រដ្ឋមន្រ្តីការងារ ចង់បង្កើតមជ្ឈមណ្ឌលការងារចល័តបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱកាសការងារ កាន់តែទូលំទូលាយ
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើដល់ដៃគូអភិវឌ្ឍន៍ ជួយគាំទ្រក្នុងការបង្កើតមជ្ឈមណ្ឌលការងារចល័ត (Mobile Job Center) បន្ថែមទៀត ដើម្បីជំរុញការទទួលបានព័ត៌មានពីការងារ ឲ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ។
ការស្នើនេះ បានធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលការងារចល័តទី១ ត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមការជួយគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) សម្រាប់នាំយកសេវាការងារ និងព័ត៌មានឱកាសការងារ ទៅកាន់ពលរដ្ឋដែលស្វែងរកការងារ ជាពិសេស នៅតំបន់ជនបទ និងខេត្តឆ្ងាយៗ ដែលមិនទាន់មានមជ្ឈមណ្ឌលការងារ ។
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើដល់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងអង្គការ (SPES) ឲ្យបន្តជួយក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវមជ្ឈមណ្ឌលការងារចល័ត ដើម្បីពង្រីកវិសាលភាពនៅទូទាំងប្រទេស សំដៅបង្រួញគម្លាតនៃការខកខានមិនទទួលបានឱកាសការងារ ។
លោករដ្ឋមន្ត្រី បានថ្លែងថា តាមរយៈមជ្ឈមណ្ឌលការងារចល័តនេះ នឹងអាចផ្ដល់សេវាចុះឈ្មោះដល់អ្នកដែលចង់ស្វែងរកការងារនៅនឹងកន្លែង ។ ក្រៅពីនេះ ក៏អាចផ្ដល់សេវាស្វែងរកការងារ និងបណ្ណាល័យការងារ សេវាប្រឹក្សាយោបល់អំពីអាជីព និងការងារ និងព័ត៌មានទីផ្សារការងារ នៅកម្ពុជា ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលការងារចល័ត មុនដំបូងគេនៅកម្ពុជានេះ ត្រូវបានរៀបចំបំពាក់តាមរថយន្តមីនីវែន (Mini Van) ដែលនឹងត្រូវធ្វើដំណើរទៅគ្រប់បណ្តាខេត្ត និងតំបន់ដាច់ស្រយាលដើម្បីផ្តល់ព័ត៌មានស្ដីពីការងារដល់អ្នកស្វែងរកការងារធ្វើ ។
មជ្ឈមណ្ឌលការងារចល័តនេះ មានមុខងារផ្តល់សេវាដូចមជ្ឈមណ្ឌលការងារធម្មតាដែរ ប៉ុន្តែចំណុចពិសេស គឺទៅជិតពលរដ្ឋ ដើម្បីផ្ដល់ព័ត៌មានការងារ ទាក់ទងនឹងការចុះឈ្មោះរកការងារតាមប្រព័ន្ធអ៊ីនធឺណិត និងទម្រង់ក្រដាស ការទទួលប្រឹក្សាយោបល់ការងារ និងបណ្ណាល័យការងារជាដើម ។
បើតាមរបាយការណ៍ក្រសួងការងារ បានអោយដឹងថា ចាប់ពីអនុវត្តគម្រោងជាមួយ SIDA ក្នុងឆ្នាំ ២០១៣ រហូតមកទល់ពេលនេះ មានអ្នកចុះឈ្មោះស្វែងរកការងារសរុបប្រមាណ ៩ ម៉ឺននាក់ ដែលក្នុងនោះ អ្នកទទួលបានការងារធ្វើប្រមាណ ២ ម៉ឺននាក់, សិស្ស និស្សិត និងអ្នកស្វែងរកការងារទទួលការប្រឹក្សាអាជីពប្រមាណ ១៤ ម៉ឺននាក់ និងយុវជនទទួលបានកម្មសិក្សាមានចំនួន ៧៤៩ នាក់ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍