Connect with us

ប្រមុខរាជរដ្ឋាភិបាល អំពាវនាវដល់ពលរដ្ឋ កុំឲ្យតក់ស្លុតនឹងជំងឹឆ្កែឆ្កួត ហើយថា ការផ្តល់វ៉ាក់សាំង គួរដាក់ពង្រាយតាមបណ្តាខេត្ត

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវ នាវដល់ប្រជាពលរដ្ឋ កុំអោយមានការព្រួយបារម្ភច្រើនចំពោះបញ្ហាជំងឺឆ្កែឆ្កួត ។

ការអំពាវនាវនេះ បានធ្វើឡើងខណៈសម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈនេះ នាសណ្ឋាសុខាភ្នំពេញ ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យមានការតក់ស្លុតពាក់ព័ន្ធជំងឺឆ្កែឆ្កួត និងទៅស្វែងរកសេវាចាក់វ៉ាក់សាំង រហូតវិទ្យាស្ថានប៉ាស្ទ័រ ផ្តល់សេវាមិនទាន់ ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ដើម្បីកុំឲ្យកើតជំងឺឆ្កែឆ្កួតនេះ សូមកុំនាំគ្នាទៅប្រលែងលេងជាមួយឆ្កែ ឬ សត្វមានពិស ។

ជាមួយគ្នានេះ សម្តេច ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ផ្តល់ឱកាសឲ្យអ្នកដែលត្រូវឆ្កែខាំពិតប្រាកដ បានទទួលសេវាចាក់សាំងការពារជំងឺឆ្កែឆ្កួតមុន ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យមានការដាក់ពង្រាយថ្នាំវ៉ាក់សាំងនៅតាមមន្ទីរពេទ្យនៅរាជធានី ខេត្ត ឬ ក៏អាចឲ្យគ្លីនិកឯកជន ជួយផ្តល់សេវាវ៉ាក់សាំងនេះបន្ថែម ។

ការអំពាវនាវរបស់ប្រមុខនៃរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋជាច្រើនបានសម្រុកទៅរកការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបណ្តាលឲ្យមានការកកស្ទះ និងមានការរង់ចាំយូរ ហើយក្នុងចំណោមពលរដ្ឋទាំងនោះ គេសង្កេតឃើញថា មិនមានរោគសញ្ញានៃជំងឺនេះទេ ។
កាលពីចុងសប្តាហ៍កន្លងទៅ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមយល់ដឹងពីវិធានការងាយៗ ដើម្បីការពារជំងឺឆ្កែឆ្កួត ខណៈដែលក្រសួង ក៏បានស្នើដល់ពលរដ្ឋដែលសម្រុកទៅចាក់វ៉ាក់សាំងនៅវិទ្យាស្ថានប៉ាស្ទ័រថា គួរទុកអាទិភាពជូនជនរងគ្រោះ ដែលត្រូវការវ៉ាក់សាំងនេះចាំបាច់ ជាមុនសិន ។

យោងតាមសេចក្តីណែនាំ ក្រសួងសុខាភិបាល បានលើកឡើងថា ក្រោយប្រជាពលរដ្ឋទទួលបានព័ត៌មានករណីក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ បានទទួលមរណភាព កាលពី (ថ្ងៃទី ១២) ខែកុម្ភៈ ឆ្នាំ ២០១៩ ដែលមានប្រវត្តិឆ្មាខ្វាចតាំងពីខែធ្នូ ឆ្នាំមុននោះ ប្រជាពលរដ្ឋកាន់តែមានការយល់ដឹងច្រើនលើកិច្ចការពារជំងឺឆ្កែឆ្កួត ដែលអាចកើតមាន ក្រោយពីសត្វឆ្កែ ឬ ឆ្មាខាំ ឬ ខ្វាច ដែលនាំឲ្យពួកគេបានសម្រុកមករកការចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះ ។

ទោះយ៉ាងណា ក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា កន្លងទៅក្រសួងធ្លាប់បានពន្យល់សាធារណជនពីករណីទាំងនោះ ហើយក៏បានផ្តល់ការណែនាំជាបន្តបន្ទាប់តាមបណ្តាញសារព័ត៌មាន និងបានធ្វើការងារជាបន្តបន្ទាប់ជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណៈ ពីជំងឺឆ្កែឆ្កួតនេះដែរ ។

ក្រសួង ក៏បានលើកឡើងថា សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដូចជាអ្នកដែលសត្វឆ្កែ ឬ ឆ្មាខាំ មានរោគសញ្ញាហានិភ័យ ស្ត្រីមានផ្ទៃពោះ និងអ្នកដែលត្រូវចាក់ទៅតាមកាលវិភាគនៃដូសវ៉ាក់សាំង នឹងទទួលបាននូវការចាក់វ៉ាក់សាំងនេះ ដូចតាមការណែនាំ ។ អ្នកដែលមិនទាន់មានសត្វខាំ ឬខាំយូរថ្ងៃពេកមកហើយ ដែលមិនមានរោគសញ្ញាហានិភ័យអ្វីនោះ គឺពួកគេគួរតែអាចរង់ចាំបន្តិចសិន ដើម្បីចៀសវាងកុំឲ្យមានការរង់ចាំកកកុញនៅវិទ្យាស្ថានប៉ាស្ទ័រនេះ យូរពេក ។

ទាក់ទិននឹងបញ្ហានេះដែរ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា លោកបានគិតគូរជាមុនរួចទៅហើយ ចំពោះបញ្ហានេះ ដោយបានពង្រីកកន្លែងចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតនេះ បានមួយកន្លែងទៀត នៅខេត្តបាត់ដំបង ដោយសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សម្រាប់សេវាឯកជន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ក៏មានការផ្តល់សេវាចាក់ថ្នាំបង្ការឆ្កែឆ្កួតនេះផងដែរនៅតាមបណ្តារាជធានី-ខេត្ត ។ លោក ថា នៅត្រូវការពេលវេលាបន្ថែមទៀត សម្រាប់ការដាក់ចេញនូវកន្លែងផ្តល់ថ្នាំបង្ការនេះ នៅតាមបណ្តាខេត្តផ្សេងៗទៀតនៅពេលក្រោយ។
សូមបញ្ជាក់ថា ជំងឺឆ្កែឆ្កួត ជាជំងឺដ៏កម្រមួយមានជាយូរយារណាស់មកហើយ ហើយការផ្តល់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ក៏មានជាយូរមកហើយដែរ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ ហើយការផ្តល់ការចាក់ថ្នាំបង្ការនេះ បន្តធ្វើជារៀងរាល់ថ្ងៃ ។ តាមសេចក្តីប្រកាសរបស់វិទ្យាស្ថានប៉ាស្ទ័រ ជំងឺនេះ អាចនឹងព្យាបាលជា ១០០% ដោយការចាក់វ៉ាក់សាំងទាន់ពេលវេលា តែអាចនឹងស្លាប់ ១០០% បើមិនបានចាក់វ៉ាក់សាំង។

តាមរបាយការណ៍របស់អង្គការ សុខភាពពិភពលោក WHO ជារៀងរាល់ឆ្នាំ ជំងឺនេះបានសម្លាប់មនុស្សពី ៣៥ ០០០ ទៅ ៥០ ០០០ នាក់ទូទាំងពិភពលោក។ ចំពោះកម្ពុជាវិញ ការសិក្សារបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រកឃើញថា ក្នុងមួយឆ្នាំៗ មានមនុស្សប្រមាណ ៨០០ នាក់ បានស្លាប់ដោយសារជំងឺនេះ ក្នុងនោះ ៤០% អាយុក្រោម ១៥ ឆ្នាំ ហើយមនុស្សប្រមាណ ៦ សែននាក់ ត្រូវបានឆ្កែខាំជារៀងរាល់ឆ្នាំ ស្របពេលវិទ្យាស្ថានប៉ាស្ទ័រ ផ្តល់វ់ាក់សាំងបានតែ ២២ ០០០ នាក់ប៉ុណ្ណោះបន្ទាប់ពួកគេត្រូវបានឆ្កែខាំ ៕

Loading...

ពេញនិយម