Connect with us

ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ដំណើរការដើម្បីប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់អោយដំណើរការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដោយរំពឹងថា នឹងជួយជំរុញឱ្យកម្មវិធីកែទម្រង់ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កាន់តែមានប្រសិទ្ធភាព ។
ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៥ ខែកុម្ភៈនេះ ក្រោមវត្តមានលោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានអោយដឹងថា ប្រព័ន្ធនេះ កំពុងត្រូវបានប្រើប្រាស់នៅក្រសួង-ស្ថាប័ន ចំនួន ១០ និង មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ព្រមទាំងត្រៀមពង្រីកការអនុវត្តគម្រោង FMISនេះ ទៅកាន់ក្រសួង-ស្ថាប័នចំនួន ១៧ ផ្សេងទៀត សម្រាប់ឆ្នាំ ២០១៩នេះ ។

លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា វឌ្ឍនភាពដ៏ធំធេងនៃការអនុវត្តគម្រោង FMIS (Financial Management Information System ) តាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ គឺជាជាឆ្អឹងខ្នង និងបានរួមចំណែកយ៉ាងខ្លាំង ក្នុងការជំរុញឲ្យកម្មវិធីកែទម្រង់ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានបោះជំហានទៅមុខ ជាមួយនឹងការចាក់គ្រឹះដ៏រឹងមាំសម្រាប់ឈានទៅសម្រេចគោលដៅ នៅឆ្នាំ ២០២៥ គឺ “គណនេយ្យភាពសមិទ្ធកម្ម” ។

លោក ឧបនាយករដ្ឋមន្រ្តី បានចាត់ទុកជាមោទនភាព សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ដោយសារធ្វើបានល្អប្រសើរ និង បានលឿនជាងបណ្តាប្រទេសមួយចំនួនទៀត នេះបើយោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក ។
សូមបញ្ជាក់ថា ដោយប្រកាន់ខ្ជាប់នូវចក្ខុវិស័យច្បាស់លាស់ និងប្រាកដប្រជា កម្ពុជា បាន និងកំពុងប្រែក្លាយប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល និងវិមជ្ឈការ ស្របតាមស្តង់ដារអន្តរជាតិ ។

សម្រាប់ដើមឆ្នាំ ២០១៩ នេះ ប្រព័ន្ធ FMIS នឹងត្រូវបន្តដាក់ឲ្យដំណើរការនូវមុខងារចំនួន ៤ ក្នុងចំណោម មុខងារស្នូលសំខាន់ទាំង ៦ របស់ប្រព័ន្ធ ក្នុងនោះរួមមាន៖
១. មុខងារវិភាជន៍ថវិកា
២. មុខងារទិញ និងគ្រប់គ្រងធានាចំណាយ
៣. មុខងារគណនីត្រូវសង និង
៤. មុខងារគណនីត្រូវទារ ។

ក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត ដែលត្រូវដាក់ឱ្យដំណើរការ គឺ៖
១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
២. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៣. ក្រសួងពាណិជ្ជកម្ម
៤. ក្រសួងសាធារណការ និងដឹកជញ្ជូន
៥. ក្រសួងធនធានទឹក និង ឧតុនិយម
៦. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា
៧. ក្រសួងអភិវឌ្ឍន៍ជនបទ
៨. ក្រសួងព័ត៌មាន
៩. ក្រសួងទេសចរណ៍ និង
១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមទាំង គ្រប់មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម