ឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជា អាចនឹងកើនឡើងដល់២០លាននាក់
ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមការព្យាករ នៅឆ្នាំ២០៣០ ចំនួនប្រជាជនកម្ពុជា អាចនឹងកើនដល់ ២០ លាននាក់ និងឈានដល់ចំនួន ២៥ លាននាក់ នៅឆ្នាំ ២០៥០ ហើយពេលនោះ ប្រជាជនភាគច្រើន នឹងមករស់នៅទីក្រុង និងទីប្រជុំជន ។
ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី៧ នៅថ្ងៃទី ២៥ ខែកុម្ភៈនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កំណើនប្រជាជននេះ គឺ ដោយសារសេដ្ឋកិច្ចកម្ពុជា មានកំណើនគួរជាទីមោទនៈ ធ្វើអោយកម្រិតជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរឡើងជាលំដាប់ និងបានធ្វើឱ្យអត្រាកំណើនប្រជាសាស្ត្រប្រចាំឆ្នាំ មានលំនឹងក្នុងរង្វង់ពី ១% ទៅ ១,៥% ។ គិតត្រឹមចុងឆ្នាំ២០១៨កន្លងទៅ ចំនួនប្រជាជនកម្ពុជា បានកើនឡើងដល់ជាង ១៦លាននាក់ ។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា តាមរយៈការវាយតម្លៃសារជាថ្មី កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៨ កន្លងទៅនេះ មានរហូតដល់៧,៥% ហើយអត្រាភាពក្រីក្រត្រូវបានកាត់បន្ថយក្នុងរង្វង់១០% ។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ពេលនេះកម្ពុជា បានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយរបស់ពិភពលោក ហើយរាជរដ្ឋាភិបាល បានចាត់ទុក ទេសចរណ៍ គឺជាមាសបៃតង ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងឆ្នាំ២០១៨កន្លងទៅ កម្ពុជា ទទួលបានទេសចរអន្តរជាតិសរុប ចំនួន ៦,២ លាននាក់ កើនឡើង ១១,៥% មកពី ១១០ប្រទេស ជុំវិញពិភពលោក ។ដោយឡែក នៅ ឆ្នាំ២០១៩ កម្ពុជារំពឹងថា នឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៨ លាននាក់ ហើយរំពឹងថា នៅឆ្នាំ២០២០ ការមកដល់ភ្ញៀវទេសចរអន្តរជាតិអាចកើនឡើងដល់ ៧,៥ លាននាក់ និង១៥លាននាក់ នៅឆ្នាំ២០៣០ ។
សម្តេច តេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាទីក្រុងទេសចរណ៍ប្រកបដោយភាពវ័យឆ្លាត យើងទាំងអស់គ្នាចាំបាច់ ត្រូវរួមគ្នាអភិវឌ្ឍទីក្រុងឱ្យកាន់តែមានចីរភាព ស័ក្តិសមនឹងពាក្យស្លោក ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
បើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពេញមួយឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.២លាននាក់ កើនឡើងជិត១១% និង បាននាំប្រាក់ចំណូលប្រមាណ ៤,៣៥៦លានដុល្លារអាមេរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍