Connect with us

កម្ពស់ទឹកនៅតាមដងទន្លេ ក្នុងប្រទេសកម្ពុជា នឹងបន្តហក់ឡើងក្នុងរយៈពេល ៣ថ្ងៃ

ភ្នំពេញ ៖ កម្ពស់ទឹកនៅតាមដងទន្លេ ក្នុងប្រទេសកម្ពុជា នឹងបន្តហក់ឡើងក្នុងរយៈពេល ៣ថ្ងៃខាងមុខទៀត នេះបើយោងតាមការព្យាករណ៍ទុកពីសំណាក់ក្រសួងធនធានទឹក និងឧតុនិយម ដែល បានចេញនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ។

យោងតាមការព្យាករណ៍របស់ក្រសួង នៅតាមស្ថានីយ៍ជលសាស្រ្តទាំង៧ បានបង្ហាញថា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ នៅទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់ទឹកនឹងហក់ឡើងពី ៩,៤៦ម៉ែត្រ ដល់ ៩,៦៨ ម៉ែត្រ ទន្លេងមេគង្គ-ក្រចេះ កម្ពស់ទឹក នឹងហក់ឡើងពី ១៩,៧៥ម៉ែត្រ ដល់ ២០,១៩ ម៉ែត្រ ទន្លេមេគង្គ-កំពង់ចាម កម្ពស់ទឹកនឹងហក់ឡើងពី ១៣,០៩ម៉ែត្រ ដល់ ១៣,៤២ ម៉ែត្រ ទន្លេមេគង្គ-ចតុមុខ កម្ពស់ទឹក នឹងហក់ឡើងពី ៧,៧៣ម៉ែត្រ ដល់ ៧,៩២ ម៉ែត្រ ទន្លេមេគង្គ-អ្នកលឿង កម្ពស់ ទឹកនឹងហក់ឡើងពី ៥,៥០ម៉ែត្រ ដល់ ៥,៦៨ ម៉ែត្រ ទន្លេបាសាក់-កោះខែល កម្ពស់ទឹកនឹងហក់ឡើងពី ៦,៦៥ម៉ែត្រ ដល់ ៦,៨២ ម៉ែត្រ និង ទន្លេសាប-ព្រែកក្តាម ៦,២៦ម៉ែត្រ ដល់ ៦,៤៥ ម៉ែត្រ។

ដោយឡែក សម្រាប់នៅខេត្តរតនៈគីរី ឯណោះវិញ គិតត្រឹម ព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១,៣៤ ម ។ ទឹក នៅផ្នែកខាងក្រោម នឹងបន្តកើនឡើងបន្ថែមទៀត តែនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ នេះ បើយោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក ។

ក្រសួងធនធានទឹក អំពាវនាវអោយប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេទូទាំងប្រទេស បន្តប្រុងប្រយ័ត្នខ្ពស់ ខណៈដែលកម្ពស់ទឹកទន្លេ នឹងបន្តហក់ឡើងក្នុងរយៈពេល ៣ថ្ងៃខាងមុខនេះ ស្របពេលជាមួយគ្នានេះ ភ្លៀងក៏នៅតែបន្តធ្លាក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ៕

    Loading...

    ពេញនិយម