ក្រសួងសុខាភិបាលក្រើនរំលឹកជាថ្មី កុំបរិភោគត្រីក្រពត ដែលមានជាតិពុល អាចបណ្តាលឲ្យស្លាប់
ភ្នំពេញ៖ ត្រីក្រពត ៣ប្រភេទ ត្រូវក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំបរិភោគ ដោយសារមានជាតិពុល អាចបណ្តាលឲ្យមនុស្សមានជំងឺធ្ងន់ធ្ងរ និងស្លាប់បាន នៅពេលជាតិពុល ជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្តាល ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងប្រទេសកម្ពុជា មានត្រីក្រពតចំនួន ១០ប្រភេទ ក្នុងនោះមាន ៣ប្រភេទមានជាតិពុល ។ តាមការស្រាវជ្រាវ បានរកឃើញថា ត្រីក្រពត ដែលមានជាតិពុលនោះ រួមមាន ៖ Tetraodon cochinchinensis, Monotrete leiurus និងTetraodon fluviatilis ។
ត្រីក្រពតដែលមានសារធាតុពុលទាំង៣នេះ មានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះខែកក្កដា ទៅខែកញ្ញា។
ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺ ពង និងស្ពែម របស់វា មានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺ ថ្លើម ពោះវៀន ស្បែក និងសាច់ ។
សម្រាប់រោគសញ្ញាចាប់ផ្តើមក្នុងរយៈពេល ២០នាទី ទៅ២ម៉ោង បន្ទាប់ពីបានបរិភោគត្រីបែបនេះ រោគសញ្ញា រួមមាន រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈ ឈឺក្បាលវិលមុខ រមាស់ចាក់ៗនៅចុងអវៈយវៈ មានការពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្តាលឲ្យស្លាប់តែម្តង។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានណែនាំ និងអំពាវនាវដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន និង ចូលរួមអនុវត្តវិធានការបង្ការការពុលចំណីអាហារ ពិសេសការរួមគ្នា អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារល្អ គ្រប់ៗគ្នា ចាប់តាំងពីអ្នកបរិភោគរហូត ដល់អ្នកបម្រើអាហារ ។
គួររំលឹកថា កាលពីថ្ងៃទី ១៧ ខែកុម្ភៈកន្លងទៅថ្មីៗនេះ នៅខេត្តបន្ទាយមានជ័យ មានករណីពុលត្រីក្រពតមួយគ្រួសារ មានសមាជិក៥នាក់ ក្នុងនោះ ស្ត្រីជាម្តាយបានស្លាប់ និងកូន៤នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដើម្បីសង្គ្រោះបន្ទាន់ ។ ករណីពុលនេះបានកើតឡើងនៅភូមិស្រះខាងលិច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍