ប៉ាគីស្ថាន នឹងដោះលែងអ្នកបើកបរយន្តហោះឥណ្ឌា ដើម្បីបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ
ប៉ាគីស្ថាន ៖ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានអះអាងថា នឹងធ្វើការដោះលែងអ្នកបើកបរយន្តហោះឥណ្ឌា ឲ្យត្រលប់ទៅវិញ នៅថ្ងៃសុក្រនេះ ដែលជាសញ្ញាបង្ហាញពីសន្តិភាព ។
បើយោងតាម BBC លោក Imran Khan នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានបង្ហាញពីការសម្រេចចិត្តនេះ នៅក្នុងរដ្ឋសភា ដោយនិយាយថា ប៉ាគីស្ថាន កំពុងតែផ្តោតលើការបន្ថយភាពតានតឹងជាមួយឥណ្ឌា។
ទាក់ទងនឹងការសម្រេចចិត្តពីភាគីប៉ាគីស្ថាននេះ ក្រសួងការពារជាតិ ឥណ្ឌា បានសម្តែងការស្វាគមន៍ និងចាត់ទុកជាការចាប់ផ្តើមដ៏ល្អមួយ ។
គួររំលឹកថា ការប៉ះទង្គិចគ្នាដោយយោធារវាងប៉ាគីស្ថាន និង ឥណ្ឌា បានបង្ខំឲ្យក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោកជាច្រើន ត្រូវបង្វែរទិសដៅ ឬ លុបចោលជើងហោះហើរ ដោយសារផ្លូវអាកាសមួយ ក្នុងចំណោមផ្លូវអាកាសសំខាន់ៗរវាងតំបន់អាស៊ីប៉ាស៊ីហ្វិក និង អឺរ៉ុប ត្រូវបានបិទដោយប៉ាគីស្ថាន ។
ជើងហោះហើរមួយរបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបុរី ទៅកាន់ក្រុងឡុងដ៍ ត្រូវបានបង្វែរទិសដៅទៅកាន់ក្រុងឌូបៃវិញ ខណៈជើងហោះហើរ ទៅកាន់ក្រុងហ្វ្រែងឃ្វើដ ក៏ត្រូវបានឈប់នៅក្នុងទីក្រុងម៉ុមបៃ ដើម្បីចាក់ប្រេងដែរ ខណៈសេវាទាំងទៅទាំងមក ត្រូវបានលុបចោល។ ក្រៅពីនេះ នៅមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្សេងទៀត ក៏បានលុបចោលជើងហោះហើររបស់ខ្លួន ជាបន្តបន្ទាប់ ។
ការប៉ះទង្គិចគ្នាដោយយោធា រវាងប្រទេសដែលមានអាវុធនុយក្លេអ៊ែរប៉ាគីស្ថាន និង ឥណ្ឌា បានបង្កអោយមានក្តីព្រួយបារម្ភ បន្ទាប់ពីប្រទេសទាំង ២ បានអះអាងពីការបាញ់ទម្លាក់យន្ដហោះចម្បាំងរៀងៗ ខ្លួនកាលពីថ្ងៃពុធ ។ ប៉ាគីស្ថាន បានទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្ដហោះចម្បាំងឥណ្ឌា ០២គ្រឿង និង ចាប់ខ្លួនអ្នកបើកបរម្នាក់ រីឯឥណ្ឌា ក៏បានអះអាងថា បានបាញ់ទម្លាក់យន្ដហោះចម្បាំងប៉ាគីស្ថានមួយគ្រឿងវិញ នៅតំបន់កាស្មៀរ។
ការប៉ះទង្គិចនេះ បានឡើងដោយសារតែការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់កងកម្លាំងឥណ្ឌា ៤២នាក់ ក្នុងតំបន់ជម្លោះដែនដីកាស្មៀរ ហើយឥណ្ឌា បានចោទប្រកាន់ប៉ាគីស្ថាន ថា ជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad ដែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
ក្រឡេកមកមើល កម្លាំងយោធារបស់ប្រទេសទាំងពីរវិញ យោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ បានអោយដឹងថា កាលពីឆ្នាំ២០១៨ ឥណ្ឌាបានអនុម័តកញ្ចប់ថវិកា ៥៨ពាន់លានដុល្លារ ឬស្មើនឹង ២.១ភាគរយនៃ GDP របស់ខ្លួន ដើម្បីផ្ដល់ការគំាទ្រដល់កងកម្លាំងទ័ពសរុបជាង ១.៤លាននាក់។ ដោយឡែក ប៉ាគីស្ថាន កាលពីឆ្នាំ២០១៨ បានអនុម័តកញ្ចប់ថវិកាយោធាត្រឹមតែ ១១ពាន់លានដុល្លារតែប៉ុណ្ណោះ ឬ ស្មើនឹង ៣.៦ភាគរយនៃ GDP សម្រាប់គាំទ្រដល់កងកម្លាំងទ័ព ៦៥៣,៨០០នាក់។
ដោយឡែក បើនិយាយពីសព្វាវុធវិញ ឥណ្ឌា និងប៉ាគីស្ថានសុទ្ធតែមាន មីស៊ីលបាលិស្ទីគបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ក្នុងនោះ ឥណ្ឌា មានមីស៊ីល ០៩ប្រភេទ រួមមានទំាង មីស៊ីល Agni-3 ដែលអាចបាញ់បានក្នុងចំងាយពី ៣,០០០គីឡូម៉ែត្រ ដល់៥,០០០គីឡូម៉ែត្រ ។ ចំណែកឯកម្មវិធីមីស៊ីលរបស់ប៉ាគីស្ថានវិញ គឺទទួលបានជំនួយផលិតពីចិន ក្នុងនោះ រួមមានមីស៊ីលរយៈចំងាយខ្លី និងមធ្យម ដែលអាចបាញ់ដល់ផ្នែកខ្លះនៃទឹកដីឥណ្ឌា។ សម្រាប់មីស៊ីល Shaheen 2 របស់ប៉ាគីស្ថាន គឺអាចបាញ់បានចំងាយ ២,០០០គីឡូម៉ែត្រ ។ ឥណ្ឌាមានក្បាលគ្រាប់នុយក្លេអ៊ែរពី ១៣០-១៤០គ្រាប់ តែប៉ាគីស្ថានវិញមានពី ១៤០-១៥០គ្រាប់ ។
បើនិយាយពីចំនួនកងទ័ព ឥណ្ឌា មានកងទ័ពជើងគោក ១លាន ២សែននាក់, កងទ័ពអាកាសជាង ១២ម៉ឺននាក់ ជាមួយយន្តហោះចម្បាំងជាង ៨០០គ្រឿង និងមានកងទ័ពជើងទឹកជាង ៦ម៉ឺននាក់ ដែលមាននាវាផ្ទុកយន្ដហោះចម្បាំង ០១គ្រឿង, នាវាមុជទឹក ១៦គ្រឿង, នាវាពិឃាត ១៤គ្រឿង ។
ដោយឡែក ប៉ាគីស្ថាន មានកងទ័ពតែ ៥៦ម៉ឺននាក់ យន្តហោះចម្បាំង ជាង ៤០០គ្រឿង និងមាននាវាចម្បាំងធម្មតា ០៩គ្រឿង និង នាវាមុជទឹក ០៨គ្រឿងប៉ុណ្ណោះ ។ រហូតមកទល់ពេលនេះ សហគមន៍អន្តរជាតិ បានកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើ ភាពតានតឹងរវាងប្រទេសនុយក្លេអ៊ែរទាំងពីរនេះ ព្រោះថា ចង់មិនចង់ អាចនឹងមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់សន្តិភាព និង ស្ថេរភាពក្នុងតំបន់ ៕

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍