ឆ្នាំ ២០១៨ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ប្រមាណ ២.៥០០ លានដុល្លារអាមេរិក
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៨ ចំណូលសរុបមានប្រមាណជាង ១០ ទ្រីលានរៀល (ប្រមាណ ២.៥០០ លានដុល្លារអាមេរិក) កើនឡើងជាង ៣២% ធៀបនឹង ឆ្នាំ២០១៧ ។ របាយការណ៍នេះ ត្រូវបានបង្ហាញនៅថ្ងៃទី ២៧ ខែកុម្ភៈនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារគយនិងរដ្ឋាករប្រចាំឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
លោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា លទ្ធផលចំណូលនេះ ត្រូវប្រមាណជា ១២១,៤% នៃផែនការឆ្នាំ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៨ ។
បើប្រៀបធៀបនឹងឆ្នាំ២០១៧ លទ្ធផលចំណូលតាមប្រភេទពន្ធ និងអាករសំខាន់ៗ ដែលប្រមូលដោយគយ មានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះ ពន្ធគយ (ពន្ធនាំចូល)មានកំណើនជាង ១៨%, អាករពិសេសកើន ៤២,៤% និងអាករលើតម្លៃបន្ថែម (VAT)កើន៣០,៧%។
គួរបញ្ជាក់ថា ប្រភពចំណូលពន្ធ និងអាករសំខាន់ៗមាន ៖ ១.យានយន្តនិងគ្រឿងចក្របានដើរតួនាទីប្រមាណជិត៤៦%នៃចំណូលសរុប, ២.ប្រេងឥន្ធនៈនិងថាមពលប្រមាណ ២០%នៃចំណូលសរុប និង ៣.ទំនិញចម្រុះនិងគ្រឿងសំណង់មានសមាមាត្រប្រមាណជាង ៣៤%នៃចំណូលសរុប ។
ក្នុងឱកាសនេះ លោក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់មន្ត្រីគយ និងរដ្ឋាករគ្រប់រូប ។ ទន្ទឹមនេះ លោក អគ្គបណ្ឌិតសភាចារ្យ ក៏បានទទួលស្គាល់នូវបញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយនិងរដ្ឋាករត្រូវខិតខំបន្ថែមទៀត សម្រាប់ការងារនាពេលខាងមុខ ជាពិសេសក្នុងបរិបទនៃកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចរបស់រាជរដ្ឋាភិបាលចាប់ពីដើមឆ្នាំ ២០១៩ នេះតទៅ។
ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំសម្រាប់អនុវត្តនាឆ្នាំ២០១៩ ដោយសង្កត់ធ្ងន់លើការងារចំនួន ០៩ ចំណុចរួមមាន៖ ១.ត្រូវបន្តពង្រឹងនូវអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីគយនិងរដ្ឋាករ និងត្រូវប្រកាន់ខ្ជាប់អភិក្រម ៥ ប្រការរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់, ២.ជំរុញលើកកម្ពស់អនុលោមភាពវិស័យឯកជនតាមរយៈអនុវត្តឲ្យបានហ្មត់ចត់នូវក្រមសីលធម៌ជើងសាគយ, និងលើកទឹកចិត្តដល់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ ប៉ុន្តែដាក់ទណ្ឌកម្មចំពោះក្រុមហ៊ុនដែលរំលោភបំពានច្បាប់, ៣.ត្រូវផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀត ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាកាត់បន្ថយនិងធ្វើសាមញ្ញកម្មនីតិវិធីគយ តាមរយៈការធ្វើវិមជ្ឈការ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា, ៤.ត្រូវបន្តពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជន ដោយត្រូវស្ដាប់កង្វល់និងបញ្ហាប្រឈម និងប្រឹងប្រែងរកដំណោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, ៥.លើកកម្ពស់វប្បធម៌អនុលោមភាព និងវប្បធម៌សារពើពន្ធ តាមរយៈការជំរុញឲ្យមានអនុលោមភាពដោយស្ម័គ្រចិត្ត ទន្ទឹមគ្នានឹងការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធគ្រប់ប្រភេទនៅគ្រប់ភូមិសាស្រ្តនៃដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានជាប្រចាំដូចភ្លៀងរលឹម, ៦.ត្រូវបន្តពង្រឹងការងារបច្ចេកទេសគយ, ការងារគោលនយោបាយពន្ធអាករគយនិងបន្តធ្វើវិចារណកម្មតារាងពន្ធគយកម្ពុជា, ការវាយតម្លៃផលប៉ះពាល់លើចំណូល, ការកែលម្អសេវាដោយរួសរាយរាក់ទាក់ ប៉ុន្តែហ្មឺងម៉ាត់ដាច់ខាតក្នុងការអនុវត្តច្បាប់, ៧.ត្រូវជំរុញបញ្ចប់សេចក្តីព្រាងយុទ្ធសាស្ត្រជំរុញការអនុវត្តច្បាប់ និងយុទ្ធសាស្ត្របច្ចេកវិទ្យាព័ត៌មាន ដែលឯកសារទាំង២នេះមានសារៈសំខាន់ និងជាផ្នែកមិនអាចខ្វះបាននៃកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលគយ, ៨. ត្រូវពិនិត្យនិងកែសម្រួលឡើងវិញនូវអនុក្រឹត្យស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការគ្រប់គ្រងហានិភ័យ និងអនុក្រឹត្យស្ដីពីទំនិញហាមឃាត់ និងជាប់កម្រិតកំណត់ និងត្រូវចាត់វិធានការ សំដៅពង្រឹងតួនាទីនិងភារកិច្ចទទួលខុសត្រូវ ក្នុងបរិបទនៃការធ្វើកំណែទម្រង់ស្ថាប័ននិង ៩. ត្រូវអនុវត្តប្រកាសស្ដីពីកម្រៃសេវាផ្សេងៗរបស់គយ និង ការកាត់បន្ថយកម្រៃស្កែន ៥០% ចាប់ពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០១៩នេះតទៅ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍