Connect with us

សម្តេចតេជោ ណែនាំឲ្យក្រសួងទូរគមនាគមន៍ រៀបចំដាក់ Free Wifi នៅតាមបណ្តាតំបន់ទេសចរណ៍នានា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ណែនាំឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំដាក់ Free Wifi នៅតាមបណ្តាតំបន់ទេសចរណ៍ ជាពិសេស នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ឲ្យបានមុនឆ្នាំ២០២៣ ។
ការណែនាំនេះ បានធ្វើឡើងខណៈដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ ចូលរួមក្នុងការប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ ក្រោមប្រធានបទ «ទីក្រុងស្អាត ៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈនេះ ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឲ្យតាមពិនិត្យឲ្យបានហ្មត់ចត់ ទៅលើបញ្ហា Free Wifi ព្រោះការប្រើ Wifi នេះមិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ ។
សម្តេចតេជោ បានលើកឡើងថា កន្លែងខ្លះ មានតែ Wifi តែអត់មានអ៊ិនធឺណិត ក្នុងនោះ សូម្បីតែ Wifi នៅអង្គការសហប្រជាជាតិ ក៏ប្រើអត់កើតផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីពេលថ្មីៗនេះ រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់សំណើទៅកាន់អាជ្ញាធរជាតិអប្សរា ដើម្បីសុំបំពាក់អ៊ីនធឺណិតអត់ខ្សែ និងមិនគិតថ្លៃ សម្រាប់ឲ្យភ្ញៀវទេសចរប្រើប្រាស់នៅតំបន់អង្គរ ប៉ុន្តែមិនទាន់មានការសម្រេចនៅឡើយនោះទេ ។
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីខែមករា ឆ្នាំ២០១៩ បានចូលរួមក្នុងកិច្ចប្រជុំនៅរមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីពិភាក្សាអំពីគម្រោងបំពាក់ប្រព័ន្ធអ៊ិនធឺណិតគឥតខ្សែ បច្ចេកវិទ្យាជំនាន់ទី ៥ (5G WiFi) ក្នុងបំណងបម្រើសេវាអ៊ិនធឺណិតល្បឿនលឿន និងសេវាកម្ម Online ផ្សេងទៀត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងតំបន់រមណីយដ្ឋានអង្គរ ។
គម្រោងប្រព័ន្ធអ៊ិនធឺណិតឥតខ្សែ បច្ចេកវិទ្យាជំនាន់ទី ៥ (5G WiFi) នេះ គឺជាផ្នែកមួយនៃការពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធជាតិ ដើម្បីជំរុញការផ្ដល់សេវារបស់រាជរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធឌីជីថល ពាណិជ្ជកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថល ដែលនឹងចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរឡើង ។

អ្នកជំនាញទេសចរណ៍ បានចាត់ទុកគម្រោងនេះ ថា ជាការល្អប្រសើរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលជាផ្នែកមួយដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា ឲ្យរឹតតែលឿនជាងមុន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com