កម្ពុជា ត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ ដើម្បីធ្វើការបោសសម្អាតមីន អោយអស់ពីក្នុងប្រទេស នៅឆ្នាំ២០២៥
ភ្នំពេញ ៖ កម្ពុជា ត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីធ្វើការបោសសម្អាតមីន អោយអស់ពីក្នុងប្រទេស នៅឆ្នាំ២០២៥ ខាងមុខ នេះ បើយោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានចេញក្នុងឱកាសទិវាជាតិ យល់ដឹងអំពីមីន លើកទី២០ ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គិតមកដល់ឆ្នាំ ២០១៩ សកម្មភាពបោសសម្អាតមីននិងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ជាលក្ខណៈមនុស្សធម៌នៅកម្ពុជា មានរយៈពេល ២៧ ឆ្នាំមកហើយ ។ ក្នុងនោះ ពីឆ្នាំ ១៩៩២ ដល់ខែធ្នូ ឆ្នាំ ២០១៨ បានសម្រេចរំដោះដីមានមីន បានជាង ១, ៨០២ គីឡូម៉ែត្រក្រឡា ជូនប្រជាពលរដ្ឋ សម្រាប់កសាងភូមិដ្ឋាន ធ្វើស្រែចម្ការ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ។ ជាមួយគ្នានេះ បានរកឃើញ និង កម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១,០៦២, ៦៦១គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន ២៤,៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួនជាង ២លាន ៧សែនគ្រាប់ ។ ដោយឡែក ចំនួនជនរងគ្រោះដោយសារគ្រាប់មីន បានធ្លាក់ចុះពី ៤,៣២០ នាក់ ក្នុងឆ្នាំ ១៩៩៦ មកត្រឹម ៥៨ នាក់នៅក្នុងឆ្នាំ ២០១៨ ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអោយដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ទើបតែអនុម័តនូវផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨- ២០២៥ ក្នុងគោលបំណងបំផ្លាញចោលគ្រាប់លាក់មុខទាំងអស់នោះ អោយរួចរាល់នៅត្រឹមឆ្នាំ ២០២៥ ឆ្ពោះទៅរកកម្ពុជាមួយ ដែលគ្មានមីននៅក្នុងឆ្នាំ ២០២៥ ។
ផ្អែកតាមលទ្ធផលស្រាវជ្រាវចម្ការមីនមូលដ្ឋាន បានបង្ហាញថា កម្ពុជានៅមានផ្ទៃដីសង្ស័យថា មានមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ប្រមាណជាង ១៩៧០ គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវធ្វើការបោសសម្អាតពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២៥ ។
តាមរយៈសារលិខិត សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ ជាខួបលើកទី ២០ ទិវាជាតិយល់ដឹងអំពីមីន ដើម្បីរំលឹកប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសជនរួមជាតិ ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ដោយសារមីនសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ ដែលបង្កឡើងដោយសារគ្រាប់ទាំងនោះ ។
សម្តេចតេជោ បានបន្ថែមថា គ្រាប់មីនសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ដែលជាកេរ្តិ៍ដំណែលបន្សល់ទុកពីសង្គ្រាមឥណ្ឌូចិន និងជម្លោះផ្ទៃក្នុងកម្ពុជា អស់រយៈពេលជាងបីទសវត្សរ៍ មិនត្រឹមតែបង្កសោកនាដកម្ម ដ៏ធ្ងន់ធ្ងរ ចំពោះអាយុជីវិត សុខភាព ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែថែមទាំងជាឧបសគ្គ សម្រាប់ការស្តារ និងអភិវឌ្ឍន៍ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិទៀតផង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍