លងមក ដែលរោងចក្រសហគ្រាសមួយចំនួន នាំចូលទំនិញ ឬ វត្ថុធាតុដើមពីកំពង់ផែក្រុងព្រះសីហនុ និង តាមបណ្តាមាត់ច្រកព្រំដែនផ្សេងៗ មកកាន់រោងចក្រ នៅក្នុង និងជុំវិញរាជធានីភ្នំពេញ ហើយពេលផលិតរួច ត្រូវដឹកចេញទៅវិញ ។
- កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ និងផ្លូវជាតិផ្សេងៗទៀត និងការកកស្ទះចរាចរណ៍ នៅក្នុង និងជុំវិញរាជធានីភ្នំពេញ។
- បង្ខិតរោងចក្រ-សហគ្រាសដល់មូលដ្ឋាន និងជួយកាត់បន្ថយនូវការធ្វើចំណាកស្រុក រួមទាំងកាត់បន្ថយការបំពុលបរិស្ថាន នៅជុំវិញទីក្រុងនាពេលបច្ចុប្បន្ន និងនាពេលអនាគត ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ។
ការលើកឡើងរបស់ឧកញ៉ា លឹម ហេង គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ និងក្រុមហ៊ុនប្រឹក្សាផ្នែកច្បាប់ ដើម្បីប្រមូលធាតុចូលពីស្ថាប័នទាំងអស់នេះ ធ្វើជាមូលដ្ឋានក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ស្តីពីវិនិយោគ ឲ្យកាន់តែមានភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍