Connect with us

ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​សម្លឹង​មើល​ថវិកា​ ​៥០លាន​ដុល្លារ​បន្ថែម​ទៀត​ ​ដើម្បី​ផ្តល់​កម្ចី​ដល់​ម្ចាស់​ ​រោងម៉ាស៊ីន​កិនស្រូវ​ឯកជន​

ភ្នំពេញ​ ​៖​ ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​បាន​អះអាង​ថា​ ​នឹង​ស្នើសុំ​ថវិកា​ ​៥០លាន​ដុល្លារ​ ​អាមេរិក​បន្ថែម​ទៀត​ ​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ហិរញ្ញវត្ថុ​ ​នៅ​ ​ក្នុង​រដូវ​ប្រមូល​ផល​ស្រូវ​ ​ឆ្នាំ២០១៩នេះ​ ​។​ ​


​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ ​លោក​ ​កៅ​ ​ថាច​ ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​បាន​អោយ​ដឹង​ថា​ ​កាលពី​ឆ្នាំមុន​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​បាន​បញ្ចេញ​កម្ចី​ ​៥០​ ​លាន​ដុល្លារ​ដល់​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ឯកជន​ ​ដែល​ជាគោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​ធ្វើឲ្យ​មាន​ស្ថិរភាព​ទីផ្សារ​សម្រាប់​កសិករ​ ​។​ ​កម្ចី​ទាំងនោះ​ ​ត្រូវ​បាន​ផ្តល់​ឲ្យ​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ ​និង​ ​ត្រូវ​បាន​ប្រើប្រាស់​ទាំងអស់​ ​សម្រាប់​វិស័យ​ស្រូវ​អង្ករ​ ​។​ ​
​លោក​ ​កៅ​ ​ថាច​ ​បាន​បញ្ជាក់​ថា​ ​បើ​ទោះបីជា​តំបន់​មួយចំនួន​ប្រឈម​នឹង​ភាពរាំងស្ងួត​ក៏ដោយ​ ​ប៉ុន្តែ​តម្រូវការ​កម្ចី​នៅតែ​ខ្ពស់​ ​ខណៈ​តំបន់​ផ្សេងទៀត​នៅតែ​មាន​សក្ដានុពល​នៃ​ការផលិត​ស្រូវ​ ​។​
​ទោះ​យ៉ាងណា​ ​បើ​តាម​អ្នកជំនាញ​ផ្នែក​ស្រូវ​-​អង្ករ​ ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ផ្អែកលើ​តួលេខ​ពិតប្រាកដ​ ​កម្ចី​ដែល​បាន​ផ្ដល់​ដោយ​រាជរដ្ឋាភិបាល​ ​គឺ​ស្មើ​ប្រហែល​ ​១០​ ​ភាគរយ​នៃ​ឧស្សាហកម្ម​ស្រូវ​-​អង្ករ​ប៉ុណ្ណោះ​ ​។​ ​ឧស្សាហកម្ម​នេះ​ទាំងមូល​ ​បាន​ចំណាយ​ ​៤០០លាន​ដុល្លារ​ក្នុង​ ​១​ ​ឆ្នាំ​ ​ដើម្បី​ទិញ​ស្រូវ​ ​១,៥​ ​លាន​តោន​ ​ដើម្បី​សម្រេច​បាន​ ​ការនាំចេញ​អង្ករ​ប្រហែល​ ​៦០០​ ​០០០​ ​តោន​ ​រហូតមកដល់​ពេលនេះ​ ​។​


​គួរ​រំលឹក​ថា​ ​កាលពី​ខែកញ្ញា​ ​ឆ្នាំ​ ​២០១៦​ ​រាជរដ្ឋាភិបាល​បាន​ផ្តល់​កញ្ចប់​ថវិកា​ ​២៧​ ​លាន​ដុល្លារ​ទៅដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ ​ដើម្បី​បញ្ចេញ​កម្ចី​ ​ដល់​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​ ​ដែល​អាច​ឲ្យ​ពួកគេ​ទិញ​ស្រូវ​ពី​កសិករ​ ​។​ ​ជាមួយគ្នា​នេះ​ ​ទឹកប្រាក់​ ​២៣​ ​លាន​ដុល្លារ​ទៀត​ ​ក៏​ត្រូវ​បាន​ដាក់​បន្ថែម​ ​ដោយ​រាជរដ្ឋាភិបាល​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៨​ ​ដែល​ធ្វើឲ្យ​ចំនួន​ ​សរុប​កើន​ដល់​ ​៥០​ ​លាន​ដុល្លារ​ ​សំដៅ​គាំទ្រ​ឧស្សាហកម្ម​ស្រូវ​-​អង្ករ​ ​ដែល​ជួប​ការពិបាក​នេះ​ ​៕​

    Loading...

    ពេញនិយម