ក្រុមការងារ នឹងចាប់ផ្តើមចុះរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ភ្នំពេញ ៖ ក្រុមការងារ នឹងចាប់ផ្តើមចុះរៀបចំទីតាំងគម្រោងសាងសង់ និងចុះកំណត់និយាមកាទីតាំង គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដោយធ្វើការបោះបង្គោលព្រំ កំណត់តំបន់លំនៅឋាន និងកម្ពស់អគារ ព្រមទាំង រៀបចំប្លង់លម្អិតនគរូបនីយកម្ម និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ។
ការចុះរៀបចំនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំ នៅថ្ងៃម្សិលមិញនេះ ដោយលោក ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ។
យោងតាមសេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំ បានប្រគល់ភារកិច្ចជូនលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រៀបចំកិច្ចព្រមព្រៀង ដាក់ពិគ្រោះយោបល់ជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ និងសុំការសម្រេចពីរាជរដ្ឋាភិបាល ដើម្បីចុះហត្ថលេខាជាមួយក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក និងសិក្សាកំណត់តំបន់សុវត្ថិភាពនៃការហោះហើរ។ ជាមួយនេះ ត្រូវអនុវត្តឱ្យមានការឯកភាពគ្នានូវប្រព័ន្ធនិយាមកា Datum WGS 84 ក្នុងការវាស់វែង គូសទីតាំងក្បាលដីក្នុងផែនទីតែមួយ ។
កិច្ចប្រជុំ ក៏បានប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ កំណត់អត្តសញ្ញាណប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឱ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ។ ជំហានបន្ទាប់ តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្នការធ្វើចរន្តការដីស្ថិតក្នុងទីតាំង ដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង ។
កិច្ចប្រជុំ ស្នើស្ថាប័នពាក់ព័ន្ធ គិតគូរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាអាទី ការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ អង់តែនទូរសព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងទៀត ចៀសវាងរៀបចំតាមក្រោយដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេស ប្រព័ន្ធការពារ និងរំដោះទឹកជំនន់។
ជាមួយគ្នានេះ កិច្ចប្រជុំ ជំរុញឲ្យក្រុមហ៊ុនបង្កើតទីស្នាក់ការបណ្តោះអាសន្នសម្រាប់ធ្វើការនៅលើទីតាំង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋានដែលមានកាយសម្បទា និងលក្ខណសម្បត្តិ តាមចំនួនសមស្រប មកបម្រើការងារចាំបាច់ក្នុង ការអនុវត្តគម្រោង។ ជំហានបន្ទាប់ អាចជ្រើសរើសបុគ្គលិកបន្ថែម តាមតម្រូវការជាក់ស្តែង និង បានលើកទឹកចិត្តប្រើប្រាស់ធនធានមនុស្សក្នុងស្រុកទាំងអ្នកជំនាញ និងអ្នកគ្មានជំនាញឱ្យអស់លទ្ធភាព ក្នុងការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចក្នុងការបង្កើតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបាន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ ។
កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលដឹកនាំដោយ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ គម្រោងនេះ វិនិយោគដោយក្រុមហ៊ុន OCIC និងក្រុមហ៊ុនចិន លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយតំបន់មួយចំនួនក្នុងស្រុកបាទី ខេត្តតាកែវ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍