Connect with us

ជប៉ុន ផ្តល់ហិរញ្ញប្បទាន ប្រមាណជាង ៤៥ លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងពីរ នៅកម្ពុជា

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងធំៗ ចំនួន ២ នៅកម្ពុជា ក្នុងទឹកប្រាក់សរុបចំនួន ៤ ៩៣៩ លានយ៉េន ត្រូវជាប្រមាណ ៤៥,៣០ លានដុល្លារអាមេរិក ។
នៅរសៀលថ្ងៃទី ២៦ ខែកុម្ភៈនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Yuichi SUGANO ប្រធាន JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ គម្រោងចំនួន ២ នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានអោយដឹងថា ហិរញ្ញប្បទានឥតសំណងចំនួន ១ ៣៤០ លានយ៉េនជប៉ុន (ប្រមាណ ១១,៨ លានដុល្លារ អាមេរិក) នឹងត្រូវប្រើសម្រាប់គម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអគ្គិសនី នៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ ។ គម្រោងនេះ មានទិសដៅធ្វើបច្ចុប្បភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យឌីជីថល Digital ទៅលើការស្នើសុំ និងការផ្តល់ព័ត៌មានជាដើម ទៅកាន់អ្នកគ្រប់គ្រងកំពង់ផែ ដែលគ្រោងនឹងរៀបចំសម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តរាជធានីភ្នំពេញ។

តាមរយៈ វិសាលភាពនេះ នីតិវិធីសម្រាប់ការចេញ-ចូលកំពង់ផែរបស់នាវា នឹងប្តូរមកប្រើប្រាស់តាមទិន្នន័យ ឌីជីថល (Digital) ហើយការបង្កើនប្រសិទ្ធិភាព នៃប្រព័ន្ធ Logistic និងទំនើបកម្មនៃរដ្ឋបាលកំពង់ផែ នឹងត្រូវបានអនុវត្ត ។
ដោយឡែក ឥណទានសម្បទានចំនួន ៣ ៥៩៩ លានយ៉េនជប៉ុន (ប្រមាណ ៣៣,៥ លានដុល្លារ អាមេរិក) នឹងត្រូវប្រើសម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកខាងលិចទន្លេសាប (ជំហានទី ២) ។ គម្រោងនេះ មានទិសដៅសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ ដែលនឹងអាចស្រោចស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណ ១២ ៧៦០ ហិកតា ។
តាមរយៈគម្រោងនេះ នឹងរៀបចំបង្កើត និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រងកសិកម្មនៅតាមតំបន់ជនបទ ចំនួន៦អនុគម្រោង នៃខេត្តចំនួន៣ នៅភាគខាងលិចបឹងទន្លេសាប រួមមាន អនុគម្រោង លំហាច (ខេត្តកំពង់ឆ្នាំ), អនុគម្រោងដំណាក់អំពិល, អនុគម្រោងវត្តល្លូង និងអនុគម្រោងវត្តជ្រៃ (ខេត្តពោធិ៍សាត់), អនុគម្រោងរៀមគុន និងអនុគម្រោងប្រឡាយពោធិ៍ (ខេត្តបាត់ដំបង) ជាដើម។
គម្រោងនេះ នឹងរួមចំណែកផងដែរ ក្នុងការបង្កើនផលិតកម្មកសិកម្មយ៉ាងខ្លាំង ក្នុងតំបន់គោលដៅ និង បង្កើតតំបន់ទេសចរណ៍ធម្មជាតិ ដែលជាកត្តាជួយធ្វើឲ្យប្រសើរឡើងនូវស្ថានភាពរស់នៅតាមជនបទកាន់តែខ្លាំង។

លោក ឧបនាយករដ្ឋមន្ដ្រី បានថ្លែងថា ការផ្តល់ហិរញ្ញប្បទានដល់គម្រោងទាំងពីរនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលស្របទៅនឹងមុំទី១ នៃចតុកោណទី២ និង វិស័យធារាសាស្រ្ត/កសិកម្ម ដែលស្របទៅនឹងមុំទី១ នៃចតុកោណទី៤ មានចែងក្នុងឯកសារយុទ្ធសាស្រ្តចតុកោណ ដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា កិច្ចព្រមព្រៀងហិរញ្ញប្បទាន ទាំងពីរ ដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ គឺជាឯកសារគតិយុត្តមួយទៀត បន្ទាប់ពីលិខិតប្តូរសារ ដែលទើបត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឲ្យឈានទៅដល់ ការអនុវត្តនីតិវិធីបន្តបន្ទាប់ទៀត សម្រាប់ការអនុវត្តគម្រោងជាក់ស្តែង។

សូមបញ្ជាក់ថា រាប់ទាំងកិច្ចព្រមព្រៀងទាំងពីរនេះ ក្នុងឆ្នាំសារពើពន្ធជប៉ុន២០១៨ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខា លើឯកសារសី្តពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ជាមួយរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ១៤ ៤៩៧ លានយ៉េន (ប្រមាណជា ១៣២,២៧ លានដុល្លារអាមេរិក) ក្នុងនោះ ជំនួយឥតសំណងប្រមាណ ១៤,៩១ លានដុល្លារអាមេរិក និង ឥណទានសម្បទានប្រមាណ ១១៧,៣៦ លានដុល្លារអាមេរិក ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម